សេដ្ឋកិច្ច
ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ពិចារណាពន្យារគម្រោងសាងសង់រោងចក្រនៅអាមេរិក
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast កំពុងពិចារណាពន្យារពេលលើគម្រោងសាងសង់រោងចក្រតម្លៃ ៤ប៊ីលានដុល្លារនៅរដ្ឋខារ៉ូលីណាខាងជើង សារជាថ្មីម្ដងទៀត ដោយសារតែក្រុមហ៊ុនមួយនេះត្រដាបត្រដួសនឹងស៊កខ្លួនចូលទីផ្សារនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពដឹងពីបញ្ហានេះ។

ក្រុមហ៊ុន VinFast បានប្រកាសនៅឆ្នាំ ២០២២ ថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) និងអាគុយនៅសហរដ្ឋអាមេរិក ក្នុងសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ១៥០ ០០០ គ្រឿង ដោយស្វែងរកការទាញផលប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលបៃដិន ដែលបញ្ចេញឧបត្ថម្ភធនសម្រាប់រថយន្ត EV ផលិតនៅអាមេរិក។
ដើមឡើយ ក្រុមហ៊ុនបានគ្រោងបញ្ចប់ការសាងសង់រោងចក្រនៅខែកក្កដា ឆ្នាំ ២០២៤ ប៉ុន្តែក្រោយមកបានពន្យារពេលទៅ ឆ្នាំ ២០២៥ វិញ ហើយឥឡូវនេះ ក្រុមហ៊ុនកំពុងពិចារណាលើការពន្យារពេលកាន់តែយូរថែមទៀត។ នេះបើតាមសម្ដីប្រភព ដែលសុំនិយាយជាអនាមិក។
ក្រុមហ៊ុន VinFast ដែលលក់រថយន្តតិចជាង ១ ០០០ គ្រឿងនៅអាមេរិកខាងជើងកាលពីឆ្នាំមុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់រ៉យទ័រ ថា ខ្លួនកំពុងធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ទិដ្ឋភាព នៃដំណើរការសាងសង់សម្រាប់រោងចក្រនៅរដ្ឋខារ៉ូលីណាខាងជើង។
បើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុកអាមេរិក ទីតាំងរោងចក្រ ដែលស្ថិតនៅក្នុងសង្កាត់ Chatham មានតែការឈូសឆាយដីក្លាយជាវាយធំមួយប៉ុណ្ណោះ ដោយគេមិនទាន់ឃើញមានការបុកគ្រឹះ ឬសំណង់ឈរណាមួយលេចចេញជារូបរាងនៅឡើយទេ។

គួររំឭកថា ពេលក្រុមហ៊ុន VinFast បានប្រកាសផែនការសាងសង់រោងចក្ររបស់ខ្លួនក្នុងខែមីនា ឆ្នាំ ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងថា រោងចក្រនេះនឹងបង្កើតការងារបានជាង ៧ ០០០ ការងារ។ ប៉ុន្តែពេលនេះ វត្តមានរោងចក្រ VinFast នៅលើទឹកដីអាមេរិក កាន់តែមានភាពស្រពិចស្រពិល។ ក្រៅតែពីការលក់ខ្សោយ ក្រុមហ៊ុននេះបានរងនូវបណ្ដឹងក្នុងរដ្ឋកាលីហ្វូញ៉ាដោយសារមិនបង់ថ្លៃតូបដាក់បង្ហាញរថយន្ត ក៏ដូចជាការស៊ើបអង្កេត២ផ្សេងៗគ្នា ដែលមានមួយករណីពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងរដ្ឋកាលីហ្វូញ៉ាកាលពីខែមេសា ដែលសម្លាប់មនុស្ស៤នាក់។
មិនត្រឹមតែប៉ុណ្ណេះ ក្រុមហ៊ុនវៀតណាមដដែលបានលក់រថយន្តតិចជាង ៣៥ ០០០ គ្រឿងទូទាំងពិភពលោក រួមបញ្ជូលទាំងទីផ្សារក្នុងស្រុក កាលពីឆ្នាំមុន តិចជាងគោលដៅ ៥០ ០០០ គ្រឿង ទោះបីជាមានរោងចក្រដែលនៅភាគខាងជើងប្រទេសវៀតណាម មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ៣០០ ០០០ គ្រឿងក៏ដោយ។
កាលពីឆ្នាំមុន ក្រុមហ៊ុន VinFast បានខាតបង់ប្រាក់ជាង ២,៤ ប៊ីលានដុល្លារ ទោះបីជាប្រាក់ចំណូល (១,១៩ ប៊ីលានដុល្លារ) កើនឡើងជាង ៩០ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ក៏ដោយ។
ទោះបីតម្រូវការសកលចុះខ្សោយសម្រាប់រថយន្ត EV និងមានសង្គ្រាមតម្លៃក៏ដោយ ក្រុមហ៊ុន VinFast បាននិយាយថា ខ្លួនមិនមានការផ្លាស់ប្តូរចំពោះគោលដៅលក់រថយន្តឱ្យបានចំនួន ១០០ ០០០ គ្រឿង នៅឆ្នាំនេះទេ ដែលចំនួននេះកើនឡើងទ្វេដងពីគោលដៅនៅឆ្នាំ ២០២៣។ យ៉ាងណាមិញ ក្នុងត្រីមាសទី១នៃឆ្នាំនេះ ក្រុមហ៊ុន VinFast លក់រថយន្តបានតិចជាង ១០ ០០០ គ្រឿង៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា