សេដ្ឋកិច្ច
កម្ពុជា-ឡាវចាប់ដៃគ្នាក្នុងការអភិវឌ្ឍវិស័យមូលបត្រ
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា-ឡាវបន្តសហការគ្នាលើកការអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសសមាជិកអាស៊ានទាំងពីរនេះឱ្យកាន់តែមានភាពរីកចំរើនមួយកម្រិតទៀត ជាពិសេសគឺការចែករំលែកនូវព័ត៌មាននៃវិស័យនេះឱ្យគ្នាទៅវិញទៅមក។

លោក ស៊ូ សុជាតិ អគ្គនាយនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) កាលពីថ្ងៃទី១៦ ខែឧសភាបានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី២ និងសិក្ឋាសាលាចែករំលែកបទពិសោធន៍ជាមួយគណៈកម្មការមូលបត្រឡាវ (LSCO) ដែលដឹកនាំដោយលោកស្រី Fongchinda Sengsourivong អគ្គលេខា-ធិការនៃ LSCO ដែលបានរៀបចំឡើងនៅស្រុកវ៉ាងវៀង ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
បើយោងតាមន.ម.ក. កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងនិយ័តករទាំងពីរ ដោយបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍទីផ្សារមូលបត្រ និងទស្សនវិស័យ និងបានពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៤។
ន.ម.ក. បានចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការលើកកម្ពស់ការអប់រំក្នុងវិស័យមូលបត្រ, ការបង្កើតភ្នាក់ងារវាយតម្លៃលទ្ធភាពសងនៅកម្ពុជា, ការពង្រីក និងការគ្រប់គ្រងវិនិយោគិនក្នុងស្រុក និងបរទេស និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងទណ្ឌកម្មផ្នែករដ្ឋបាល។

លោក សុជាតិ បានថ្លែងក្នុងសិក្ខាសាសានោះថា៖ «ដោយកិច្ចសហប្រតិបត្តិការរវាងនិយ័តករទាំងពីរមានភាពជិតស្និទ្ធ យើងបង្កើតឡើងដោយស្មារតីបើកចំហ ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាស ខ្ញុំជឿជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគី កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងនឹងត្រួសត្រាយផ្លូវឈានទៅរកការវិវត្តដ៏សំខាន់ និងអនាគតដ៏ប្រសើរសម្រាប់និយ័តករទាំងពីរ»។
លោកស្រី Fongchinda Sengsourivong បានថ្លែងថាជាមួយចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដែលបានចែករំលែករវាងនិយ័តករទាំងពីរ បានពង្រឹង និងផ្ដល់ឱ្យអ្នកចូលរួមនូវព័ត៌មានដែលអាចអនុវត្តក្នុងការអភិវឌ្ឍទីផ្សារមូលបត្ររបស់ប្រទេសទាំងពីរ។
លោកស្រីបានថ្លែងថា៖«ខ្ញុំជឿជាក់ថា ទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងនិយ័តករទាំងពីរ នឹងអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ»។

បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ន.ម.ក. នឹងទទួលរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៣ រវាង ន.ម.ក. និង LSCO នៅក្នុងឆ្នាំ ២០២៥ ផងដែរ។
យោងតាមរបាយការណ៍របស់ន.ម.ក. ចាប់ពីឆ្នាំ ២០១១ គិតដល់ពេលបច្ចុប្បន្ន ទីផ្សារនេះមានក្រុមហ៊ុនចំនួន ២២ បានបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់ប្រមាណ ៤០០ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២២ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ១១ ផ្សេងទៀតបោះផ្សាយលក់មូលបត្របំណុល។
មកដល់ពេលបច្ចុប្បន្ន និយតករមូលបត្រកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាវិស័យមូលបត្រប្រហែល ១៣០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្រុមហ៊ុនចែកចាយលក់មូលបត្រ ក្រុមហ៊ុនសមភាគីកណ្តាល ឈ្មួញជួញដូរទីផ្សារនិស្សន្ទ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញឬទូទាត់សង ក្រុមហ៊ុនអភិបាលមូលនិធិ រួមទាំងក្រុមហ៊ុនផ្តល់សេវាផ្សេងទៀតដែលបម្រើវិស័យមូលបត្រកម្ពុជា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង