ព័ត៌មានជាតិ
កិច្ចព្រមព្រៀងចៀសពន្ធត្រួតគ្នាកម្ពុជា-កូរ៉េនឹងជួយសម្រួលបន្ទុកមួយកម្រិតដល់វិនិយោគិន
កិច្ចព្រមព្រៀងមិនយកពន្ធត្រួតស៊ីគ្នា រវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូងបានចូលជាធរមានហើយកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ ជាកិច្ចព្រមព្រៀងដែលផ្តល់អត្ថប្រយោជន៍ និងការពារអ្នកវិនិយោគប្រទេសនីមួយៗ ពីការដកពន្ធត្រួតគ្នា។
កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលការធ្វើបែបបទពាណិជ្ជកម្មរវាងប្រទេសហត្ថលេខីចៀសវាងការយកពន្ធលើប្រាក់ចំណូល នឹងបន្ធូរបន្ថយបន្ទុកដល់ក្រុមហ៊ុនដែលធ្វើជំនួញណាដែលមានកិច្ចព្រមព្រៀងនេះ។
កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងការយកពន្ធត្រួតស៊ីគ្នាលើប្រាក់ចំណូល និងការបង្ការការគេចពន្ធកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩។

លោក បណ្ឌិត ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា មើលឃើញថា កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នារវាងកម្ពុជា-កូរ៉េខាងត្បូង ក៏ដូចទៅនិងកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសចំនួន១០ ផ្សេងទៀតដែលបានចូលជាធរមានជាមួយរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលទៅលើបែបបទពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការជួយសម្រួលការធ្វើពាណិជ្ជកម្មទ្វេភាគី មានន័យថា មានទាំងការជួញដូរទំនិញផង ទាំងផលចំណេញនៃការវិនិយោគផង។
លោក បណ្ឌិត ឆេង គឹមឡុងលើកឡើងថា “ ឧទាហរណ៍ថា ក្រុមហ៊ុនវិនិយោគរបស់ ជនជាតិកូរ៉េមកដាក់ទុនវិនិយោគនៅកម្ពុជា ហើយត្រូវជាប់កាតព្វកិច្ចពន្ធជាតិរបស់កម្ពុជា ក៏ប៉ុន្តែក្រុមហ៊ុនកូរ៉េក៏ត្រូវប្រកាសពន្ធនៅក្នុងប្រទេសកូរ៉េដែរ ដូច្នេះការព្រមព្រៀងទៅដល់ការកាត់បន្ថយនូវការយកពន្ធត្រួតស៊ីគ្នានេះ គឺលើកទឹកចិត្តឲ្យក្រុមហ៊ុនបរទេស មកវិនិយោគនៅកម្ពុជារួចនូវកាតព្វកិច្ចពន្ធត្រួតស៊ីគ្នានៅប្រទេសខ្លួនដែរ”។
លោកបញ្ជាក់ថា ពេលមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះ ក្រុមហ៊ុនវិនិយោគមិនចាំបាច់ធ្វើការបកស្រាយ រៀបចំឯកសារផ្សេងទៀត ឬចំណាយទៅលើកាព្វកិច្ចពន្ធនោះទេ ហើយសម្រាបអ្នកវិនិយោគកម្ពុជាក៏ដូចគ្នាដែរ ប្រសិនបើទៅរកស៊ីនៅក្រៅស្រុក មានន័យថា ប្រសិនបើពួកគាត់ជាប់ពន្ធនៅបរទេស ឧបមាថាកូរ៉េ ពោលគឺពួកគាត់មិនបាច់បង់ពន្ធនៅស្រុកខ្មែរទៀតនោះទេ។
បើតាមអ្នកវិភាគសេដ្ឋកិច្ចរូបនេះ ការធ្វើបែបនេះ គឺជាវិធីសាស្ត្រមួយដើម្បី ជួយសម្រួលបែបបទខាងសារពើរពន្ធ សម្រាប់ក្រុមហ៊ុន ដើម្បីជួយលើកទឹកចិត្ត ជួយសម្រួល មានន័យថាប្រើយន្តការដូចគ្នាតែមួយ ទៅតាមគោលការណ៍ ដែលព្រមព្រៀងគ្នារវាងរដ្ឋាភិបាលទាំងពីរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា បច្ចុប្បន្នលោកដឹងថា កម្ពុជាបានចុះកិច្ចព្រមព្រៀងមិនយកពន្ធត្រួតស៊ីគ្នាជាមួយប្រទេសចំនួន១០ រួចមកហើយ។ លោកគិតថាកិច្ចព្រមព្រៀងនេះ មានសារសំខាន់សម្រាប់វិនិយោគិនមកពីបរទេស ចូលមករកស៊ីនៅកម្ពុជា។
លោកថា “វាពាក់ព័ន្ធនឹងពន្ធមួយចំនួន ដែលគាត់ (វិនិយោគគិន) ចេញមករស៊ីនៅប្រទេសកម្ពុជាហើយ គាត់បង់ពន្ធនៅកម្ពុជារួចហើយ ហើយបើគ្មានកិច្ចព្រមព្រៀងនេះ លុយដែលគាត់ចំណេញ គាត់យកចូលទៅប្រទេសកូរ៉េ ឬប្រទេសផ្សេងៗដែលមិនទាន់មានកិច្ចព្រមព្រៀងនេះ វាជាបន្ទុកបង់បន្ថែម”។
លោកថា បើយើងមានកិច្ចព្រមព្រៀងនេះ គឺអ្នកវិនិយោគបង់តែ ១៤ ភាគរយ ដែលបង់នៅកម្ពុជារួចជាការស្រេច បើមិនមានកិច្ចព្រមព្រៀងប្រាក់ហ្នឹងទៅកូរ៉េត្រូវបង់ម្តងទៀត។
ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បង្ហាញថា កម្ពុជានាំទំនិញទៅកូរ៉េក្នុងតម្លៃជាង ៣១៧ លានដុល្លារឆ្នាំ២០២០ ធ្លាក់ចុះ ៥,៤ ភាគរយ ខណៈកម្ពុជានាំចូលមានតម្លៃជាង ៥៦៧ លានដុល្លារ ធ្លាក់ចុះ ១៨,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ មានជាង ៦៩៦ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកូរ៉េខាងត្បូងមានដូចជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម រីឯកម្ពុជានាំចូលវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
កម្ពុជាបានចុះកិច្ចព្រមព្រៀងពីការចៀសវាងការយកពន្ធត្រួតគ្នាជាមួយបណ្តាប្រទេសផ្សេងៗបានចំនួន ១០ ប្រទេសហើយមកដល់ពេលនេះ រួមមានប្រទេស ព្រុយណេ វៀតណាម សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ី និងជប៉ុន៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២៤ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន