សេដ្ឋកិច្ច
IMF ធ្វើបច្ចុប្បន្នភាពការព្យាករណ៍កំណើន GDP ឆ្នាំ ២០២៣ និង ២០២៤ របស់ចិន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃអង្គារនេះបានដំឡើងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន សម្រាប់ឆ្នាំ ២០២៣ ដល់ ៥.៤ ភាគរយ ដោយសារតែការងើបសេដ្ឋកិច្ចឡើងវិញដ៏រឹងមាំ បន្ទាប់ពីជំងឺកូវីដ ១៩ ប៉ុន្តែ IMF បែរជារំពឹងថា សេដ្ឋកិច្ចចិននឹងធ្លាក់ចុះនៅឆ្នាំក្រោយវិញ ។

IMF លើកឡើងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន អាចថយចុះមកនៅត្រឹម ៤.៦ ភាគរយវិញនៅឆ្នាំក្រោយ ដោយសារតែភាពទន់ខ្សោយនៅក្នុងវិស័យអចលនទ្រព្យ និងការកាត់បន្ថយតម្រូវការខាងក្រៅនៅតែបន្តកើតមាន ទោះបីជាល្អប្រសើរជាងការរំពឹងទុកនៅខែតុលាប្រមាណ ៤.២ ភាគរយនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF ក៏ដោយ ។
ការប្រែប្រួលការព្យាករណ៍នេះកើតមានឡើង បន្ទាប់ពីចិនអនុម័តលើមូលបត្របំណុលអធិបតេយ្យភាព ១៣៧ ពាន់លានដុល្លារ និងអនុញ្ញាតឲ្យរដ្ឋាភិបាលក្នុងតំបន់ផ្ទុកផ្នែកមួយនៃកូតាសញ្ញាប័ណ្ណឆ្នាំ ២០២៤ ក្នុងការផ្លាស់ប្តូរដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ។
បើយោងតាមលោក Gita Gopinath អគ្គនាយករងរបស់ IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលមធ្យម កំណើនត្រូវបានព្យាករនឹងថយចុះជាបណ្តើរៗមកត្រឹមប្រហែល ៣.៥ ភាគរយនៅឆ្នាំ ២០២៨ ចំពេលមានឥទ្ធិពលនៃផលិតភាពខ្សោយ និងចំនួនប្រជាជនចាស់ៗ ។

លើសពីនេះ ចិនបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ ប៉ុន្តែត្រូវការជាចាំបាច់បន្ថែមទៀត ដើម្បីធានាបាននូវការងើបឡើងវិញលឿនជាងមុន និងកាត់បន្ថយការចំណាយសេដ្ឋកិច្ចក្នុងអំឡុងពេលអន្តរកាល ។
ជាចុងក្រោយលោក Gopinath បាននិយាយថា កញ្ចប់គោលនយោបាយចិន គួរតែរួមបញ្ចូលវិធានការជាក់លាក់ណាមួយដើម្បីពន្លឿនការចាកចេញរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ លុបបំបាត់ឧបសគ្គចំពោះការកែតម្រូវតម្លៃលំនៅដ្ឋាន បែងចែកមូលនិធិបន្ថែមរបស់រដ្ឋាភិបាលកណ្តាលសម្រាប់ការបញ្ចប់លំនៅដ្ឋាន និងជួយអ្នកអភិវឌ្ឍន៍ដែលអាចសម្រេចបានក្នុងការជួសជុលតារាងតុល្យការ និងសម្របខ្លួនទៅនឹងទីផ្សារអចលនទ្រព្យតូចជាងនេះជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល