ព័ត៌មានជាតិ
មន្រ្តីនិងអាជីវករក្នុងក្រុងបាត់ដំបងលើកឡើងដូចគ្នា មូលហេតុនាំឲ្យសណ្តែកកួរឡើងថ្លៃ
អាជីវករលក់បន្លែកសិកម្ម នៅតាមទីផ្សារធំៗនៅក្នុងក្រុងបាត់ដំបង បានលើកឡើងប្រហាក់ប្រហែលគ្នាថា ប៉ុន្មានថ្ងៃមកនេះឃើញមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផុលផុសអំពីសណ្តែកកួរឡើងថ្លៃ។

អាជីវករដែលកម្ពុជាថ្មីបានជួបសម្ភាសន៍បានទទួលស្គាល់ថា សណ្តែកកួរឡើងថ្លៃ តែមិនដល់ថ្នាក់ថ្លៃដូចការបង្ហោះនោះទេ។ បើតាមអាជីវករ ការបង្ហោះព័ត៌មាននោះមានចេតនាណាមួយមិនខាន។
អ្នកស្រី វ៉ាន់ថា អាជីវករលក់ដូរនៅផ្សារណាត់ក្រុងបាត់ដំបងបានលើកឡើងថា តាមពិតសណ្តែកកួរឡើងថ្លៃទៅតាមប្រភេទ ដែលឈ្មួញដើរទិញយកមកលក់បន្តនៅលើទីផ្សារ ដោយកំណត់តម្លៃពីលេខ ១ ដល់លេខ ៣ ហើយបើលេខ១ លក់នៅលើទីផ្សារ ១ គីឡូក្រាម ចន្លោះពី ៨ ពាន់រៀលដល់ ១ ម៉ឺន ២ ពាន់រៀល។ តែឥឡូវបានចុះថ្លៃជាបន្តបន្ទាប់វិញហើយ ក្រោយពីអាកាសធាតុបានប្រែប្រួលនិងមានភ្លៀងធ្លាក់ផង។
លោកស្រីអះអាងថា «មិនមែនតែសណ្តែកកួរទេឡើងថ្លៃ សូម្បីផ្លែននោងក៏បានឡើងថ្លៃ រហូតដល់ ៥ ពាន់រៀល ក្នុង ១ គីឡូក្រាម រួមបន្លែកសិកម្មផ្សេងទៀត។ នេះដោយសារតែអាកាសធាតុក្តៅខ្លាំងពេក សូម្បីដើមចេកខ្ញុំក្រោយផ្ទះក៏ស្វិតអស់ដែរ»។

ស្ត្រីវ័យចំណាស់ៗដែលកំពុងដើរថ្មើជើង ក្នុងដៃមានយួរកន្ត្រកផង បានដើរចូលផ្សារ ១៣ មករា ក្រុងបាត់ដំបង និងបាននាំគ្នាជជែកអំពីបន្លែឡើងថ្លៃខុសពីឆ្នាំកន្លងទៅ សូម្បីតែផ្លែននោងក៏ថ្លៃដែរ ហើយយកមកលក់ទាំងផ្លែននោងមិនទាន់មានចេញគ្រាប់ខ្ចី ១ គ្រាប់ផង ក៏ឡើងដល់ ១ គីឡូក្រាម ៥ ពាន់រៀលដែរ។
ក្នុងចំណោមស្ត្រីទាំងនោះ លោកស្រី ចាន់នី បាននិយាយថា «ប្រហែល ១ អាទិត្យមុន ផ្លែននោងខ្ញុំទិញ ១ គីឡូក្រាមតែ ២៥០០ រៀល តែពេលនេះឡើងដល់ ៥ ពាន់រៀល។ ខ្ញុំថាការឡើងថ្លៃរាល់បន្លែកសិកម្មនេះ ដោយសារអាកាសធាតុក្តៅពេក ហើយអ្នកដាំក៏ជួបផលលំបាក ក្នុងការទទួលផល តិចទៀតទៅចុះថ្លៃវិញហើយ»។
កសិករដែលប្រកបរបរកសិកម្មដ៏ចាស់វស្សាមួយរូប គឺអ្នកស្រី តៅ ស៊ា អាយុ ៥០ ឆ្នាំ រស់នៅភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានឲ្យដឹងថា អ្នកស្រីប្រកបមុខរបរ ដាំបន្លែលក់ជាច្រើនឆ្នាំមកហើយ។ បន្លែទាំងនោះ មានដូចជា សណ្តែកគួ ត្រប់ ត្រសក់ ល្ពៅជាដើម។
ខណះដែលកំពុងប្រមូលផលសណ្តែកកួរអ្នកស្រីថា សណ្តែកកួរប្រសិនបើឆ្នាំ នេះហុចផលច្រើនដូចឆ្នាំកន្លងទៅ អ្នកស្រីពិតជារកចំណូលបានច្រើនណាស់ ខណះដែលអ្នកស្រីបានលើកឡើងថា កាលពីឆ្នាំមុនៗ កសិករជាអ្នកផលិតដំណាំកសិកម្មតែងតែប្រឈមទីផ្សារ ដោយសារតែក្រុមឈ្មួញ ហើយទីផ្សារក៏ចង្អៀតធ្វើឲ្យផ្លែសណ្តែកកួរអ្នកស្រីលក់មិនបានថ្លៃ។
អ្នកស្រីបន្តថា «កាលឆ្នាំមុនៗខ្ញុំប្រមូលផលសណ្តែកកួរម្តង អាចបានប្រហែល ២០០ គីឡូ ក្រាម ហើយការប្រមូលផលមួយថ្ងៃចន្លោះមួយថ្ងៃ។ ចំណែកតម្លៃវិញកាលនោះលក់បាន ១ គីឡូក្រាមតែ ២០០០ រៀលប៉ុណ្ណោះ តែឆ្នាំនេះបានផលតិចតែបានថ្លៃ ដោយឈ្មួញមកទិញដល់ចម្ការបានរហូតដល់ចន្លោះពី ៤៥០០ ទៅ ៥០០០ រៀលក្នុង១គីឡូក្រាម សម្រាប់ផ្លែប្រភេទលេខ១។ នេះបើអ្នកស្រីគិតចាប់ពីរយះពេលប្រហែល ១ អាទិត្យមុន។
អ្នកស្រីបន្តថា «ឆ្នាំនេះមិនសូវបានផល វាក្តៅខ្លាំងពេក ធ្វើឲ្យស្លោកដើមហើយផ្លែតូចៗ ប៉ុន្មានថ្ងៃមុនបាន ១ គីឡូក្រាមតែ ៣ ពាន់រៀល ហើយនៅលើទីផ្សារបាន ៨ ពាន់ រៀលក្នុង១គីឡូក្រាម»។

បើតាមលោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ឆ្នាំនេះផ្នែកដំណាំកសិកម្មមិនអាចបំពេញតម្រូវការបានគ្រប់គ្រាន់លើទីផ្សារនោះទេ ខណះដែលដំណាំទាំងនោះ មិនអាចទ្រទ្រង់បានរលកកម្តៅ បើទោះបីកសិករខ្លះខិតខំព្យាយាមស្រោចទឹកខ្លះៗក៏មិន អាចទប់ទល់អាកាសធាតុបានដែរ ហើយមានតិចតួចណាស់ ដែលបានប្រមូលផលបាន។
លោកថា កត្តាដែលធ្វើឲ្យនៅលើទីផ្សារឡើងថ្លៃគឺ កត្តាអាកាសធាតុ និងកត្តាឈ្មួញប្រជែងគ្នា តែសណ្តែកកួរក៏មិនដល់ថ្នាក់ ១ គីឡូក្រាម ៣ឬ ៤ ម៉ឺនរៀលនោះទេ សម្រាប់ខេត្តបាត់ដំបង យ៉ាងស្ទុះ១ គីឡូក្រាមចន្លោះពី ១ ម៉ឺន រៀល ទៅ ១ ម៉ឺន២ពាន់រៀល តែពេលនេះក៏បានចុះថ្លៃបន្តបន្ទាប់វិញដែរ។
លោកថា បច្ចុប្បន្នអាជីវករយកតែបន្លែក្នុងស្រុកមកលក់ប៉ុណ្ណោះ ព្រោះពួក គាត់បានយល់ដឹងច្រើនអំពីបន្លែនាំចូល ដោយបារម្ភខ្លាំងចំពោះផលប៉ះពាល់ដល់សុខភាព តាមរយះការប្រើប្រាស់ជាតិគីមី នាំឲ្យប៉ះពាល់សុខភាពទាំងពួកគាត់ ទាំងពលរដ្ឋទូទៅ ទើបពួកគាត់លក់តែបន្លែក្នុងស្រុក៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?