សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជិត១ពាន់លានដុល្លារពីការនាំចេញអង្ករ-ស្រូវក្នុងរយៈពេល៥ខែកន្លងមកនេះ
ទីផ្សារអឺរ៉ុប អាមេរិក ប្រទេសចិន និងក្នុងតំបន់នៅតែជាទីផ្សារនាំចូលអង្ករដ៏សំខាន់សម្រាប់ការនាំចេញអង្ករ-ស្រូវរបស់កម្ពុជាដែលធ្វើឱ្យខ្លួនរកចំណូលបានជិត១ពាន់លានដុល្លារពីការនាំចេញនេះក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចេញផ្សាយនៅថ្ងៃទី៦ខែមិថុនានេះក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២ ៥៩២ តោន គិតជាទឹកប្រាក់បានចំនួន ២១៩.៩១លានដុល្លារតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៦ ៥២៨ តោន គិតជាទឹកប្រាក់ចំនួន ១០៤.៤០ លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ បើតាម CRF ការនាំអង្ករទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៣ ៣២០ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២០ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៦៥ ៤១២ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៧ ផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២៧ ៣៣០ តោន គិតជាទឹកប្រាក់ចំនួន ២២.៩៦ លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៤៧៣,២១២តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧១០.២៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia ដែលជាម្ចាស់រោងមាស៊ីនកិនស្រូវ និងក្រុមហ៊ុនាំចេញអង្ករដ៏ធំជាងគេមួយនៅកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា ស្ថានភាពនៃការនាំចេញនៅតែមានភាពល្អប្រសើរ បើទោះពីជាសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ធ្លាក់ចុះក្តី។ លោកថា បណ្តាប្រទេសទាំងក្នុងតំបន់ និងសកលលោកមួយចំនួនបានជួបប្រទះនូវការឡើងកំដៅខ្លាំង និងកង្វះទឹកធ្វើឱ្យប៉ះពាល់ដល់ការដាំដុះស្រូវ ជាហេតុធ្វើឱ្យប្រទេសទាំងនោះនាំចូលអង្ករច្រើនដើម្បីរក្សាបាននូវសន្តិសុខស្បៀងរបស់ខ្លួន។
លោកបានគូសបញ្ជាក់ថា៖«តាមការសង្កេតរបស់ខ្ញុំ យើងនៅតែធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារដែលមានស្រាប់ ហើយទីផ្សារចិនក៏មានតម្រូវការខ្ពស់ផងដែរ។ ក្រុមហ៊ុនខ្ញុំក៏បានកំពុងបន្តជំរុញការនាំចេញអង្ករក្រអូបប្រណិតទៅកាន់ទីផ្សារអឺរ៉ុបជារៀផងរាល់សប្តាហ៍ផងដែរ»។
បើតាមលោកសារ៉ន បញ្ហាប្រែប្រួលអាកាសធាតុគឺនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យកសិកម្មក៏ដូចជាដំណាំស្រូវ។ ការណ៍នេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យធនធានទឹក ដើម្បីរក្សាបាននូវនិរន្តភាពនៃការដាំដុះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម និមល បាននិយាយកាលពីពេលថ្មីៗនេះថា កម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញអង្កររបស់ខ្លួន ជាពិសេសផ្តោតលើប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា រួមទាំងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសរុប១៥ រួមទាំងប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំផ្សេងទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
បើតាមរបាយការណ៍របស់ CRF ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧១.១៣% ប្រភេទអង្ករស ធម្មតា ២៤.៧៥% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ១.៤៣% និងអង្ករផ្សេងៗចំនួន ០.២៦%៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ