សេដ្ឋកិច្ច
តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ជប៉ុន-កូរ៉េខាងត្បូង អាចហុចផលបែបណា បើសម្រេចបាន?
គំនិតផ្តួចផ្ដើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ត្រូវបានស្នើឡើងជាលើកដំបូងក្នុងកិច្ចប្រជុំកំពូលត្រីភាគីឆ្នាំ ២០០២ ហើយការចរចាត្រូវបានចាប់ផ្តើមជាផ្លូវការក្នុងឆ្នាំ ២០១២ ក្នុងអំឡុងកិច្ចប្រជុំមេដឹកនាំអាស៊ីបូព៌ានៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ថ្វីបើមានការចរចាជាង២០ ឆ្នាំ និងចំនួន ១៦ ជុំរួចទៅហើយក្ដី ក៏កិច្ចព្រមព្រៀងនេះ មិនទាន់លេចឡើងជារូបរាងនៅឡើយដែរ។ ក្រោមភាពតានតឹងភូមិសាស្រ្តនយោបាយផង រឿងចម្រូងចម្រាស់ប្រវត្តិសាស្រ្តផង និងគោលនយោបាយការបរទេសខុសទិសដៅគ្នាផង កិច្ចពិភាក្សាស្ដីពី FTA បានជាប់គាំងតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។
យ៉ាងណាមិញ ក្រោមកិច្ចប្រជុំកំពូលត្រីភាគី ដែលចូលរួមដោយនាយករដ្ឋមន្ត្រីចិន លោក លី កាង នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល កាលពីចុងខែឧសភាកន្លងទៅ ក្ដីសង្ឈឹមនៃកិច្ចព្រមព្រៀងនេះ ក៏ចាប់ផ្ដើមមានផ្កាភ្លើងឡើងវិញ ដោយភាគីនីមួយៗ ជាពិសេសចិន បង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការរុលឆ្ពោះទៅមុខបន្ថែមទៀត។
អ្នកវិភាគមើលឃើញថា វានឹងក្លាយជាប្រយោជន៍ដ៏ធំទាំងសម្រាប់ចិន ជប៉ុន និងកូរ៉េខាងត្បូង ប្រសិនបើ FTA កើតមានឡើងមែន។ ប៉ុន្តែទាស់ត្រង់ថា ផ្លែផ្កែជាដុំកំភួនបែបនេះ ពិបាកនឹងសម្រេចបានណាស់ លុះត្រាតែប្រទេសទាំង៣ យកឈ្នះលើឧបសគ្គនៃភាពតានតឹងភូមិសាស្រ្តនយោបាយ ក្នុងចំណោមបញ្ហាប្រឈមចាក់ស្រេះផ្សេងៗទៀត។
ក្នុងកិច្ចប្រជុំកំពូល ដែលខកខានមិនបានធ្វើ ៤ ឆ្នាំមកហើយនោះ មេដឹកនាំនៃប្រទេសទាំង៣ បានប្ដេជ្ញាពិភាក្សា FTA ឡើងវិញ។ លោកនាយករដ្ឋមន្រ្តី លី បានអំពាវនាវឱ្យកូរ៉េខាងត្បូង និងជប៉ុន ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម រក្សាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបន្ត និងបញ្ចប់ការចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ជប៉ុន-កូរ៉េខាងត្បូង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានរដ្ឋចិន ស៊ីនហួ។
៣ ថ្ងៃក្រោយកិច្ចប្រជុំនោះ ពោលគឺថ្ងៃទី ៣០ ឧសភា កាសែតចិន Global Times បានចុះផ្សាយ ដោយស្រង់សម្ដីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ដែលនិយាយថា «ចិនមានឆន្ទៈធ្វើការជាមួយជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពន្លឿនការ ចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ជប៉ុន-កូរ៉េខាងត្បូង»។
អ្នកនាំពាក្យរូបនោះ បានបន្តថា ដោយសារតែទំនាក់ទំនងឧស្សាហកម្មដ៏រឹងមាំ និងការបំពេញបន្ថែមសេដ្ឋកិច្ច ប្រសិនបើ FTA ត្រូវបានសម្រេចឡើងនោះ វានឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានស្រាប់ តាមរយៈការបើកទីផ្សារបន្ថែមទៀត កាត់បន្ថយរបាំងពាណិជ្ជកម្ម ការបង្កើនការវិនិយោគ និងការកែលម្អបរិយាកាសធុរកិច្ច និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់អាជីវកម្ម និងប្រជាជននៅក្នុងប្រជាជាតិទាំង៣។
ចំណែកឯលោកប្រធានាធិបតី យូន វិញ បានថ្លែងថា ប្រទេសទាំង៣ បានសម្រេចចិត្តបង្កើតបរិយាកាសប្រកបដោយតម្លាភាព និងអាចព្យាករណ៍បានសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សុវត្ថិភាព។
អត្ថបទវិភាគមួយរបស់សារព័ត៌មានសិង្ហបុរី CNA ស្ដីពីផលប្រយោជន៍ត្រីភាគីចេញពីកិច្ចព្រមព្រៀងដដែល បានលើកឡើងថា សក្ដានុពលដ៏ធំបំផុតមួយនៃកិច្ចព្រមព្រៀង គឺទម្ងន់នៃសេដ្ឋកិច្ច។ បើបូកបញ្ជូលគ្នា ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសអាស៊ីខាងកើតទាំង៣ បានរួមចំណែកប្រហែល ២៥ ភាគរយនៃ GDP សកល ហើយបរិមាណជួញដូរប្រចាំឆ្នាំវិញ មានរហូតដល់ជាង ៨០០ ប៊ីលានដុល្លារ។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ខណៈទិន្នន័យពីរដ្ឋបាលគយទូទៅរបស់ប្រទេសចិនបង្ហាញថា ក្នុងឆ្នាំ ២០២២ កូរ៉េខាងត្បូង និងជប៉ុន គឺជាដៃគូពាណិជ្ជកម្មរបស់ខ្លួនធំជាងគេទី៤ និងទី៥ ជាបន្តបន្ទាប់គ្នា។
អ្នកជំនាញកត់សំគាល់ថា សម្រាប់ប្រទេសអាស៊ីបូព៌ាទាំង៣ កិច្ចចរចា FTA នឹងបន្ថែមពីលើកតិកាសញ្ញាពាណិជ្ជកម្មដែលមានស្រាប់ ដើម្បីព្យាយាមផ្តល់សញ្ញាមួយដែលបង្ហាញពីចំណងសេដ្ឋកិច្ចខ្លាំងបំផុតរបស់ពួកគេនៅឡើយ។
ចិន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើ FTA ក្នុងឆ្នាំ ២០១៥ រួចហើយ។ ជាមួយគ្នានេះ ប្រទេសទាំង៣ គឺជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលចូលជាធរមាននៅឆ្នាំ២០២២។ RCEP គឺជា FTA មួយ ដែលចុះហត្ថលេខាដោយរដ្ឋសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
FTA ចិន-ជប៉ុន-កូរ៉េខាងត្បូង នឹងត្រូវបានគេទទួលស្គាល់ថាជា «RCEP+» ដែលលើសពីកម្រិតនៃសេរីភាវូបនីយកម្មរបស់ RCEP ។ ជាឧទាហរណ៍ជាក់ស្ដែង កាសែត Nikkei Asia បានរាយការណ៍ថា ប្រទេសទាំង៣ នឹងមានបំណងលុបចោលទាំងស្រុងនូវពន្ធលើរថយន្ត និងគ្រឿងបន្លាស់រថយន្តជាដើម ដែលចំណុចនេះ RCEP មិនមាន នោះទេ។
អ្នកវិភាគបានគូសបញ្ជាក់ប្រាប់ CNA ថា គេមិនភ្ញាក់ផ្អើលទេដែលចិនជំរុញចង់ឱ្យមាន FTA ជាងគេ ព្រោះថា ដោយសារតែបញ្ហាប្រឈមសេដ្ឋកិច្ចផ្សេងៗ ទើបធ្វើឱ្យប្រទេសនេះត្រូវការវិធានការធំៗដើម្បីជំរុញកំណើនរបស់ខ្លួន ពោលគឺការរក្សាទំនាក់ទំនងពាណិជ្ជកម្មដែលមានសុខភាពល្អជាមួយជប៉ុន និងកូរ៉េខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈភាគីទាំង៣បង្ហាញឆន្ទៈឱ្យសម្រេចបាននូវ FTA អ្នកវិភាគមើលឃើញថា ដំណើរការអ្វីមួយឆ្ពោះទៅរកគោលដៅនេះ ត្រូវតែមានការប្រុងប្រយ័ត្ន ដោយសារតែតម្រូវការដើម្បីធ្វើឱ្យមានតុល្យភាពភូមិសាស្ត្រ និងទីផ្សារជាក់ស្តែងក្រោមកម្ដៅនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។
ក្នុងហេតុផលនេះ គេមើលឃើញថា ទាំងជប៉ុន និងកូរ៉េខាងត្បូង សុទ្ធសឹងតែជាដៃគូ និងសម្ព័ន្ធមិត្តក្នុងតំបន់ដ៏ជិតស្និតរបស់សហរដ្ឋអាមេរិក ខណៈចិនមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង ដែលជាគូវិវាទក្នុងតំបន់របស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ ជាមួយគ្នានេះ ក៏នៅមានបញ្ហាភូមិសាស្រ្តនយោបាយច្រកសមុទ្រតៃវ៉ាន់ ដែលកាន់តែបង្កភាពស៊ាំញ៉ាំ។
ហើយមួយជ្រុងទៀត ទោះបីជាចិនជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសអាស៊ីបូព៌ាទាំង២ក្ដី ជប៉ុន និងកូរ៉េខាងជើងសុទ្ធសឹងតែកំពុងព្យាយាមធ្វើពិពិធកម្មពាណិជ្ជកម្មងាកចេញ ដោយដើរតាមគន្លងគោលនយោបាយការបរទេសរបស់លោកខាងលិច រួមមានសហរដ្ឋអាមេរិក គឺការកាត់បន្ថយការពឹងផ្អែកលើចិន។ ជុំវិញបញ្ហានេះ ក៏មានរបាយការណ៍ថា ជប៉ុន និងកូរ៉េខាងត្បូង បានកាត់បន្ថយការវិនិយោគនៅចិនរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។
ក្រោមបញ្ហាទាំងអស់នេះហើយ អ្នកវិភាគខ្លះនៅតែបន្តបង្ហាញភាពស្រពិចស្រពិលរបស់ខ្លួន លើអនាគត FTA រវាងប្រទេសទាំង៣ដដែល៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក