ព័ត៌មានជាតិ
លោក សុខ រ៉ាដែន៖ កម្ពុជាអាចមានសមត្ថភាពផ្គត់ផ្គង់ត្រី៤ប្រភេទ ដោយមិនបាច់នាំចូលពីក្រៅ
វិស័យវារីវប្បកម្មនៅប្រទេសកម្ពុជាបានស្គាល់ការរីកចម្រើនយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីឆ្នាំ២០១៨មក វារីវប្បករកម្ពុជាមានការយល់ដឹងកាន់តែច្រើនអំពីបច្ចេកទេសចិញ្ចឹមត្រី និងបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអំពីការចិញ្ចឹមត្រី ដើម្បីទទួលបានទិន្នផលខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ វិស័យវារីវប្បកម្មនៅកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការគាំទ្រជាច្រើនបន្ថែមទៀត ដើម្បីទទួលបានទិន្នផលខ្ពស់ជាអតិបរមា ដែលអាចផ្ដត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ដូច្នេះ ដើម្បីយល់ដឹងកាន់តែលំអិតអំពីវឌ្ឍនភាព នៃវិស័យវារីវប្បកម្មនៅកម្ពុជា កម្ពុជាថ្មីបានធ្វើបទសម្ភាសន៍ពិសេសមួយជាមួយ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា ដូចខាងក្រោមនេះ៖

កម្ពុជាថ្មី៖ តើលោកមានការកត់សំគាល់យ៉ាងណា ចំពោះវិស័យវារីវប្បកម្មនៅកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ?
លោក សុខ រ៉ាដែន៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាំងពីឆ្នាំ២០១៨មក យើងមើលឃើញពីការរីកចម្រើនយ៉ាងច្រើនគួរឱ្យកត់សម្គាល់ចំពោះ វិស័យវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជា។ វារីវប្បកររបស់យើងមានការយល់ដឹងច្រើនជាងមុនទាំងចំណេះវិជ្ជា និងបទពិសោធន៍ចិញ្ចឹមត្រី ហើយពួកគេបានដកស្រង់បទពិសោធន៍ និងរៀនពីគ្នាទៅវិញទៅមកចំពោះបច្ចេកទេសចិញ្ចឹមត្រី ដើម្បីទទួលបានទិន្នផលខ្ពស់ជាអតិបរមា។
កម្ពុជាថ្មី៖ តើក្នុងមួយឆ្នាំៗ ការចិញ្ចឹមត្រីក្នុងស្រុកអាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ដែរទេ?
លោក សុខ រ៉ាដែន៖ ក្នុងមួយឆ្នាំៗ យើងមានសមត្ថភាពផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ចំពោះ ប្រភេទត្រីមួយចំនួនដូចជាត្រីប្រា ត្រីអណ្ដែង ត្រីពោរ ត្រីឆ្តោរ ត្រីឡាបយ៉ា និងត្រីក្រាញ់។ ប៉ុន្តែយើងនៅមិនទាន់មានសមត្ថភាពផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ទាំងស្រុងនៅឡើយទេ ចំពោះប្រភេទត្រីផ្សេងៗទៀត។

កម្ពុជាថ្មី៖ តំបន់ណាខ្លះមានចិញ្ចឹមត្រីច្រើនជាងគេ? ប្រភេទត្រីអ្វីខ្លះ? ជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ហើយដោះស្រាយបញ្ហាដោយវិធីណា?
លោក សុខ រ៉ាដែន៖ តំបន់ដែលចិញ្ចឹមត្រីច្រើនជាងគេមាននៅក្នុងខេត្តកណ្ដាល ពោធិ៍សាត់ កំពង់ធំ ព្រៃវែង សៀមរាប កំពង់ចាម និងតាកែវជាដើម ហើយវារីវប្បករយើងភាគច្រើនចិញ្ចឹមត្រីប្រា ត្រីអណ្ដែង ត្រីពោរ និងត្រីឆ្តោរ ដោយសារប្រភេទត្រីទាំងនេះមានការធន់ទៅនឹងធម្មជាតិ ងាយចិញ្ចឹម និងមិនមានហានិភ័យខ្ពស់។ ចំពោះការចិញ្ចឹមត្រីទាំងនេះ យើងជួបបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាបំរែបំរួលអាកាសធាតុ រដូវប្រាំងរយៈពេលវែង ដែលធ្វើឱ្យទឹកឆាប់រីកស្ងួត និងការជំពាក់បំណុលធនាគារ ដោយសារការលក់ត្រីមិនចេញ។
យ៉ាងណាក៏ដោយ យើងក៏មានការជួយគាំទ្រពីសំណាក់ក្រសួងកសិកម្ម និងរដ្ឋបាលជលផល ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋមកគាំទ្រផលិតផលជលផលក្នុងស្រុកចំពោះត្រីប្រា ត្រីអណ្ដែង ត្រីពោរ និងត្រីឆ្តោរ ដែលយើងផលិតបានចំនួនជាង២ម៉ឺនតោនក្នុងមួយឆ្នាំ។ លើសពីនេះ អាជ្ញាធរយើងបានកម្រិតការនាំចូលត្រីមួយចំនួនដែលយើងផលិតបានច្រើន ពីព្រោះប្រសិនបើមិនកម្រិតការនាំចូលត្រីទាំងនោះទេ វានឹងសម្លាប់វារីវប្បករក្នុងស្រុក ហើយរដ្ឋមន្រ្តីក្រសួងកសិកម្មរបស់យើងបានយល់ច្បាស់អំពីបញ្ហានេះ។

កម្ពុជាថ្មី៖ លោកអាចប៉ាន់ប្រមាណបានទេ ការនាំចូលត្រីមកកម្ពុជាគិតជាទឹកប្រាក់ប៉ុន្មានលានដុល្លារ? តើគុណភាពត្រី និងតម្លៃធៀបនឹងត្រីក្នុងស្រុក ខុសគ្នាដូចម្ដេចខ្លះ?
លោក សុខ រ៉ាដែន៖ ដោយសារតែសមាគមយើងទើបតែបង្កើតឡើងជាង៦ខែ យើងមិនទាន់បានសិក្សា និងចងក្រងទិន្ន័យឱ្យបានច្បាស់លាស់អំពីចំនួនទឹកប្រាក់នៃការនាំចូលត្រីនោះទេ។ ទោះជាយ៉ាងណា យើងនឹងព្យាយាមធ្វើការងារជាមួយរដ្ឋបាលជលផល និងក្រសួងកសិកម្ម ដើម្បីប្រមូលទិន្ន័យនៃការនាំចូលត្រីពីខាងក្រៅ ប៉ុន្តែខ្ញុំអាចប៉ាន់ស្មានបានថា ការនាំចូលត្រីមានទំហំដល់ទៅរាប់រយលានដុល្លារក្នុងមួយឆ្នាំ។
ទាក់ទងនឹងតម្លៃវិញ យើងមានតម្លៃថ្លៃដើមផលិតខ្ពស់ ដោយសារតែយើងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីគាំទ្រវិស័យនេះ ដោយយើងមានតែប្រឡាយទឹក តែពុំមានទឹកគ្រប់គ្រាន់។ ម្យ៉ាងទៀត តម្លៃអគ្គីសនីយើងនៅថ្លៃជាងគេនៅឡើយ ហើយយើងមានការនាំចូលច្រើនដូចជា ពូជកូនត្រី ចំណីត្រី និងថ្នាំសង្កូវជាដើម ដែលធ្វើឱ្យថ្លៃដើមផលិតរបស់យើងខ្ពស់ជាងគេ។
អំពីគុណភាព ត្រីដែលចិញ្ចឹមក្នុងស្រុកមានគុណភាពល្អ ដោយសារយើងចិញ្ចឹមក្នុងទ្រង់ទ្រាយតូចល្មមជាមួយនឹងបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ ចំណែកត្រីដែលនាំចូលវិញ យើងមិនអាចកំណត់ប្រភពឱ្យបានច្បាស់លាស់នោះទេ ពីព្រោះពេលខ្លះគេអាចប្រើប្រាស់ថ្នាំអង់ទីប្យូទិចច្រើនជ្រុល និងសារធាតុគីមីផ្សេងៗទៀត ដែលអាចបង្ករផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ។

កម្ពុជាថ្មី៖ តើត្រីធម្មជាតិផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ដែរឫទេ?
លោកសុខ រ៉ាដែន៖ ត្រីធម្មជាតិគឺជាត្រីដែលរស់នៅក្នុងបឹង អូរ ត្រពាំង ឫស្រែជាដើម ដែលមិនត្រូវបានប៉ះពាល់ដោយសារធាតុគីមីពីរោងចក្រ ឫសារធាតុគីមីដែលកសិករប្រើប្រាស់នៅក្នុងស្រែ ប៉ុន្តែបច្ចុប្បន្នយើងឃើញថាបឹង អូរ ត្រពាំង ឫស្រែមួយចំនួន បានរងផលប៉ះពាល់ដោយសារធាតុគីមីពីរោងចក្រ ឫពីកសិករដែលបានប្រើប្រាស់សារធាតុគីមីបាញ់ចូលក្នុងស្រែ។ ដូច្នេះ ត្រីដែលរស់នៅក្នុងបឹង អូរ ត្រពាំង ឫស្រែទាំងនោះមិនមែនជាត្រីធម្មជាតិ១០០ភាគរយទេ។ ប៉ុន្តែត្រីដែលចិញ្ចឹមត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសថ្មី មានទឹកល្អ និងចំណីល្អ វាមានសុវត្ថិភាពជាង និងល្អជាង។ បច្ចុប្បន្ន ត្រីធម្មជាតិមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់ទេ ដូច្នេះតម្រូវការទីផ្សារត្រូវជំនួសដោយត្រីចិញ្ចឹម។

កម្ពុជាថ្មី៖ ដើម្បីឈានទៅផ្គត់ផ្គង់ត្រីក្នុងស្រុកឱ្យបានជាអតិបរិមា តើវិស័យវារីវប្បកម្មនៅកម្ពុជា ចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រអ្វីបន្ថែមទៀត?
លោក សុខ រ៉ាដែន៖ ដើម្បីឈានទៅផ្គត់ផ្គង់ត្រីក្នុងស្រុកឱ្យបានជាអតិបរិមា វិស័យវារីវប្បកម្មនៅកម្ពុជាចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ការសាងសង់អាងទឹកធំៗទុកប្រើប្រាស់ ដែលយើងអាចយកទឹក មកប្រើប្រាស់បានតាមរយៈការទប់ទឹកទន្លេរសាប ពីព្រោះទឹកជាកត្តាសំខាន់បំផុតក្នុងការចិញ្ចឹមត្រី។ លើសពីនេះ យើងសូមឱ្យមានការបន្ធូបន្ថយលើតម្លៃអគ្គីសនី និងការគាំទ្រចំពោះការផលិតចំណីត្រីក្នុងស្រុកឱ្យបានច្រើន ហើយម្យ៉ាងទៀតសូមឱ្យការយកពន្ធលើការនាំចូលចំណីត្រីមានកម្រិតទាប ដោយសារការនាំចូលចំណីត្រីធ្វើឱ្យវារីវប្បករយើងចំណាយថ្លៃដើមខ្ពស់។ ចុងក្រោយ នៅពេលយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងគ្រប់គ្រាន់ តម្លៃអគ្គីសនី និងចំណីត្រីទាប យើងមិនត្រឹមតែអាចផលិតត្រីបានច្រើនជាអតិបរមានោះទេ យើងថែមទាំងអាចនាំត្រីចេញទៅលក់លើទីផ្សារអន្តរជាតិទៀតផង។
អត្ថបទ៖ វ៉ាត វិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ