Connect with us

សេដ្ឋកិច្ច

កក្តាខាងក្រៅពុំរារាំងដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ខណៈការនាំចេញរយៈពេល​៤ខែ​​​សម្រេចបាន​ ១​,​១៧៥​ ​ពាន់លាន​ដុល្លារ

បានផុស

នៅ

ទោះបីជាបញ្ហាប្រឈមរវាងប្រទេសមហាអំណាច ការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​១​,​១៧៥​ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំនេះ​ទៅកាន់​សហភាព​អឺរ៉ុប​ ​កើន​ឡើង​ ៨​,​៥១​ ​ភាគរយ​ធៀប​នឹង​ ​១​,​០៨៣លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ នេះបើយោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​បាន​បន្ថែម​ថា​ ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​មាន​ចំនួនជិត ២៧៨​ ​លាន​ដុល្លារ​ ​ធៀប​នឹង​រយៈពេល​៤ខែដើម​ឆ្នាំនេះ​ ​ធ្លាក់ចុះ​ ​១​៨​,​២១​ ​ភាគរយ​ពី​ជិត៣៤០​ ​លាន​ដុល្លារ​។​ ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​ ​២​,​១៣​ ​ភាគរយ​ដល់​ ​១​,​​​៤៥៣ ពាន់​​លាន​ដុល្លារ​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ​អាល្លឺម៉ង់​ ​និង​អេស្បា​ញ​ជា​ដៃគូ​ពាណិជ្ជកម្ម​អឺរ៉ុប​ធំបំផុត​របស់​កម្ពុជា​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​ ​២​៥៤​លាន​ដុល្លារ​ ​និង​ ​២៦០​លាន​ដុល្លារ​រៀងគ្នា។​

បញ្ហាប្រឈមកត្តាខាងក្រៅពុំរារាំងដល់កំណើននៃការនាំចេញទៅអឺរ៉ុប

លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៣០ ខែឧសភា​​ថា​ ​កំណើន​នៃ​ការនាំចេញ​ទៅទីផ្សារអឺរ៉បគឺ​ដោយសារ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ផលិតផល​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នាំ​ឱ្យ​មានការ​បញ្ជាទិញ​។​

​លោក​ ​លឹម​ ​ហេង​ ​បានមានប្រសាសន៍​ថា៖«​ សម្រាប់ការកើនឡើងនៃ​​ការនាំចេញរបស់​ប្រទេស​​​កម្ពុជា​យើង​ទៅកាន់​សហភាព​អឺរ៉ុបគឺវាបានបង្ហាញឱ្យយើងឃើញអំពីការបន្តកើនឡើង​នៃ​​​​​​​​​​​​​តម្រូវការនៃប្លុកនោះមកលើទំនិញរបស់កម្ពុជាយើង។ ដូច្នេះហើយបានជា​យើងសង្កេត​ឃើញ​​​ថា ខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុករបស់យើងជាពិសេសសំលៀកបំពាក់កាត់ដេរ ស្បែក​ជើង និងវាយនភ័ណ្ណនៅតែជាវិស័យដែលទាក់ទាញវិនិយោគថ្មី»។​ ​​

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាបង្កើនទំនុកចិត្តវិនិយោគពីអឺរ៉ុប

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់កម្ពុជាថ្មី​ផងដែរ​ថា ​ ​ផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុប ភាគច្រើន គឺប្រភេទទំនិញវាយនភណ្ឌដូចជា សម្លៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរ ស្បែកជើង កង់ និងប្រភេទកសិផលមួយចំនួនដែលនៅតែមានតម្រូវការនៅទីផ្សារអឺរ៉ុប ទោះបីជាមានសម្ពាធនៃការប្រកួតប្រជែង​ភូមិសាស្រ្ត​នយោបាយ ការបន្តអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក្តី។

​លោកបានថ្លែងបញ្ជាក់ថា៖« នៅឆ្នាំ២០២៤នេះ ស្ថានភាពរនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នឹងវិលមករកភាពល្អប្រសើរ ដោយអឺរ៉ុបនឹងមានតម្រូវការ និងបញ្ជាទិញទំនិញពីកម្ពុជាឡើងវិញ។

​ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងថា កន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសបារាំង និងអឺរុប ដែលបង្ហាញពីកិច្ចសហការដ៏ល្អប្រសើរ រវាងភាគីទាំងពីរ។ លោកថា ការណ៍នេះក៏នឹងជំរុញឱ្យ​បណ្តា​ក្រុមហ៊ុននានាពីអឺរ៉ុបនឹងចាប់អារម្មណ៍ក្នុងការសិក្សាអំពីសក្តានុពលវិនិយោគនៅកម្ពុជាផងដែរ។​ ​

ការប្តេជ្ញារបស់អឺរ៉ុបចំពោះកម្ពុជា

សហភាព​អឺរ៉ុប​ ​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ដល់​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ដោយ​លើកឡើង​ថា​ ​ខ្លួន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​។​

​លោកស្រី​Jut​t​a​ Ur​p​i​lain​e​n​ស្នងការ​អឺរ៉ុប​សម្រាប់​ភាពជា​ដៃគូ​អន្តរជាតិ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១​៤​ខែ​មីនា​បាន​និយាយ​ថា​៖​ ​«​ប្រទេស​កម្ពុជា​ឥឡូវ​បាន​ឈាន​ដល់​ចំណុច​សំខាន់​មួយ​។​ ​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ភាពជា​ដៃគូ​របស់​ខ្លួន​ជាមួយ​កម្ពុជា​ ​ដោយ​ផ្អែកលើ​គុណ​តម្លៃ​ ​និង​គោលការណ៍​សិទ្ធិមនុស្ស​របស់យើង​ ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ការផ្លាស់ប្តូរ​ដ៏​ទន់ភ្លន់​»។​

​នៅ​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា  ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

អង្ករល្អប្រណិតនិង អង្ករសិរីរាង្គកម្ពុជាកំពុងទទួលបានការពេញនិយម និង​ពង្រីកចំណែកទីផ្សារនៅអឺរ៉ុប

លោក សុង សារ៉ន ប្រធានក្រមហ៊ុន Amru Rice (Cambodia) Co.ltd បានថ្លែងថា នាពេលបច្ចុប្បន្នការនាំចេញប្រភេទអង្ករល្អប្រណិត និង អង្ករសិរីរាង្គរបស់ក្រុមហ៊ុនលោកទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់លើគុណភាពពីសំណាក់អតិថិជននៅប៉ែកអឺរ៉ុបកាន់តែច្រើនឡើងៗ។ លោកបានថ្លែងថា៖«ចាប់តាំងពីយើងបានពង្រីកការនាំចេញនូវប្រភេទអង្ករល្អប្រណិត និង អង្ករសិរីរាង្គនេះទៅកាន់បណ្តាប្រទេសនានានៅប្រទេសក្នុងសហគមន៍អឺរុប (EU)»។

ភាគច្រើន​កម្ពុជា​នាំចេញ​ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​ ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​)​។​

​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៣​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ទៅ​សហភាព​អឺរ៉ុប​ ​ធ្លាក់ចុះ​ ​៩​ ​ភាគរយ​ធៀប​នឹង​ ​៤​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​។​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម