សេដ្ឋកិច្ច
ភាពតានតឹងនៅសមុទ្រក្រហម គំរាមកំហែងដល់សេដ្ឋកិច្ច អាស៊ី បណ្តាលឲ្យទំនិញឡើងថ្លៃ
ក្រុមហ៊ុនស្រាវជ្រាវ EIU បានព្រមានថា ភាពតានតឹងនៅសមុទ្រក្រហម អាចពន្យឺតកំណើនសេដ្ឋកិច្ចរបស់ទ្វីបអាស៊ី ហើយថែមទាំងបង្កអតិផរណានៅទីនេះទៀតផង ជាពិសេសនៅប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីតែម្តង។

ការវាយប្រហាររបស់ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម បានកាត់បន្ថយចរាចរណ៍ដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ ហើយបើយោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ក្នុងរយៈពេលត្រឹមតែពីរខែដំបូងនៃឆ្នាំនេះ សកម្មភាពពាណិជ្ជកម្មនៅទីនោះ បានថយចុះ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះគឺជាផ្លូវសមុទ្រជិតបំផុតរវាងអឺរ៉ុបនិងអាស៊ី ដែលរួមចំណែក១៥% នៃពាណិជ្ជកម្មសមុទ្រពិភពលោក ប៉ុន្តែដើម្បីចៀសវាងការវាយប្រហារ កប៉ាល់ដឹកទំនិញទាំងឡាយ ត្រូវប្តូរទិសដៅ ដើម្បីធ្វើដំណើរទៅជុំវិញឆកសមុទ្រ Good Hope ក្នុងទ្វីបអាហ្វ្រិកវិញ ជាហេតុបណ្តាលឲ្យបន្លាយពេលវេលាដឹកជញ្ជូនជាមធ្យម១០ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់សង្វាក់ពាណិជ្ជកម្មខ្លាំងមែនទែន។

របាយការណ៍របស់ EIU បង្ហាញថា រឿងបែបនេះ អាចពន្យឺតកំណើនសេដ្ឋកិច្ចរបស់អាស៊ី និងបង្កអតិផរណានៅទីនេះ។ ការនាំចេញរបស់បណ្តាប្រទេសអាស៊ី បានរងផលប៉ះពាល់រួចទៅហើយចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារតម្រូវការចុះខ្សោយពីប្រទេសលោកខាងលិច។ ដូច្នេះហើយ ការវាយប្រហារនាពេលថ្មីៗនេះ លើកប៉ាល់ដឹកទំនិញ នឹងដាក់សម្ពាធមួយកម្រិតថែមទៀតលើសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងទៅលើការនាំចេញ ជាពិសេសបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី។
តាមការគណនារបស់ EIU, ការដឹកជញ្ជូនទំនិញពីអឺរ៉ុបទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដើមឡើយត្រូវចំណាយពេលត្រឹមតែ៣២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីក្រុមហ៊ូទីបើកប្រតិបត្តិការវាយប្រហារមក បច្ចុប្បន្នវាត្រូវចំណាយពេលដល់ទៅ៥៦ថ្ងៃឯណោះ។ ចំណែកពេលវេលាដឹកជញ្ជូនទៅកាន់ប្រទេសចិន ក៏កើនពី៤២ទៅ៥៥ថ្ងៃដែរ។

នៅខែមករាឆ្នាំ២០២៤ ក្រុមហ៊ុន Oxford Economics បង្ហាញថា តម្លៃដឹកជញ្ជូនកុងតឺន័រឥឡូវនេះគឺខ្ពស់ជាងកាលពីដើមខែធ្នូដល់ទៅទ្វេដងឯណោះ ហើយការកើនឡើងថ្លៃដឹកជញ្ជូននឹងប៉ះពាល់ដល់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ជាពិសេសប្រទេសដែលពឹងផ្អែកលើការនាំចូលអាហារ ដូចជាឥណ្ឌា និងប៉ាគីស្ថានជាដើម។
យោងតាម EIU, ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងការកាត់បន្ថយតម្រូវការសម្រាប់ទំនិញប្រើប្រាស់ អាចបណ្តាលឲ្យកំណើនសេដ្ឋកិច្ចរបស់អាស៊ីធ្លាក់ចុះពី ០.២% ទៅ ០.៥% នៅឆ្នាំ២០២៤។ ទន្ទឹមនោះ អតិផរណានៅក្នុងតំបន់នេះ ក៏ត្រូវបានគេព្យាករថា នឹងកើនឡើង០.៤%ផងដែរ ហើយការកើនឡើងនៃអតិផរណាក្នុងល្បឿនយ៉ាងលឿននេះហើយ នឹងនាំឲ្យធនាគារកណ្តាលនៅក្នុងប្រទេសហ្វីលីពីន អូស្ត្រាលី និងឥណ្ឌា ពិបាកក្នុងការព្យាយាមកាត់បន្ថយអត្រាការប្រាក់។

មិនត្រឹមតែមានផលប៉ះពាល់ដល់ការដឹកជញ្ជូនប៉ុណ្ណោះទេ, ភាពតានតឹងនៅសមុទ្រក្រហម ក៏បណ្តាលឲ្យសកម្មភាពវិនិយោគនៅអាស៊ី អាចរងផលប៉ះពាល់ផងដែរ។
សូមបញ្ជាក់ជាថ្មី ក្រុមហ៊ូទី ដែលតាំងខ្លួនជារដ្ឋាភិបាលនៃប្រទេសយេម៉ែន បានចាប់ផ្តើមកំណត់គោលដៅលើកប៉ាល់មានទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលពីចុងខែតុលា ដើម្បីតវ៉ាចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ពួកគេ បានតម្រង់មុខព្រួញជាពិសេសលើនាវាអាមេរិកនិងអង់គ្លេសនៅក្នុងខែមករា បន្ទាប់ពីប្រទេសទាំងពីរនេះ បើកការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីលប្រឆាំងយេម៉ែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកដំបូង! ក្រុមហ៊ូធី វាយប្រហារកប៉ាល់ពាណិជ្ជកម្ម បណ្តាលឲ្យមាននាវិកស្លាប់

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?