ព័ត៌មានជាតិ
គម្រោងបង្កើតថាមពលអគ្គិសនីដើរដោយខ្យល់កាន់តែលើកសោភ័ណភាពមុខមាត់ខេត្តមណ្ឌលគិរី
គម្រោងវិនិយោគបង្កើតថាមពលអគ្គិសនីដើរដោយខ្យល់ដែលមានអានុភាព ១០០ មេហ្កាវ៉ាត់ ស្ថិតនៅខេត្តមណ្ឌលគិរី នឹងជួយកែប្រែមុខមាត់ខេត្តភាគឦសានមួយនេះ ឲ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត នៅពេលដែលគម្រោងលេចចេញជារូបរាងឆាប់ៗ។
ជាគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លាររបស់ក្រុមហ៊ុន ម៉ារីថាមគ្រុប និងក្រុមហ៊ុន ស៊ីងឡានគ្រុប ស្ថិតក្នុងទីតាំងក្រុងមណ្ឌលគិរី ខេត្តមណ្ឌលគិរី ខណៈដែលការសិក្សាពីបច្ចេកទេស និងហិរញ្ញវត្ថុបានចប់សព្វគ្រប់រួចរាល់ហើយ។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីថា ពេលនេះលោកមិនទាន់អាចជប្រាប់បានថា អាជីវកម្មរបស់ក្រុមហ៊ុនដំណើរការយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើគម្រោងរបស់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់នេះលេចចេញជារូបរាងឡើង វាជាការល្អមួយក្នុងការជួយផ្គត់ផ្គង់ថាមពលអគ្គិសនីប្រើប្រាស់នៅក្នុងខេត្តដែលកំពុងតែមានតម្រូវការកសាងការអភិវឌ្ឍន៍ការបំភ្លឺផ្លូវសាធារណៈ ដែលទាមទារឲ្យមានថាមពលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
លោកអភិបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា គម្រោងនេះ នឹងអាចជួយផ្គត់ផ្គង់ថាមពលអគ្គិសនី ហើយនឹងរួមចំណែកការកែលម្អសោភ័ណភាពខេត្ត និងក្រុងដែលកំពុងតែរៀបចំផែនការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។ ម្យ៉ាងទៀត នឹងអាចលើកមុខមាត់ខេត្តហើយទាក់ទាញនូវការទស្សនាពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
ក្រសួងរ៉ែ និងថាមពលកាលពីខែឧសភា ឆ្នាំ ២០១៩ បានអនុញ្ញាតឱ្យក្រុមហ៊ុន Xinglan Maritime Energy Co., Ltd ធ្វើការសិក្សាលើគម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់ ដែលមានអានុភាព ១០០ មេហ្គាវ៉ាត់ជាជំហានដំបូងស្ថិតក្នុងខេត្តមណ្ឌលគិរី។
បច្ចុប្បន្នក្រុមហ៊ុនបានកំណត់ទិន្នន័យបឋមបានមួយចំនួនរួចហើយ ហើយក្រុមហ៊ុនក៏បានដំឡើងប៉មវាស់ខ្យល់ដែលមានកម្ពស់ ១០០ ម៉ែត្រ ចំនួន ២ នៅទីតាំងយុទ្ធសាស្ត្រក្នុងសង្កាត់សុខដុមនៃក្រុងសែនមនោរម្យ និង ១ កន្លែងទៀតនៅឃុំដាក់ដាំ ស្រុកអូររាំង ដើម្បីវាស់កម្លាំងខ្យល់នៅកម្ពស់អតិបរមាពេញ ១ ឆ្នាំ ដើម្បីប្រាកដថា កម្លាំងខ្យល់នៅតាមទីតាំងយុទ្ធសាស្ត្រដែលត្រូវដំឡើងតួប៊ីនខ្យល់កម្ពស់ ១០០ ម៉ែត្រ និងស្លាបកង្ហារប្រវែងពី ៧០-៨០ ម៉ែត្រ នោះមានល្បឿនយ៉ាងតិចបំផុត ៥ ម៉ែត្រក្នុង ១ វិនាទី។
ក្រុមហ៊ុន Maritime Group បានឲ្យដឹងថា ដើម្បីផលិតថាមពលអគ្គិសនីដោយខ្យល់អានុភាព ១០០ មេហ្គាវ៉ាត់ ក្រុមហ៊ុនត្រូវដំឡើងតួប៊ីនខ្យល់ ចំនួន ៤០ បង្គោលដែលតួប៊ីននីមួយៗអាចផលិតថាមពលអគ្គិសនីបានចំនួន ២ ៥០០ គីឡូវ៉ាត់។ សម្រាប់ការដំឡើងតួប៊ីនខ្យល់ សាងសង់ស្ថានីយផ្ទុក និងចែកចាយអគ្គិសនី ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីតភ្ជាប់ចរន្តអគ្គិសនីពីស្ថានីយនេះទៅអនុស្ថានីយផ្សេងៗនៅក្នុងខេត្តមណ្ឌលគិរី ក្រុមហ៊ុនត្រូវចំណាយពេលពី ១៨ ខែ ទៅ ២៤ ខែ។
បើតាមលោក ស្វាយ សំអ៊ាង ខេត្តមណ្ឌលគិរីមានស្ថានីយ៍អគ្គិសនីខ្នាតតូចចំនួន ២ កន្លែងសម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងក្រុង និងបានតភ្ជាប់បណ្តាញអគ្គិសនីពីប្រទេសវៀតណាម។
ក្រៅពីនេះ វិស័យថាមពលអគ្គិសនីដែលអាចនឹងសាងសង់ ទំនប់វារីអគ្គិសនីបាន មានដូចជាទន្លេស្រែពក មានអនុភាព ២៣៥ មេហ្គាវ៉ាត់ អាងអូប្លាយ មានអានុភាព ២០ មេហ្កាវ៉ាត់ ព្រែកពោធិ៍ មានអនុភាព ១៧ មេហ្កាវ៉ាត់ និងព្រែកដាក់ឌឿមានអានុភាព ២០០ មេហ្កាវ៉ាត់ និង ៥០០ គីឡូវ៉ាត់ ដែលកំពុងសិក្សាគម្រោងនេះផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក