ព័ត៌មានជាតិ
លោកឧកញ៉ា លឹម ហេង « តុលាការពាណិជ្ជកម្ម ជាយន្តការថ្មីផ្ដល់ទំនុកចិត្ត ដល់អ្នកវិនិយោគឲ្យមករកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត»
ក្រសួងយុត្តិធម៌គ្រោងបង្កើតតុលាការពាណិជ្ជកម្ម និងដាក់ឱ្យដំណើរការជាផ្លូវការតុលាការនេះនៅចុងឆ្នាំ២០២១ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ នេះគឺជាដំណឹងល្អមួយសម្រាប់ពាណិជ្ជករ និងវិនិយោគិនក្នុងស្រុក ដែលធ្លាប់តែមានបញ្ហាផ្នែកពាណិជ្ជកម្ម និងប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា។ ដូច្នេះ ដើម្បីយល់ដឹងបន្ថែមពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា កម្ពុជាថ្មីបានធ្វើបទសម្ភាសន៍ទាំងស្រុងជាមួយលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដូចខាងក្រោម៖
កម្ពុជាថ្មី៖ ក្រសួងយុត្តិធម៌គ្រោងបង្កើតតុលាការពាណិជ្ជកម្ម និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១នេះ។ តើលោកយល់ឃើញយ៉ាងណាដែរ ចំពោះភាពចាំបាច់នៃការបង្កើតតុលាការពាណិជ្ជកម្មនេះ?
លោកឧកញ៉ា លឹម ហេង៖ ការបង្កើតតុលាការពាណិជ្ជកម្មនេះគឺជាអ្វីដែលសភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនបានកំពុងទន្ទឹងរង់ចាំ ពីព្រោះសភាពាណិជ្ជកម្មបានស្នើសុំចង់ឱ្យមានតុលារកានេះជាច្រើនឆ្នាំណាស់មកហើយដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ទាក់ទងនឹងរឿងនេះ ក្រសួងយុត្តិធម៌បានបង្កើតគណៈកម្មការរួចហើយដើម្បីរៀបចំដំណើរការនៃការបង្កើតតុលាការពាណិជ្ជកម្មនេះឡើង។
កម្ពុជាថ្មី៖ តើកន្លងមក វិស័យឯកជនប្រឈមនឹងបញ្ហាអ្វីខ្លះទាក់ទងនឹងបញ្ហានេះ? ហើយដោះស្រាយយ៉ាងណាដែរ?
លោកឧកញ៉ា លឹម ហេង៖ នៅពេលយើងមិនទាន់មានតុលាការពាណិជ្ជកម្ម រាល់វិវាទពាណិជ្ជកម្មទាំងឡាយត្រូវបានដោះស្រាយតាមរយៈតុលាការស៊ីវិល ឫតុលាការទូទៅ ហើយយើងមើលឃើញថាវាមិនទាន់មានប្រសិទ្ធភាពពេញលេញនោះទេ។ ម្យ៉ាងទៀត អ្វីដែលវិស័យឯកជនបារម្ភបំផុតគឺពេលខ្លះរឿងពាណិជ្ជកម្មអាចក្លាយជារឿងព្រហ្មទណ្ឌដែលនាំដល់ការចាប់ខ្លួនជាដើម ដែលប្រការនេះធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាច ហើយស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគនៅស្រុកយើង។
កម្ពុជាថ្មី៖ តើប្រទេសនៅតំបន់អាស៊ានណាខ្លះមានតុលាការពាណិជ្ជកម្ម និងបានជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគយ៉ាងណា?
លោកឧកញ៉ា លឹម ហេង៖ ប្រទេសមួយចំនួននៅតំបន់អាស៊ានដូចជាសឹង្ហបុរី ថៃ និងម៉ាឡេស៊ីមានប្រព័ន្ធតុលាការពាណិជ្ជកម្មរៀងៗខ្លួន ដែលអាចជួយដោះស្រាយវិវាទពាណិជ្ជកម្មបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រការនេះបានបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនអន្តរជាតិធំៗជាច្រើនមកដាក់ទុនរកស៊ីនៅប្រទេសពួកគេ ដោយបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ និងបានជួយសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះឱ្យកាន់តែមានភាពរឹងមាំ និងកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
កម្ពុជាថ្មី៖ វិស័យឯកជន តើផ្នែកណាមួយដែលចង់ឱ្យតុលាការពាណិជ្ជកម្មលេចចេញជារូបរាងឆាប់ជាងគេ? ហេតុអ្វី?
លោកឧកញ៉ា លឹម ហេង៖ វិស័យឯកជនទាំងអស់សុទ្ធតែចង់ឱ្យតុលាការពាណិជ្ជកម្មលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ ហើយតុលាការដែលត្រូវបានបង្កើតឡើងនេះត្រូវតែមានតម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌ដើម្បីការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកឱ្យមកដាក់ទុនរកស៊ីកាន់តែច្រើននៅស្រុកយើង។
កម្ពុជាថ្មី៖ ជាយោបល់របស់លោក តើតុលាការពាណិជ្ជកម្មគួរមានការិយាល័យនៅកន្លែងណាខ្លះ?
លោកឧកញ៉ា លឹម ហេង៖ តុលាការពាណិជ្ជកម្មគួរតែមានការិយាល័យនៅគ្រប់ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេសកម្ពុជាដើម្បីបង្ករភាពងាយស្រួលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ដែលកើតមាននៅតាមខេត្តក្រុងនីមួយៗ។ នៅពេលដែលមានវិវាទកើតឡើង ពួកគេអាចដោះស្រាយបញ្ហាទាំងនោះនៅក្នុងខេត្តក្រុងរបស់គេបានភ្លាមៗ ដោយពុំចាំបាច់ចំណាយពេលមកដោះស្រាយនៅរាជធានីភ្នំពេញនោះទេ។
កម្ពុជាថ្មី៖ ជាចុងក្រោយ ប្រសិនបើតុលាការពាណិជ្ជកម្មត្រូវបានបង្កើតឡើងរួចរាល់ នឹងបង្ករភាពងាយស្រួលដូចម្ដេចខ្លះដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា?
លោកឧកញ៉ា លឹម ហេង៖ ប្រសិនបើតុលាការពាណិជ្ជកម្មត្រូវបានបង្កើតឡើងរួចរាល់ប្រកបដោយតម្លាភាព និងយុត្តិធម៌ ខ្ញុំជឿថាវានឹងជួយទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកមករកស៊ី និងបង្កើតរោងចក្រផលិតកាន់តែច្រើននៅស្រុកយើង ពីព្រោះពួកគេនឹងមានភាពកក់ក្ដៅខ្លាំងជាងមុនក្នុងការវិនិយោគគម្រោងធំៗដែលពួកគេបានចំណាយពេលសិក្សាជាច្រើនឆ្នាំ។ អ្វីដែលសំខាន់គឺនៅពេលដែលមានវិវាទកើតឡើង ពួកគេអាចប្រើប្រាស់កិច្ចសន្យា ហើយដោះស្រាយបញ្ហាទាំងនោះនៅតុលាការពាណិជ្ជកម្ម។ ប្រការនេះគឺជាការលើកទឹកចិត្តដល់ពួកគេក្នុងការបង្កើតសហគ្រាសធំៗនៅក្នុងប្រទេសយើងដោយមិនមានការព្រួយបារម្ភច្រើន ហើយការបង្កើតសហគ្រាសធំៗទាំងនោះនឹងចូលរួមចំណែកដ៏ធំធេងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖ វ៉ាត វិន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់