សេដ្ឋកិច្ច
ការសិក្សា៖ ការប្រែប្រួសអាកាសធាតុបង្កការខូតខាតផ្នែកសេដ្ឋកិច្ចជាងការគិតរហូតដល់ ៦ ដង
ការសិក្សាថ្មីមួយពីអ្នកជំនាញសេដ្ឋកិច្ចដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានរកឃើញថា ការខូតខាតផ្នែកសេដ្ឋកិច្ចបង្កឡើងដោយការប្រែប្រួលអាកាសធាតុ អាចធ្ងន់ធ្ងរលើសពីការគិតរហូតដល់ទៅ ៦ ដង ដោយសារកម្ដៅសកលរំពឹងថានឹងបង្ខាតទ្រព្យសម្បត្តិ ក្នុងអត្រាស្របនឹងកម្រិតនៃការខាតបង់ផ្នែកហិរញ្ញវត្ថុដោយសារសង្រ្គាមរ៉ាំរ៉ៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ហ្គាដឌៀន។

ការសិក្សា ដែលមិនទាន់ឆ្លងកាត់ការពិនិត្យពីអ្នកជំនាញផ្សេងៗទៀត (Peer Review) របស់អង្គការអាមេរិក ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច (NBER) បាននិយាយថា ការកើនឡើងកំដៅ ១ អង្សារសេ (ធៀបនឹងកម្ដៅមុនសម័យបដិវត្តន៍ឧស្សាហកម្ម) នាំឱ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (GDP) ធ្លាក់ចុះរហូតដល់ ១២ ភាគរយ ដែលខ្ពស់ជាងការវិភាគកាលពីមុនៗឆ្ងាយ។
ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មមក ពិភពលោកបានឡើងកំដៅលើសពី ១ អង្សារសេ ហើយអ្នកវិទ្យាសាស្ត្រអាកាសធាតុជាច្រើន បានព្យាករណ៍ព្រមានយ៉ាងព្រួយបារម្ភថា ពិភពលោកនឹងកើនកម្ដៅដល់ ៣ អង្សារសេនៅចុងសតវត្សន៍នេះ ដោយសារតែការបន្តនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលការណ៍នេះនឹងបង្កមហន្តរាយដ៏សម្បើមធ្ងន់ធ្ងរ។
ការសិក្សាថ្មីលើកឡើងថា ការកើនឡើងកម្ដៅ ៣ អង្សារសេ នឹងបណ្តាលឱ្យមាន «ការធ្លាក់ចុះយ៉ាងគំហុកនៃទិន្នផល ដើមទុន និងការប្រើប្រាស់លើសពី ៥០ ភាគរយ ត្រឹមឆ្នាំ ២១០០»។ ការបាត់បង់សេដ្ឋកិច្ចនេះ គឺធ្ងន់ធ្ងរណាស់ ដែលវា «អាចប្រៀបធៀបទៅនឹងការខូចខាតសេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាមក្នុងស្រុក និងសង្គ្រាមអចិន្ត្រៃយ៍បាន»។

លោក Adrien Bilal សេដ្ឋវិទូនៅសាកលវិទ្យាល័យ Harvard ដែលស្រាវជ្រាវរួមគ្នាជាមួយលោក Diego Känzig សេដ្ឋវិទូនៅសាកលវិទ្យាល័យ Northwestern បានសរសេរថា៖ «វានឹងនៅតែមានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសមួយចំនួន ប៉ុន្តែនៅចុងសតវត្សរ៍នេះ មនុស្សនឹងក្រជាងស្ថានភាពដែលពួកគេត្រូវមានប្រសិនបើគ្មានការប្រែប្រួលអាកាសធាតុ រហូតដល់ ៥០ភាគរយ»។
លោក Bilal បាននិយាយថា ការបាត់បង់ទ្រព្យសម្បត្តិនឹងកើនឡើង ប្រសិនបើវិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរ ដែលអាចប្រៀបធៀបទៅនឹងប្រភេទនៃការខាតបង់សេដ្ឋកិច្ច ដែលគេឃើញក្នុងអំឡុងសង្រ្គាម។
លោក Bilal បានគូសបញ្ជាក់ថា៖ «ដើម្បីកុំឱ្យច្រឡំ ការប្រៀបធៀបទៅនឹងសង្រ្គាម មានតែលើផ្នែកនៃការប្រើប្រាស់ និងផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ។ រាល់ការឈឺចាប់ និងការស្លាប់នៃសង្រ្គាមគឺជារឿងសំខាន់ ហើយមិនត្រូវបានរាប់បញ្ចូលក្នុងការវិភាគនោះទេ»។ យ៉ាងក៏ដោយ លោកបន្តថា៖ «ការប្រៀបធៀប អាចមើលទៅគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែបើនិយាយពី GDP សុទ្ធ មានភាពស្រដៀងគ្នាទៅនឹងសង្រ្គាម ហើយវាជាការគិតដែលគួរឲ្យបារម្ភ»។
គួរគូសបញ្ជាក់ថា ការសិក្សាថ្មីដដែលបានដាក់ការប៉ាន់ប្រមាណខ្ពស់ លើការខាតបង់សេដ្ឋកិច្ច ជាងការស្រាវជ្រាវពីមុនៗ ដោយគណនាតម្លៃសង្គមកាបូន (តម្លៃគិតជាដុល្លារនៃការខូចខាតដែលកើតមានពីការបំភាយកាបូនមួយតោន) ១ ០៥៦ ដុល្លារ/តោន។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) បានប៉ាន់ស្មានតម្លៃនេះ ប្រហែល ១៩០ ដុល្លារ/តោនប៉ុណ្ណោះ។
យ៉ាងណាមិញ លោក Bilal បានថ្លែងថា ការសិក្សាថ្មីរបស់ខ្លួន ធ្វើឡើងដោយមើលពី ការខាតបង់សេដ្ឋកិច្ចពីការប្រែប្រួលអាកាសធាតុ ដោយការវិភាគលើមាត្រដ្ឋានសកល ជាជាងផ្អែកលើមូលដ្ឋានប្រទេសនីមួយៗ។ លោកបន្តថា វិធីសាស្រ្តនេះ បានចាប់យកលក្ខណៈទំនាក់ទំនងគ្នាទៅវិញទៅមកនៃផលប៉ះពាល់នៃរលកកំដៅ ព្យុះ ទឹកជំនន់ និងផលប៉ះពាល់ធាតុអាកាសហួសហេតុផ្សេងៗទៀត ដែលបំផ្លាញទិន្នផលដំណាំ កាត់បន្ថយផលិតភាពកម្មករ និងកាត់បន្ថយការវិនិយោគទុនជាដើម។

ការសិក្សារបស់ NBER ចេញផ្សាយឡើង ក្រោយពីការស្រាវជ្រាវដាច់ដោយឡែកពីគ្នាមួយ ដែលបានចេញផ្សាយកាលពីខែមុន និងបានរកឃើញថា ប្រាក់ចំណូលជាមធ្យមរបស់សកល នឹងធ្លាក់ចុះជិត ១/៥ ក្នុងរយៈពេល ២៦ ឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងអ្វីដែលពួកគេគួរមាន បើគ្មានវិបត្តិអាកាសធាតុ។ ការកើនឡើងសីតុណ្ហភាព ភ្លៀងធ្លាក់ខ្លាំង និងធាតុអាកាសហួសហេតុកាន់តែញឹកញាប់ និងខ្លាំងក្លា រំពឹងថានឹងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញចំនួន ៣៨ ទ្រីលានដុល្លារជារៀងរាល់ឆ្នាំនៅពាក់កណ្ដាលសតវត្សរ៍នេះ។
ការសិក្សាទាំង២នេះ បញ្ជាក់យ៉ាងច្បាស់ថា ការងាកចេញពីឥន្ធនៈហ្វូស៊ីល និងការទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុគឺជាវិធានការបន្ទាន់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ