សេដ្ឋកិច្ច
លោក ស្រេតថា ព្រមានពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចថៃ
នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានថ្លែងកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសថៃប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយចង្អុលបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុប(GDP) ទាប បំណុលគ្រួសារ និងអត្រាតម្លៃប្រាក់កម្ចីខ្ពស់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
លោក ស្រេត ថា ដែលកំពុងធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសជប៉ុន បានថ្លែងថា លោកនឹងធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយសម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ ដើម្បីបំផុសគំនិតស្តារសេដ្ឋកិច្ចឡើងវិញ។ លោកបន្តថា កិច្ចប្រជុំពិសេសនឹងធ្វើឡើងរៀងរាល់សប្តាហ៍ សម្រាប់អនាគតដ៏ខ្លីខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតគំនិតថ្មីៗ។
ការព្រមាន និងចំណាត់ការរបស់លោក ស្រេតថា ធ្វើឡើង ក្រោយក្រុមប្រឹក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានរាយការណ៍ពីកំណើនសេដ្ឋកិច្ចថៃត្រឹមតែ ១,៥ ភាគរយប៉ុណ្ណោះក្នុងត្រីមាសដំបូងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមបាងកកប៉ុស្តិ៍ NESDC រំពឹងថា ថៃនឹងមានកំណើន GDP ចន្លោះពី ២ ទៅ ៣ ភាគរយនៅឆ្នាំនេះ ពោលគឺទាបជាងការព្យាករណ៍កាលពីលើកមុន (២,២ ទៅ ៣,២ ភាគរយ)។ កំណើនសេដ្ឋកិច្ចថៃឆ្នាំមុន មានត្រឹម ១,៩ ភាគរយប៉ុណ្ណោះ។
ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋថៃដដែល បានឱ្យដឹងថា ការបន្ទាបការព្យាករណ៍នេះឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃហានិភ័យពីខាងក្រៅ ជាពិសេសគោលនយោបាយពាណិជ្ជកម្មបែបគាំពារនិយមដែលកំពុងតែឡើងកម្ដៅ ជម្លោះភូមិសាស្ត្រនយោបាយ និងការប្រែប្រួលកាន់តែខ្លាំងទៅៗនៃសេដ្ឋកិច្ចពិភពលោក។
ក្រោមកង្វល់នេះ លោក ស្រេតថា បានថ្លែងថា៖ «GDP បានកើនឡើងត្រឹមតែ ១,៥ ភាគរយ។ បើគ្មានវិស័យសេវាកម្ម និងទេសចរណ៍ទ្រទេ ឥឡូវនេះយើងនឹងប្រឈមពីហានិភ័យនៃសេដ្ឋកិច្ចធ្លាក់ចុះបាត់ទៅហើយ»។ លោកបន្តថា៖ «វាក៏មានបំណុលកាតឥណទាន វិបត្តិសងបំណុលមិនរួច និងបំណុលគ្រួសារ [ដែលត្រូវដោះស្រាយ] ផងដែរ»។
ពេលសួរថា តើរដ្ឋាភិបាលកំពុងពិចារណាវិធានការរយៈពេលខ្លីណាមួយដើម្បីជំរុញសេដ្ឋកិច្ច ឬអត់នោះ លោក ស្រេតថា បាននិយាយថា៖ «នោះហើយជាគោលដៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច ប៉ុន្តែកិច្ចប្រជុំនឹងគ្មានគម្រោងអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នៅចំណុចនេះ។ ចាប់ពីពេលនេះតទៅ កិច្ចប្រជុំបែបនេះនឹងធ្វើឡើងរៀងរាល់សប្តាហ៍។ ខ្ញុំចង់ស្តាប់គំនិតពីអ្នកគ្រប់គ្នា រួមទាំងអ្នកនៅក្នុងពាណិជ្ជកម្មអន្តរជាតិ វិស័យកសិកម្មជាដើម»។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានឱ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើងជាទៀងទាត់នៅថ្ងៃចន្ទ។ នេះបើតាមបាងកកប៉ុស្តិ៍៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា