សេដ្ឋកិច្ច
Facebook និង Instagram រងការស៊ើបអង្កេតនៅអឺរ៉ុប ជុំវិញកង្វល់សុវត្ថិភាពកុមារ
សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានបើកការស៊ើបអង្កេតលើហ្វេសប៊ុក និងអ៊ិនស្ដាក្រាម ជុំវិញកង្វល់ដែលថាក្រុមហ៊ុនមេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់វេទិកាបណ្ដាញសង្គមទាំង២ បានបរាជ័យក្នុងការការពារសុវត្ថិភាពកុមារដែលប្រើប្រាស់វា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ការស៊ើបអង្កេតនេះ គឺជាភស្តុតាងចុងក្រោយបង្អស់ដែលបង្ហាញថា និយតករអឺរ៉ុបកំពុងផ្តោតកាន់តែខ្លាំងឡើងពីផលប៉ះពាល់ដ៏គ្រោះថ្នាក់របស់វេទិកាបណ្ដាញសង្គមនានា ទៅលើអ្នកប្រើប្រាស់វ័យក្មេង រួមទាំងបញ្ហាដែលថា វេទិកាទាំងនោះធ្វើឱ្យក្មេងៗញៀននឹងប្រើប្រាស់។
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប នឹងពិចារណាថាតើ ក្រុមហ៊ុនមេតា បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សេវាកម្មឌីជីថល (DSA) ដែលជាច្បាប់ថ្មីរបស់ប្លុកសម្រាប់គ្រប់វេទិកាអនឡាញ ដែរ ឬយ៉ាងណា។
ច្បាប់ DSA តម្រូវឱ្យវេទិកាអនឡាញទាំងអស់ ដាក់ចេញនូវវិធានការណ៍ដើម្បីការពារក្មេងៗ រួមទាំងការការពារកុំឱ្យពួកគេឃើញមាតិកាមិនសមរម្យ និងការធានាមានឯកជនភាព និងសុវត្ថិភាពកម្រិតខ្ពស់ ជាដើម។ ការមិនអនុលោមតាមច្បាប់នេះ អាចបណ្តាលឱ្យក្រុមហ៊ុនរងការផាកពិន័យជាប្រាក់ប្រមាណ ៦ ភាគរយនៃប្រាក់ចំណូលសកលរបស់ខ្លួន។

ក្រោមការស៊ើបអង្កេតចុងក្រោយ គណៈកម្មការអឺរ៉ុបបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គណៈកម្មការមានការព្រួយបារម្ភថា ដោយសារតែភាពទន់ខ្សោយ និងការគ្មានបទពិសោធន៍របស់អនីតិជន ហ្វេសប៊ុក និងអ៊ិនស្តាក្រាម អាចបណ្ដាលឱ្យពួកគេក្លាយជាញៀននឹងវេទិកាទាំង២។ គណៈកម្មាការបន្តថា ខ្លួនក៏មានការព្រួយបារម្ភផងដែរ អំពីការធានាអាយុ និងវិធីសាស្រ្តផ្ទៀងផ្ទាត់របស់ក្រុមហ៊ុនមេតា ដោយកត់សម្គាល់ថា មុខងារទាំងនោះប្រហែលជាគ្មានប្រសិទ្ធភាពទេ។
ឆ្លើយតបនឹងការស៊ើបអង្កេតនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនមេតា បានប្រាប់ CNN យ៉ាងដូច្នេះថា៖ «យើងចង់ឱ្យមនុស្សវ័យក្មេងមានបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងសមស្របតាមអាយុលើអ៊ិនធឺណិត ហើយយើងបានចំណាយពេលមួយទសវត្សរ៍ដើម្បីបង្កើតមុខងារ និងគោលការណ៍ជាង ៥០ ដែលត្រូវបានរចនាឡើង ដើម្បីការពារពួកគេ»។ អ្នកនាំពាក្យបន្តថា៖ «នេះជាបញ្ហាប្រឈមដែលឧស្សាហកម្មទាំងមូលកំពុងប្រឈម ហើយយើងទន្ទឹងរង់ចាំចែករំលែកព័ត៌មានលម្អិតនៃការងាររបស់យើង ជាមួយគណៈកម្មការអឺរ៉ុប»។

ទោះបីបែបនេះក្ដី ស្នងការអឺរ៉ុបសម្រាប់ទីផ្សារផ្ទៃក្នុង លោក Thierry Breton បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមិនជឿជាក់ថា (ក្រុមហ៊ុនមេតា) បានធ្វើសកម្មភាពគ្រប់គ្រាន់ ដើម្បីអនុវត្តតាមកាតព្វកិច្ច DSA ក្នុងការកាត់បន្ថយហានិភ័យនៃផលប៉ះពាល់អវិជ្ជមានដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ក្មេងៗអឺរ៉ុប។ យើងនឹងធ្វើគ្រប់យ៉ាង ដើម្បីការពារកូនៗរបស់យើង»។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនមេតាបានប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងផលប៉ះពាល់នៃវេទិការបស់ខ្លួនលើអ្នកប្រើប្រាស់វ័យក្មេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រុមហ៊ុនបណ្ដាញសង្គម យក្សនេះ បានរងការប្តឹងពីសាលារៀនតាមស្រុកនានារបស់សហរដ្ឋអាមេរិក និងអគ្គមេធាវីរដ្ឋផ្សេងៗ នៅក្នុងបណ្តឹងទាក់ទងនឹងសុខភាពផ្លូវចិត្ត សុវត្ថិភាព និងឯកជនភាពរបស់ក្មេងៗ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?