សេដ្ឋកិច្ច
អាជីវករ លក់បន្លែចម្រុះ ក្នុងស្រុកឯកភ្នំ អាចរកប្រាក់ចំណូលបានប្រសើរ ចំពេលដែលអាកាសធាតុឡើងកម្ដៅ
បច្ចុប្បន្នគេសង្កេតឃើញបន្លែដែលជាប្រភេទដំណាំឆ្លងកាត់ ឬដំណាំចម្រុះគ្រប់មុខ ក្នុងនោះ មានដូចជា ផ្លែននោង ស្លឹកបាស់ ស្លឹកជី ស្អំ ស្ពៃ និងត្រកួនជាដើម។
អាជីវករក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ថា ពួកគាត់អាចរកប្រាក់ចំណូលបានគ្រាន់បើ ស្របពេលអាកាសធាតុឡើងកម្ដៅខ្លាំង ត្បិតប្រភេទបន្លែចម្រុះទាំងនេះ ជាប្រភេទអាហារប្រចាំថ្ងៃសម្រាប់មនុស្សទូទៅ។
ជាក់ស្ដែង ដំណាំឆ្លងកាត់ គឺជាប្រភេទដំណាំ ដែលប្រើប្រាស់ការដាំដុះ ហើយប្រមូលផល ក្នុងរយៈពេលខ្លី ចន្លោះពី ៣-៦ខែ កសិករអាចប្រមូលផល ដើម្បីយកទៅលក់បន្តក្នុងទីផ្សារ ជារៀងរាល់ឆ្នាំ។

បើតាមអាជីវករលក់បន្លែប្រភេទខាងលើនៅតាមទីផ្សារជាច្រើន បានលើកឡើងស្រដៀងគ្នាថា រដូវកាលនេះពួកគាត់លក់ដាច់ គ្រាន់បើជាងរដូវកាលកន្លងទៅ។ ពួកគាត់ថា ការលក់ដាច់នេះ ដោយសារតែរដូវកាលនេះមានរលកកម្តៅក្តៅខ្លាំងខុសពីឆ្នាំមុនៗ ទើបគ្រប់បន្លែលក់ដាច់ ហើយពួកគាត់ក៏ពិបាកដើរទិញនៅតាមភូមិ នោះដែរ។
អ្នកស្រី ធី អាជីវករលក់បន្លែគ្រប់មុខអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដើម្បីទ្រទ្រង់គ្រួសារទាំងស្រុង បានលើកឡើងថា នៅរដូវកាលឆ្នាំនេះ បើគិតពីពាក់កណ្តាល ខែមីនា កន្លងមករហូតដល់ពេលនេះ លោកស្រីលក់ដាច់គ្រាន់បើ ហើយអ្នកស្រីពិបាកដើរកទិញពីតាមភូមិ ដោយសារតែអ្នកភូមិខ្លះ ប្រមូលផលបានតិចតួច ហើយខ្លះត្រូវប្រឈមនឹងកម្តៅស្វិតអស់ ជាពិសេស ផ្លែននោងជ្រុង និងននោងប្រហើរ គឺពិបាករកទិញយកមក លក់បន្ត ខណៈបន្លែ២មុខនេះ លក់ដាច់ខ្លាំង ដោយសារតែបន្លែនេះ វាធ្វើឱ្យអ្នកដែលបរិភោគត្រជាក់ខ្លួន និងជួយសុខភាព ផងដែរ។

អ្នកស្រីបន្តថា ផ្លែននោងឡើងថ្លៃ ប៉ុន្មានប្រហែល ១អាទិត្យមុន ១គីឡូក្រាម មានតម្លៃ ២០០០រៀល តែពេលនេះឡើង ៣០០០រៀល ទាំងននោងជ្រុង និងនោងប្រហើរ។
យ៉ាងណាមិញ ប្រជាកសិករ ដែលជាអ្នកដាំដុះលើផ្ទៃដីភូមិក្នុងមូលដ្ឋាន ក្នុងស្រុកឯកភ្នំ បានឱ្យដឹងថា បន្លែននោងជ្រុង អ្នកស្រី ប្រហែល កន្លះខែមុន បានប្រមូលផល លក់ឱ្យឈ្មួញ បាន១គីឡូក្រាម ក្នុងតម្លៃត្រឹមចន្លោះពី ១៥០០រៀល ទៅ ២០០០រៀល តែប៉ុណ្ណោះ។

សម្រាប់ពេលបច្ចុប្បន្ននេះ ប្រភេទបន្លែទាំងនេះ អាចលក់ចេញបាន ចន្លោះពី ១គីឡូក្រាម តម្លៃ ២៥០០រៀល ទៅ ៣០០០រៀល ដោយពេលខ្លះរកតែននោងលក់មិនបានផង ព្រោះដើមននោងចាប់ស្វិតងាប់បណ្តើរៗដោយសារតែក្តៅពេក ហើយប្រភពទឹកក៏នៅតិចស្ទើររីងស្ងួតទាំងស្រុង។
លោកស្រីបន្ថែមថា «គ្រួសារខ្ញុំដាំដំណាំឆ្លងកាត់នេះរាល់ឆ្នាំ មិនរើសខែថ្ងៃនោះទេ អស់មួយសារដាក់ដាំថ្មីទៀតជាបន្តបន្ទាប់ ដើម្បីទ្រទ្រង់គ្រួសារ ព្រោះតែគ្មានមុខរបរអ្វីផ្សេង បើសិនជាលក់ ដាច់ដូចឆ្នាំនេះ ពិតជាសប្បាយចិត្ត ភ្លេចការនឿយហត់ជាមិនខានឡើយ»។

ចំណែក ប្រជាកសិករ នៅស្រុកមោងឫស្សីម្នាក់ទៀត លោក ឡឹប បានឱ្យដឹងដែរថា ផ្លែននោងលោកបេះស្ទើរមិនទាន់តាមតម្រូវការ លើទីផ្សារ ក៏ដូចជាអ្នកភូមិជាមួយគ្នាដែលមករកទិញដល់ចម្ការ ដែលលោកបានដាំលើផ្ទៃដីត្រឹម ១រ៉ៃប៉ុណ្ណោះ ហើយក៏ទទួល បានកម្រៃគ្រាន់បានទប់ទល់ជីវភាពក្នុងគ្រួសារផងដែរ។
លោកបន្តថា «បើតាមខ្ញុំគិត ថាទំហំដី ១រ៉ៃនេះ វាជាប្រភពផ្តល់ជីវភាពរបស់គ្រួសារខ្ញុំ ឱ្យតែយើងចេះច្នៃវាវានឹងមានប្រយោជន៍ ហើយកន្លងមកខ្ញុំតែងចេញ រកលុយឆ្ងាយពីគ្រួសារ តែអត់មានអីសល់ធំដុំផង ដល់ពេលខ្ញុំចាប់ផ្តើមធ្វើដំណាំឆ្លងកាត់លុយបានរហូត បើគិតទៅខ្ញុំធ្វើយូរឆ្នាំដែរហើយ បើគឹតមកដល់ពេលនេះ បន្លែដែលខ្ញុំដាំតម្រូវតាមទីផ្សារ តែននោង ត្រូវតែមានរហូត ព្រោះគេចូលចិត្តគ្រប់គ្នា»។

ដោយឡែក លោកស្រី ផាន់ មុំ ជាកសិករក្នុងស្រុកបាណន់ ជាអ្នកដាំបន្លែឆ្លងកាត់មិនតិចឆ្នាំនោះដែរ បាននិយាយប្រាប់ដោយ លាយឡំសំណើចថា ពេលនេះអ្នកដាំបន្លែ បែរជារកទិញបន្លែពីផ្សារស្ទើរមិនចង់បាន ព្រោះបន្លែដែលបានដាំត្រូវងាប់គ្មានសល់ ដោយសាររលកកម្តៅក្តៅស្ទើរឆេះ។
លោកស្រីសង្កត់ថា «មិនមែនតែខ្ញុំទេ ដំណាំអ្នកផ្សេងៗក៏ស្វិតងាប់ទាំងអស់ដែរ បើសិនជាមានអ្នកដាំបាន នៅសល់លក់ក៏បានថ្លៃដែរ ដូចដំណាំបន្លែខ្ញុំអ៊ីចឹង បើសិននៅសល់ដូចឆ្នាំមុន គឺបានលុយក៏មិនតិចដែរ អាចនិយាយបានថា គួរសម»៕
អត្ថបទ ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា