សេដ្ឋកិច្ច
RCEP៖កាលានុវត្តភាពថ្មីនៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជានៅក្នុងតំបន់
ភ្នំពេញៈស្របពេលដែលនិន្នាការនៃសេដ្ឋកិច្ចសកលហាក់មានកំណើនយឺតកម្ពុជារកចំណូលបានជិត ៤ពាន់លានដុល្លារនៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៤ពីការនាំចេញទំនិញទៅបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)កើនឡើងជាង ១២,៣៧ ភាគរយ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
តើកិច្ចព្រមព្រៀងRCEPមានប្រទេសណាខ្លះជាសមាជិក?
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Sihanoukville3-1-1024x682.jpg)
អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីនវៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។ RCEPមានសុពលភាពអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣,៩៧៦ពាន់លានដុល្លារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)កើនឡើង ១២,៣៧ភាគរយពីចំនួន ៣,៥៣៩ពាន់លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះកម្ពុជាក៏នាំចូលទំនិញពីក្រុមប្រទេសជាសមាជិក RCEP ក្នុងទឹកប្រាក់ជាង ១០ពាន់លានដុល្លារផងដែរ កើនឡើងជិត ១៥ភាគរយពីចំនួន ៨,៨៦៩ពាន់លានដុល្លារ។
សម្រាប់ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា-RCEP គឺមានទឹកប្រាក់ជាង១៤ពាន់លានដុល្លារ កើនឡើងជាង១៤ភាគរយពីចំនួន ១២,៤ពាន់លានដុល្លារ។
RCEP បានបើកទីផ្សារកាន់តែធំដល់ការនាំចេញផលិតផលកម្ពុជា
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ថ្មីៗនេះបានប្រាប់កម្ពុជាថ្មីថា ទោះបីពេលនេះការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលដែលទើបកើតមានថ្មីៗបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន … និងបញ្ហាអតិផរណា គឺបានធ្វើឱ្យកម្លាំងបញ្ជាទិញនៅលើទីផ្សារធំៗធ្លាក់ចុះផងដែរ។ លោកបន្តថា ទោះយ៉ាងណា ដោយសារកម្ពុជាជាសមាជិករបស់ RCEP ដូច្នេះកំណើននៃការនាំចេញគឺនឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត។
លោកថ្លែងថា៖«RCEP បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/Bikcyle_Cambodia-1-1024x683.jpg)
កិច្ចព្រមព្រៀងនេះជួយជំរុញ និងជួយធ្វើពិពិធកម្មនៃការនាំចេញ
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ កាលពីថ្ងៃ៧ ខែមិថុនា បានប្រាប់កម្ពុជាថ្មីថា កំណើនការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសទៅបណ្តាប្រទេសនៃកិច្ចព្រមព្រៀង RCEP ក្នុងដំណាក់កាលសេដ្ឋកិច្ច និងនយោបាយអន្តរជាតិមិនមានស្ថិរភាពគឺបញ្ជាក់ថាសមត្ថភាពផលិតកម្មនៅកម្ពុជាមានសម្ទុះកាន់តែខ្លាំង និងមានគុណភាពកម្រិតស្តង់ដា។ លោកបន្តថា ចំពោះមូលហេតុដែលធ្វើឱ្យកម្លាំងផលិត និងការនាំចេញរបស់កម្ពុជាមានកាន់តែច្រើនគឺអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ស្ថិរភាពនយោបាយ និងភូមិសាស្រ្តល្អប្រសើរ, ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក, ការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ, មានទីផ្សារនាំចេញច្រើននិងមានលក្ខខណ្ឌពិសេស, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងសម្បូរបែប និងមានតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
លោកបញ្ជាក់ថា៖«កម្ពុជាពេលនេះបានរៀបចំខ្លួនបានយ៉ាងល្អពោលនៅពេលណាមានការបញ្ជាទិញពីទីផ្សារអន្តរជាតិកើនឡើងវិញ គឺកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការបញ្ជាទិញពីគ្រប់គោលដៅ។ ជាមួយគ្នានេះកម្ពុជាក៏កំពុងមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់ផងដែរ»។លោកបន្តទៀតថា៖«តាមរយៈអ្វីដែលកម្ពុជាកំពុងមាន ខ្ញុំមានសុទិដ្ឋិនិយមថាពាណិជ្ជកម្មអន្តរជាតិ ពិសេសការនាំចេញរបស់កម្ពុជាទៅគ្រប់គោលដៅទូទាំងពិភពលោកនឹងមានកំណើនខ្ពស់បន្ថែមទៀតចាប់ពីឆ្នាំ២០២៤ តទៅ។ ជាមួយគ្នានេះចរន្តចំនួនភ្ញៀវទេសចរបរទេសក៏នឹងកើនឡើងដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/PPSEZ1-1024x614.jpg)
តាមរយៈ RCEP កម្ពុជាទទួលបានភាពអនុគ្រោះពន្ធលើទំនិញនាំចេញជាច្រើន ដូចជា ទំនិញកសិកម្ម កសិកម្ម កែច្នៃ និងទំនិញឧស្សាហកម្ម។ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារថ្មីៗផងដែរ។
សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ព្រមទាំងមានផលិតផលក្នុងស្រុកប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?