សេដ្ឋកិច្ច
ធនាគារជាតិព្យាករណ៍ថា ២០២៣ កម្ពុជា នឹងមានអតិផរណាក្នុងរង្វង់ ២% ធ្លាក់ចុះជាងឆ្នាំមុន
ធនាគារជាតិ នៃកម្ពុជា បានធ្វើការព្យាករណ៍ថា នៅឆ្នាំ ២០២៣ នេះ អតិផរណារបស់កម្ពុជា ស្ថិតក្នុងរង្វង់ ២ ភាគរយ ខណៈឆ្នាំ ២០២២ កន្លងទៅ ឡើងដល់ ៥,៤ ភាគរយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ គួបផ្សំនឹងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាដុល្លាររូបនីយកម្ម ដែលនាំដល់ការឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/DSC_8093-1024x682.jpg)
ការបង្ហាញការព្យាករណ៍នេះបានធ្វើនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ ឆ្នាំ ២០២២ នៅថ្ងៃទី ៦ ខែកក្កដា នេះ ក្រោមអធិបតីភាព លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/DSC_7996-1024x686.jpg)
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២%។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/DSC_8259-1024x665.jpg)
ហានិភ័យសក្ដានុពលចម្បងៗ មានប្រភពពីកត្តាខាងក្រៅដោយសារការបើកចំហសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ។ ហានិភ័យទាំងនេះមានដូចជា ការអូសបន្លាយ នៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹង នៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុក នៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា។ បញ្ហាអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងការកើនឡើងអត្រាការប្រាក់ឥណទាន បណ្ដាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ នាំឲ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុនក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2021-05-25_08-22-36-21-1024x576.jpg)
ទន្ទឹមនឹងហានិភ័យខាងក្រៅ ហានិភ័យសក្ដានុពលខាងក្នុង ក៏ត្រូវយកចិត្តទុកដាក់ និងតាមដានផងដែរ ក្នុងនោះអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ ក្នុងរយៈពេលប្រមាណ ១ ទសវត្សរ៍ មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឲ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។ ស្ថានភាពនេះ ទាមទារឲ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្ដល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត។
ជាមួយគ្នានេះដែរ សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការប្រឈមនឹងភាពមិនប្រាកដប្រជានេះ ធនាគារជាតិ នៃកម្ពុជា បាននិងកំពុងអនុវត្តវិធានការចាកចេញពីវិបត្តិ ដោយការពង្រឹងក្របខណ្ឌបទបញ្ញត្តិឡើងវិញ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីពង្រឹងភាពធនរបស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាព ដូចជា សហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាល នៃងើបឡើងរបស់សេដ្ឋកិច្ច។ ទន្ទឹមនេះ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាការងារអន្តរវិស័យ ទាមទារឲ្យមានកិច្ចសហការ និងសម្របសម្រួលទាំងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដោយសារប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធ ទាំងក្នុងចំណោមវិស័យហិរញ្ញវត្ថុ និងជាមួយវិស័យសេដ្ឋកិច្ចរូបវន្ត៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង