សេដ្ឋកិច្ច
សម្ដេចធិបតី៖ កុំពង្រីក ត្រូវពង្រឹងយន្តការ ជំរុញវិស័យឯកជនរួមគ្នាប្រកួតប្រជែងការនាំចូល
ពាក់ព័ន្ធ វិស័យសហគ្រាសធុនតូច និងមធ្យម ហៅកាត់ SME និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កុំពង្រីក តែគួរពង្រឹងយន្តការដែលមានស្រាប់ និងជួយសម្របសម្រួល បង្កើតការសហការជាមួយវិស័យឯកជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកួតប្រជែកការនាំចូល។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-21_16-58-44-1024x682.jpg)
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការបិទសន្និបាត ក្រសួង ក៏រៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» រសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-21_16-58-35-1024x682.jpg)
សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តជូនបងប្អូនក្នុងវិស័យឯកជន ពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឈ្វេងយល់ និងចាប់យកគោលនយោបាយ ដែលរាជរដ្ឋាភិបាលអាណត្តិនេះផ្ដល់ជូន ដើម្បីរួមគ្នាបង្កើនកម្លាំងជាកម្លាំងសេដ្ឋកិច្ចមួយធំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-21_16-58-28-1024x682.jpg)
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ប្រទេសយើងតូច តែបើយើងរួមគ្នាធ្វើ ហើយអាចរួមគ្នាបានភាពជាដៃគូរវាង ឯកជន និងរាជរដ្ឋាភិបាល ជាពិសេស SME ដែលអាចទាញចូលគ្នាបាន ខ្ញុំគិតថា ជាកិច្ចការល្អ ជាកម្លាំងធំ។
ក្រសួងបានរៀបចំគោលនយោបាយច្រើនហើយ សំខាន់គឺការអនុវត្ត ដែលមានប្រសិទ្ធិភាព និងចីរភាព។ កុំយន្តការច្រើនពេក! ជួនកាល មានយន្តការច្រើន ជាការប្រកួតប្រជែងគ្នាទៅវិញ ដែលគ្នាយើងតូចហើយ មិនសាមគ្គីគ្នាទៀត វាទៅជាតូចមែនទែន”។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-21_16-58-34-1024x682.jpg)
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា៖ “កុំភ្លេច យើងផលិតទាំងផ្គត់ផ្គង់ក្នុងស្រុក ទាំងក្រៅស្រុក សូម្បីតែក្នុងស្រុក ក៏យើងត្រូវផលិតប្រកួតប្រជែងជាមួយផលិតផលនាំចូលពីក្រៅដែរ ព្រោះយើងមិនអាចបិទប្រទេសយើងបានទេ ព្រោះយើងក៏ត្រូវបើកនាំចេញទៅក្រៅ ហើយយើងក៏ត្រូវនាំចូល។ បើយើងរួមគ្នា ជាសិប្បកម្ម ជាអី… អាចប្រមូលទុន ប្រមូលជំនាញ ប្រមូលអី… អាចប្រកួតប្រជែង ព្រោះយើងមិនអាចដាក់ច្បាប់បិទមិនឱ្យចូល មានតែយកការច្នៃប្រឌិត ផលិតភាពរបស់យើងដើម្បីប្រកួត”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើមិនប្រមូលកម្លាំងទេ យើងប្រកួតមិនឈ្នះគេទេ ហើយបើយើងកាន់តែប្រកួតគ្នាឯងនៅលើទីផ្សារតូចនេះ យើងនឹងកាន់តែលំបាក។ ជាជាងកម្លាំងពីរប្រកួតគ្នា មកជាកម្លាំងមួយរួមជជែកគ្នា ធ្វើការជាមួយគ្នា រួមគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-21_16-58-27-1024x682.jpg)
គួរបញ្ជាក់ថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ត្រូវបានចាត់ទុកថាជាកម្លាំងចលករមួយជំរុញដល់កំណើនសេដ្ឋកិច្ច និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃបន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះ កំពុងអភិវឌ្ឍឈានទៅមុខប្រកបដោយនិរន្តរភាព មានលក្ខណៈចម្រុះ សម្បូរបែប មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-21_16-58-37-1024x682.jpg)
ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់មុំ នៃយុទ្ធសាស្ត្រ បានរំលេចតួនាទីរបស់ក្រសួង ដែលរួមមាន៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការលើកកម្ពស់ការ តភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យទឹកស្អាត វិស័យឌីជីថល និងការលើកស្ទួយសហគ្រាសធុន តូច និង មធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ល។
ក្នុងនោះកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលយុទ្ធសាស្ត្រនេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនក្រសួង ឱ្យបំពេញតួនាទី ស្ថាប័នបង្គោលរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ជំរុញតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ។ ដើម្បីលើកស្ទួយវិស័យឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា រួមទាំងវិស័យទឹកស្អាត និងសិប្បកម្ម ឱ្យបានកាន់តែមានភាពប្រសើរឡើង ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្រសួងបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីធានាបានកំណើនសេដ្ឋកិច្ច ដែលមានភាពធន់នឹងវិបត្តិ ការបង្កើនបរិមាណការងារ និងការកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះក្រសួងបានធ្វើការកែទម្រង់ការងារលើការងារគ្រប់គ្រងរោងចក្រ សហគ្រាសធុន តូច និងមធ្យម និងសិប្បកម្ម ដោយពង្រឹងការអនុវត្តច្បាប់ និងការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មឱ្យមានប្រសិទ្ធភាពខ្ពស់៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ