សេដ្ឋកិច្ច
ធនាគារសិង្ហបុរីធំៗបង្កើនការត្រួតពិនិត្យលើអតិថិជនអ្នកមានៗ ក្រោយមានករណីលាងលុយកខ្វក់
ធនាគារវិនិយោគអាមេរិក Citigroup ធនាគារហិរញ្ញវត្ថុពហុជាតិ DBS និងធនាគារប្រតិបត្តិការនៅសិង្ហបុរីផ្សេងៗទៀត ដែលជាប់ក្នុងរឿងអាស្រូវលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេស កំពុងបង្កើនការត្រួតពិនិត្យអតិថិជនអ្នកមានៗ និងអតិថិជនសក្តានុពលរបស់ខ្លួន ដើម្បីជៀសវាងការពាក់ព័ន្ធនឹងលំហូរហិរញ្ញវត្ថុខុសច្បាប់។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់សារព័ត៌មាន Bloomberg ដែលស្រង់សម្ដីប្រភពដឹងច្បាស់ពីបញ្ហានេះ។
ក្រុមប្រភពដែលសុំមិនបញ្ចេញឈ្មោះដដែល បានបន្តផងដែរថា បុគ្គលិកធនាគារឯកជននៅតាមស្ថាប័នមួយចំនួន កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីជួយរកល្បិចដែលឧក្រិដ្ឋជនប្រើ ដើម្បីបិទបាំងប្រវត្តិ និងប្រភពនៃមូលនិធិរបស់ពួកគេ។
ចំណាក់ការ ដែលធ្វើឡើងដោយស្ម័គ្រចិត្តទាំងនេះ បង្ហាញពីរបៀបដែលធនាគារនានាព្យាយាមលុបបំបាត់ចន្លោះប្រហោងផ្សេងៗ ដែលបានបើកផ្លូវឱ្យក្រុមឧក្រិដ្ឋជនមកពីចិនលាងលុយកខ្វក់ជាង ៣ ប៊ីលានដុល្លារសិង្ហបុរី (២,២៣ ប៊ីលានដុល្លារអាមេរិក) ដែលជាប្រាក់ទទួលបានពីល្បែងអនឡាញ ហើយដាក់ចូលក្នុងលំហូរហិរញ្ញវត្តុរបស់ស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ ១៦ នៅសិង្ហបុរី។ រឿងអាស្រូវនេះ បានធ្វើឱ្យខូចមុខមាត់ប្រទេសសិង្ហបុរី និងបង្ហាញភាពទន់ខ្សោយអំពីរបៀបដែលធនាគារក្នុងស្រុក និងបរទេស និងក្រុមហ៊ុនឈ្មួញកណ្តាល ត្រួតពិនិត្យមើលអតិថិជនរបស់ខ្លួន។
ប្រភពខ្លះអះអាងថា ថ្មីៗនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានបញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែងរបស់ធនាគារមួយចំនួន ដែលមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដដែល។ ប្រភពបន្តថា ធនាគារផ្តល់ប្រាក់កម្ចីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋជនច្រើនបំផុត តាមរយៈគណនីប្រាក់បញ្ញើ ប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតនោះ ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការផាកពិន័យ និងវិធានការទណ្ឌកម្មជាច្រើន ពីនិយតករហិរញ្ញវត្ថុ បន្ទាប់ពីការស៊ើបអង្កើតបញ្ចប់។
បើតាម Bloomberg អ្នកនាំពាក្យ MAS បាននិយាយថា MAS នឹងវាយតម្លៃថាតើស្ថាប័នហិរញ្ញវត្ថុបានអនុវត្តការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ និងសមស្រប ប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មដែរឬយ៉ាងណា។ បន្ទាប់មក MAS នឹងចាត់វិធានការស្ថាប័នហិរញ្ញវត្ថុបំពេញតួនាទីរបស់ខ្លួនមិនគ្រប់គ្រាន់។
គួរគូសបញ្ជាក់ថា ក្រោយករណីលាងលុយកខ្វក់ត្រូវបានទម្លាយជាសាធារណៈក្នុងខែសីហា ឆ្នាំ ២០២៣ រដ្ឋាភិបាលសិង្ហបុរីបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ដើម្បីពិនិត្យឡើងវិញលើការប្រឆាំងការលាងលុយកខ្វក់របស់ប្រទេស និងពង្រឹងការការពារក្នុងវិស័យនានា រួមទាំងស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងារអចលនទ្រព្យផ្សេងៗ។
ក្រោមរឿងអាស្រូវលាងលុយកង្វក់នោះ ទ្រព្យសម្បត្តិដែលសមត្ថកិច្ចរឹបអូសបានរួមមាន លុយសុទ្ធ ដុំមាស គ្រឿងអលង្ការ រថយន្ត និងទ្រព្យសម្បត្តិលំនៅឋាន និងពាណិជ្ជកម្ម។ ជនជាប់ចោទទាំង១០ នាក់ ដែលបានសារភាពពីទោសកំហុសរបស់ខ្លួន បានជាប់ទាក់ទងនឹងគណនីធនាគារនៅស្ថាប័នហិរញ្ញវត្ថុចំនួន ១៦ ប្រតិបត្តិការនៅសិង្ហបុរី ដែលមានប្រាក់បញ្ញើ និងការវិនិយោគច្រើនជាង ៣៧០ លានដុល្លារសិង្ហបុរី។ ធនាគារដែលកាន់កាប់ទ្រព្យសម្បត្តិច្រើនជាងគេរួមមាន ធនាគារ Credit Suisse អង្គភាពក្នុងស្រុករបស់ធនាគារ Citigroup និងធនាគារ United Overseas Bank៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ