Connect with us

សេដ្ឋកិច្ច

ទុនវិនិយោគក្នុងតំបន់ឈរលំដាប់កំពូលនៃFDI មកកម្ពុជាកាលពីឆ្នាំមុន

បានផុស

នៅ

ភ្នំពេញ៖ លំហូរទុន​វិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីបណ្តាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសចិនបានឈានមុខគេនៃការវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣​ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់ហាក់ងើបឡើងតិចតួចក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​«ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា(NBC) ​នៅថ្ងៃទី២០ឧសភាកន្លងទៅនេះ លំហូរទុន​វិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានបន្តស្ទុះងើបឡើងវិញទៅនឹងនិន្នាការមុនការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែលំហូរទុននេះគឺ​មិនស្មើគ្នានៅ​តាមវិស័យនិមួយៗឡើយ។ លំហូរ FDI ឈានដល់ ៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង១០,៦ ភាគរយ និងលើសពីចំនួនមុនពេលជំងឺរាតត្បាតក្នុងឆ្នាំ២០១៩ដែលមានទឹកប្រាក់ទុនវិនិយោគសរុបចំនួន  ៣,៧ពាន់លានដុល្លារ។​

លំហូរទុន FDI ពីប្រទេសចិននៅតែឈរនៅលំដាប់កំពូល។ ប្រទេសចិនមានចំនួនច្រើនជាងពាក់កណ្តាលនៃលំហូរ FDI ក្នុងឆ្នាំ ២០២៣ ជាមួយនឹងការវិនិយោគភាគច្រើនក្នុងវិស័យផលិតកម្ម ហិរញ្ញវត្ថុ សំណង់ អចលនទ្រព្យ និងកន្លែងស្នាក់នៅ។ ប្រទេសអាស៊ីផ្សេងទៀតក៏បានរួមចំណែកដល់លំហូរ FDI រួមមានកូរ៉េខាងត្បូង (១០,២ភាគរយ) ជប៉ុន (៧,៦ភាគរយ) និងសិង្ហបុរី (៦,៦ភាគរយ) ​ ខណៈដែល FDI ពីប្រទេសកាណាដាក៏មានទំហំ (៩,៥ភាគរយ) ផងដែរ។ ប្រទេសទាំងនេះវិនិយោគជាចម្បងលើផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ និងការផលិត។

«ការវិនិយោគផ្ទាល់ពីបរទេសទៅលើវិស័យផលិតកម្មបានកើនឡើងចំនួន៧៦,៤ភាគរយ ​តំណាងឱ្យ ៣៦,៥​ ភាគរយនៃលំហូរ FDI សរុប។ សម្រាប់ការវិនិយោគទៅលើវិស័យឧស្សាហកម្មផលិតកម្មបែបប្រពៃណីដូចជាសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌនៅតែវិស័យដ៏ទាក់ទាញ។ ប៉ុន្តែ​ឧស្សាហកម្ម​ផ្សេង​ទៀត​ក៏​បាន​លេច​ឡើង​ផងដែរ រួម​មាន​ការ​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ ការ​កែច្នៃ​អាហារ និង​សំបក​កង់​រថយន្ត»។ នេះបើយោងតាម NBC។

របាយការណ៍ដដែលក៏បានបង្ហាញទៀតថា ការវិនិយោគផ្ទាល់ពីបរទេសទៅលើវិស័យមិនមែនផលិតកម្មមួយចំនួនក៏បានកត់ត្រាពីកំណើនជាវិជ្ជមានផងដែរ រួមមានសំណង់ (១៧,៤ ភាគរយ) កសិកម្ម (២,៧ ភាគរយ) និងវារីអគ្គិសនី (២០,៣ ភាគរយ)។ ទោះជាយ៉ាងណាក៏ដោយ លំហូរ FDI ទៅកាន់វិស័យមួយចំនួនបានធ្លាក់ចុះ ដូចជាវិស័ហិរញ្ញវត្ថុ (ថយចុះ ១៨,៦ភាគរយ) អចលនទ្រព្យ (ថយចុះ ១១,៨ ភាគរយ) និងកន្លែងស្នាក់នៅ (ថយចុះ១,៦ភាគរយ) ។

លោកស្រីបណ្ឌិត ជា សិរី ទេសភិបាលរបស់NBC ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» នៅថ្ងៃទី២០ឧសភាថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើង តាំងពីឆ្នាំ២០២៣ ក្នុងអត្រា៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ ដែលធ្វើឱ្យអត្រាអតិផរណាបានថយចុះមកត្រឹម២,១ភាគរយ ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បើទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។

លោកស្រីបណ្ឌិតបាន បន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។

លោកស្រីបណ្ឌិតថា៖« ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែក ទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច»។

ទោះយ៉ាងណា លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។

លោកស្រីបានបណ្ឌិតថ្លែងបញ្ជាក់ថា៖«ហានិភ័យទាំងអស់នេះ អាចបណ្តាលឱ្យសកម្ម ភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈម នឹងហានិភ័យផងដែរ ដូចជាហានិភ័យឥណទាននិងទីផ្សារ ជាដើម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៧ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣១ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៣ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម