សេដ្ឋកិច្ច
លោក ជា ចាន់តូ៖ ប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាបានភាពធន់ និងរឹងមាំ
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានអះអាងថា ទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសាកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត និងមានការដួលរលំធនាគារអាមេរិកមួយចំនួននៅដើមឆ្នាំ២០២៣ ដែលបានបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិក៏ដោយ ក៏ប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាបានភាពធន់ និងរឹងមាំ។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣០ កក្កដា លោក ជា ចាន់តូ បានបន្តថា ប្រព័ន្ធធនាគារកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាព នៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ជាក់ស្តែង បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសាកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន ៣ បានដួលរលំកាលពីដើមឆ្នាំ២០២៣ ដែលបានបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់ និងរឹងមាំ។

លោកទេសាភិបាល បានបន្តទៀតថា ជាមួយគ្នានេះដែរ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ធនាគារជាតិ នៃកម្ពុជា បានបន្តរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់ ជួយជ្រោងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យនានា ឱ្យប្រព្រឹត្តទៅដោយរលូន។

លោកទេសាភិបាលបានបន្ថែមថា ជុំវិញរូបិយវត្ថុការរក្សាស្ថិរភាពថ្លៃនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ធនាគារជាតិ នៃកម្ពុជា ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់។ ជាក់ស្តែងសន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារ និងស្រូបយកមកវិញ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួល នៃតម្រូវការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទានក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរប្រាក់។
ទន្ទឹមនឹងនេះ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀលត្រូវបានរក្សា ឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤.០៩៤ រៀលក្នុង ១ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុនដែរសំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកទេសាភិបាល បានបញ្ជាក់ទៀតថា ដោយសារបញ្ហាដុល្លារូបនីយកម្មការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និង ឆាប់រហ័ស មកលើអត្រាអតិផរណានៅកម្ពុជា ពីព្រោះកាលណាតម្លៃប្រាក់រៀធ្លាក់ចុះ ថ្លៃទំនិញ និងសេវានានា នឹងអាចកើនឡើងភ្លាម។ ដូចនេះក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយអត្រាអតិផរណា។ ជាមួយគ្នានេះការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅ មកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ជា ចាន់តូ បានបញ្ជាក់បន្ថែមថា ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិ ឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?