ព័ត៌មានជាតិ
ភ្លៀងចាប់ផ្តើមធ្លាក់ កសិករក្នុងខេត្តបាត់ដំបងសម្រុកដាំដំឡូងមីឡើងវិញ
ក្រោយរងរលកកម្តៅកើតមកពីការប្រែប្រួលអាកាសធាតុដែលនាំឲ្យផលដំណាំដំឡូងមីរបស់កសិករតាមស្រុកមួយចំនួនក្នុងខេត្តបាត់រងការខូចខាត ក្តីសង្ឃឹមបានត្រឡប់មកវិញខណះភ្លៀងបានចាប់ផ្តើមធ្លាក់រាយប៉ាយតាំងពីដើមខែឧសភា ដែលបានធ្វើឲ្យដំណាំដំឡូងមីរបស់កសិកររងការខូចខាតបានលូតលាស់ឡើងវិញ។
ជារៀងរាល់ឆ្នាំកសិករក្នុងខេត្តបាត់ដំបង តែងនាំគ្នាប្រកបរបរកសិកម្មដាំដំណាំផ្សេងៗ ដោយពឹងផ្អែកទៅលើកត្តាធម្មជាតិស្ទើរទាំងស្រុង គឺកត្តាទឹកភ្លៀង រួមកត្តាប្រភពទឹកដែលមន្ត្រីជំនាញបានរក្សាទុក ក្រោយរដូវកាលទឹកភ្លៀងបានបញ្ចប់ សម្រាប់ទ្រទ្រង់ការធ្វើកសិកម្មជាផលប្រយោជន៍គាំពារជីវភាពរបស់កសិករ។
កសិកររស់នៅក្នុងស្រុកភ្នំព្រឹក លោក រិនដា បាននិយាយឲ្យដឹងថា «បានធូរទ្រូងបន្តិច។ ដំឡូងខ្ញុំបានលូតលាស់វិញហើយ ក្រោយមានភ្លៀងធ្លាក់ពីដើមខែ ៥។ វាបានខូចខាតតិចតួចគឺចំនួន ៤ ហិកតា ដែលត្រូវភ្ជួរដីដាំឡើងវិញ ក្នុងចំណោមផ្ទៃដីដាំដំឡូងមីសរុប ២០ ហិកតា»។
លោកថា ក្រៅពីនៅស្រុកភ្នំព្រឹក ពលរដ្ឋនៅតាមបណ្តាស្រុកផ្សេងទៀតក៏បានចាប់ផ្តើមដាំដុះដំឡូងមីឡើងវិញ ក្រោយទទួលបានទឹកភ្លៀងនាដើមខែវស្សា។
ចំណែកអាជ្ញាធរមូលដ្ឋានបានលើកឡើងថា កសិករនៅក្នុងស្រុកភ្នំព្រឹកបានប្រកបរបរកសិកម្មច្រើន ពិសេសដំណាំដំឡូងមី និងពោតក្រហម ហើយឆ្នាំនេះខូចច្រើន តែបានស្ដារឡើងវិញដោយមានភ្លៀងធ្លាក់។
ទាក់ទងការខូចខាតផលដំណាំដំំឡូងមីកន្លងមក មន្រ្តីជំនាញបានលើកឡើងថា ដោយសារកសិករមិនស្តាប់តាមការណែនាំពីមន្រ្តីជំនាញ។ អ្នកខ្លះប្រមូលផលដំឡូងបណ្តើរភ្ជួដីដាំបណ្តើរ ប្រញាប់ឆ្លៀតទៅរករបរផ្សេងទៀត ទោះបីអាជ្ញាធរបានណែនាំក្តី។
មន្ត្រីដដែលបានបន្តថា «ខ្ញុំគិតថា ការរងផលប៉ះពាល់ឆ្នាំនេះ គឺជាមេរៀនសម្រាប់កសិករផ្លាស់ប្តូរទម្លាប់ ហើយងាកមកអនុវត្តការដាំដុះតាមការណែនាំពីមន្ត្រី ឬក្រសួងជំនាញវិញទើបប្រសើរ។ គេមិនចេះតែណែនាំ ដោយគ្មានហេតុផលនិងជំនាញនោះទេ»។
បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បច្ចុប្បន្នកសិករបានយល់ដឹងច្រើនពីជំនាញកសិកម្ម តែនៅខ្វះការទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធដំណាំកសិកម្ម។ ជាក់ស្តែងការដាំដំឡូងមី និងពោត មន្ត្រីជំនាញបានណែនាំកុំឲ្យបន្តដាំក្នុងដើមឆ្នាំរង់ចាំដាំក្នុងចន្លោះពីដើមខែ ៤ និងខែ ៥ តែកសិករនៅតែបន្តដាំតាមទម្លាប់ក្នុងខែ ១ និងដើមខែ ២ ដដែល ទើបរងផលប៉ះពាល់បែបនេះ ហើយការប៉ះពាល់ឆ្នាំនេះក៏ជាមេរៀនរបស់កសិករដែលដាំតាមទម្លាប់ផងដែរ។
ក្នុងរដូវកាលខែប្រាំង ក្នុងឆ្នាំ២០២៤ អាកាសធាតុប្រែប្រួលកម្តៅមិនធ្លាប់កើតមាន សម្រាប់កម្ពុជាបានបង្កឲ្យដំណាំកសិកម្ម មានផលប៉ះពាល់លើទំហំធំលើសពីឆ្នាំមុនៗ ដែលបានច្រានសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករ ឲ្យដើរថយក្រោយគួរឲ្យបារម្ភ ជាពិសេសលើផលដំណាំដំឡូងមី និងផលដំណាំពោត។
កសិករក្នុងខេត្តបាត់ដំបងបានរងផលប៉ះពាល់ពីរលកកម្តៅយ៉ាងធ្ងន់ធ្ងរ ដែលប្រជាកសិករធ្វើការដាំដុះតាមទម្លាប់ ដោយកសិករខ្លះដាំបន្តក្រោយប្រមូលផល ក្នុងអំឡុងពាក់កណ្តាលខែ ១ ហើយកសិករខ្លះដាំក្នុងអំឡុងដើមខែ ២ ខណះមន្រ្តីជំនាញបានណែនាំឲ្យកសិករដាំដំឡូងមីក្នុងចន្លោះពីដើមខែឧសភា និង ខែមិថុនា ទើបមានលទ្ធផលល្អ។
កសិករក្នុងស្រុកដែលជាតំបន់គោលដៅបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា នៅឆ្នាំនេះផលដាំណាំដំឡូងមីបានប៉ះពាល់ពីរលកកម្តៅយ៉ាងធ្ងន់ធ្ងរ ដោយសារតែពួកគាត់ប្រញាប់ប្រញាល់បន្តដាំតាមទម្លាប់ ដោយមិនបានអនុវត្តតាមការណែនាំពីមន្ត្រីជំនាញកសិកម្ម ទើបធ្វើឲ្យមួយចំនួនខាតទាំងស្រុង ហើយអ្នកខ្លះក៏ត្រូវរងផលប៉ះពាល់ជាបន្តបន្ទាប់។ ប៉ុន្តែក្តីបារម្ភក៏ត្រូវបានរំសាយ ខណះកាលពីអំឡុងដើមខែឧសភា ភ្លៀងបានធ្លាក់រាយប៉ាយដែលបានធ្វើឲ្យដំណាំដំឡូងរបស់ពួកគាត់បានលូតលាស់ឡើងវិញ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ