Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល​៖ ចាប់​ពេលនេះ​ទៅ​លែងមាន​ករណី​ចាក់ស្តើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្តើង​ទៀតហើយ​​

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និងដឹកជញ្ជូន នាឱកាស​ជួប​សំ​ណេះសំណាល និង​ទទួលទាន​អាហារ​សាមគ្គីជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​មកពី​បណ្ដា​ស្ថាប័ន​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាកាលពី​កន្លងទៅ​ថ្មីៗ​នេះ លោក​បាន​មានប្រសាសន៍ថា ចាប់ពីពេល​នេះ​តទៅ បញ្ហា​ផ្លូវថ្នល់​លែងកើត​មានករណី ចាក់ស្តើងស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ីស្តើងទៀតហើយ ។ ចំពោះករណីនេះ កាលពីមុន​ធ្លាប់​កើតមាន​មែន ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ ​លែងឲ្យ​កើតមាន​ទៀត​ហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបន្តថា មូលហេតុដែលលែងឲ្យ​មាន​ករណីនេះ​កើតឡើង​បន្ត​ទៀត​នោះ គឺ​ដោយសារ​ខាង​ក្រសួង​បាន​បញ្ជា​​ទិញ​ឧបករណ៍ និង គ្រឿងចក្រ​រាប់រយ​គ្រឿង ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ សិក្សាធ្វើតេស្ត​គ្រប់​ជ្រុងជ្រោយ ទើប​ស្ថាបនា​បានជា​ផ្លូវ ថ្នល់ ស្ពាន ជាដើម ។​ជាមួយគ្នានេះ​លោក​បញ្ជាក់ថា ពិធី​ជួប​សំណេះសំណាល​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនងរវាង​អ្នកសារព័ត៌មាន​ជាមួយនឹងថ្នាក់ដឹកនាំ​ក្រសួង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុងការ​ជំរុញ​ផ្សព្វផ្សាយ​សមិទ្ធផល​នានា​ដែល​សម្រេចបាន ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​ការដឹក​នាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ស​ម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​។ ពីព្រោះថា វិស័យ​សារព័ត៌មាន ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​ឲ្យ​គោល​នយោបាយនានា​របស់​រាជរដ្ឋាភិបាល​សម្រេច​គោលដៅ​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ សកម្មភាព​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​អនុវត្ត​ជាក់ស្តែង​នាពេល​កន្លង​មក ក៏ដូចជា​បច្ចុប្បន្ន និងរួមចំណែក​ដល់​ការជំរុញ​កំណែ​​ទម្រង់​វិស័យ​នានា​របស់​រដ្ឋ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែមទៀត​។​

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ដែល​កន្លងមក​បាន​ចូលរួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កំណែទម្រង់ និង​សកម្មភាព​ទាំងឡាយ​ក្នុង​វិស័យសាធា​រណ​ការ​ និង​ដឹកជញ្ជូន និង​កិច្ចសហការ​ល្អជា​មួយ​ក្រសួង​។

សូម​ជំរាប​ជូន​អោយដឹងថា ការសម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​មាន អាគារ​ទីស្តីការ​ថ្មី និង​វិទ្យាស្ថាន «​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» នៅតាម​បណ្តោយ​ផ្លូវ «​ជា សុផារ៉ា​» ឬផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ច្រាំងចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែមករា ឆ្នាំ​២០២១ ។​

អាគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សាងសង់​ឡើងលើ​ផ្ទៃដី​ជិត៤​ហិកតា ក្នុង​នោះរួមមាន អគារ​រដ្ឋបាល​កម្ពស់ ៩​ជាន់ ទំហំ ៥៩.៥០​ម៉ែត្រ គុណ ២៣,២០​ម៉ែត្រ អគារ​រដ្ឋបាល ២​ខ្នង (​អគារ​ស្លាប​សងខាង​) កម្ពស់ ៨​ជាន់ អគារ​សាលប្រជុំ និង​បណ្ណាល័យ ១​ខ្នង កម្ពស់ ៣​ជាន់ ព្រម​ទាំង​បំពាក់​សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត សាងសង់​អគារ​ដាក់​គ្រឿងចក្រ ៥​ខ្នង ជួសជុល​អគារ​ចាស់ៗ ដែលមាន​ស្រាប់​ចំនួន ៦​ខ្នង សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រម​ទាំង​បាន​ទិញ​គ្រឿងចក្រ​ចំនួន ២២២​គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជ​ធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​បាន​ចំណាយ​ថវិកា​សរុប​ជាង ២៦​លាន​ដុល្លារ​អាមេរិក​។​

អាគារ​ទីស្តីការ​ថ្មី​នេះ ក៏បាន​រៀបចំ​បំពាក់​ប្រព័ន្ធ​សូ​ឡា ទាញយក​ថាមពល​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ នៅលើ​ដំបូល​អគារ​ផ្ទាល់​ទាំងអស់ ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​ចំណាយ​លើ​ការប្រើប្រាស់​ថាម​ពល​អគ្គិសនី​ប្រចាំថ្ងៃ និង​រួមចំណែក​សន្សំសំចៃ​ថវិកាជាតិ ជាមួយ​ការគិតគូរ​ដល់​ការចូលរួម​កាត់​បន្ថយ​ផលប៉ះពាល់​បរិស្ថាន តាមរយៈ​ការប្រើប្រាស់​ថាមពលបៃតង​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម