សេដ្ឋកិច្ច
កម្ពុជាជំរុញឱ្យក្រុមហ៊ុនជប៉ុនបន្តពង្រីកការវិនិយោគ និងលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានលើកឡើងថាប្រទេសជប៉ុនជាដៃគូដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងបានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុនជប៉ុនធំៗមួយចំនួនបានបើកដំណើរការយ៉ាងរលូន។
លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងបែបនេះក្នុងកម្មវិធីសម្ពោធពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនឧទ្យានយ៉ូយ៉ូហ្កិ (Yoyogi Park) ទីក្រុងតូក្យូ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ព្រមទាំង ឯកឧត្តម HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន។
ពិព័រណ៍កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ទេសចរណ៍ ផលិតផលសក្តានុពលខ្មែរ និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិ។
សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់សរុបចំនួន ៩០ បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនូវម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរជាច្រើនមុខ ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកម្ពុជា ដឹកនាំដោយក្រសួងពាណិជ្ជកម្ម មានចំនួន ៧ក្រុមហ៊ុន។
លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មបច្ចុប្បន្នរបស់កម្ពុជា សក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។ លោកបានចាត់ទុកប្រទេសជប៉ុនជាដៃគូដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងបានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុនជប៉ុនធំៗមួយចំនួនបានបើកដំណើរការនៅកម្ពុជា ដូចជា Minebea, Aeon Mall ហើយថ្មីៗនេះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) នៅប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុននៅកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ដោយក្នុងឱកាសនោះលោកបានស្នើឱ្យវិនិយោគិនជប៉ុនចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យច្រើន ជាមួយគ្នានោះលោកក៏ជំរុញឱ្យផ្នែកឯកជននៃប្រទេសទាំង ២ ធ្វើការសិក្សារួមគ្នាដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) នៅកម្ពុជាផងដែរ។
បច្ចុប្បន្នកម្ពុជាក៏កំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរនឹងលេចរូបរាងឡើងនាពេលដ៏ខ្លីខាងមុខនេះនៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុនក្នុងគោលបំណងដើម្បីជំរុញការដោះដូរទំនិង ការផ្តល់ព័ត៌មានវិនិយោគជាពិសេសសម្រាប់ដាក់តាំងបង្ហាញផលិតផលខ្មែរ។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ៣២៥,៦៥លានដុល្លារ កើនឡើង ៩,៣ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមាន ២៩៨,០៦លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅជប៉ុន ២៣៧,២២លានដុល្លារ កើន ១៥,៣ភាគរយ ចំណែកទំនិញជប៉ុននាំមកកម្ពុជា ៨៨,៤៣លានដុល្លារ ថយចុះ ៤,៣ភាគរយ។ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ស្មើនឹង ៤,០១ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងខែមករា-កុម្ភៈ ឆ្នាំ២០២៤ ដែលមាន ៨,១២ពាន់លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ