Connect with us

ព័ត៌មានអន្ដរជាតិ

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

បានផុស

នៅ

តិច​ជាង​១​សប្ដាហ៍​ក្រោយ​សហភាព​អឺរ៉ុប​ ប្រកាស​ដំឡើង​ពន្ធ​លើ​រថយន្ត​​អគ្គិសនី (EV) ​នាំ​ចូល​ពី​​ចិន​ ​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​​ បានរៀប​ចំ​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​ ដែល​ចូល​រួម​ដោយ​តំណាង​មក​ពី​ក្រុម​ហ៊ុនផលិត​រថយន្ត​​ក្នុង​ស្រុក​​ ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុន​រថយន្ត​អឺរ៉ុប​​ និង​ក្រុ​ម​ឧស្សាហកម្ម​ផ្សេង​ៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​កិច្ច​ប្រជុំ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ពុធ​នោះបាន​បញ្ចប់ទៅ​​ ព័ត៌មាន​​​ស្ដី​ពី​សំណើរ​សង​សឹក​ក៏​ផ្ទុះ​ឡើង​។ កាសែត​រដ្ឋ​ចិន​ Global Times ​ បាន​ផ្សាយ​ថា​ បណ្ដុំ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​​ខ្លួន​​បញ្ចេញ​នូវ​វិធានការ​វាយ​បកទៅ​វិញ​​ ដោយ​ដំឡើង​ពន្ធ​​​លើ​រថយន្ត​​ស៊ី​​សាំង​ធំ​ៗ​ដែល​នាំ​​ចូល​ពី​ប្លុក​អឺរ៉ុប​​ រហូត​ដល់​ ២៥ ភាគរយ​។

​មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​ចិន​មិន​ទាន់​​​ប្រតិកម្មជា​សាធារណៈ​​យ៉ាង​ណា​នៅ​ឡើយ​ទេ​ចំពោះ​​សំណើរ​នេះ​​​​ ក៏​ប៉ុន្តែ​ វា​នៅ​តែ​បង្ហាញ​ពីកំណើន​នៃ​​​ភាព​តឹង​តឹង​ចុង​ក្រោយ​បំផុត​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​រវាង​សហភាព​អឺរ៉ុប​ និង​ចិន​ ​ដោយ​​អ្នក​វិភាគ​ខ្លះ​ថែម​ទាំង​បាន​​ព្រួយ​បារម្ភ​ថា​ ភាគី​ទាំង​កំពុង​ខិត​ទៅ​ជិតជ្រោះ​នៃ​​ «​សង្រ្គាម​ពាណិជ្ជកម្ម​»។

ក្នុង​របត់​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​​​​បែប​ «​​​ការពារ​និយម​» តាម​ការ​ហៅ​របស់​អ្នក​វិភាគ​ ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មិថុនា ​នេះ​ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ EV ​នាំ​ចូល​ពី​​ចិនចាប់​ពី​​ដើម​ខែ​កក្កដា​ទៅ​​​  ​រួម​មាន​ ពន្ធ ១៧,៤ ភាគរយ​​លើ​រថយន្ត​ BYD  ២០ ភាគរយ​លើ​រថយន្ត​ Geely និង​ ៣៨,១ ភាគរយ​លើ​រថយន្ត​ ​​SAIC។ ​ការណ៍​នេះ​ កើត​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​គោលនយោបាយ​ការពារ​និយមដូច​គ្នា​ ​តាម​រយៈ​ការ​ដំឡើង​​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ចិនផ្សេង​ៗ​​ រួម​ទាំង​ពន្ធ​ ១០០ ភាគរយ​លើ​ EV ចិន​។

សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ទាំង​២​នេះ​ បាន​ចោទ​ប្រកាន់​ថា​ ចិន​បាន​អនុវត្ត​ទីផ្សារ​មិន​ស្មើ​ភាពគ្នា​​​ តាម​រយៈ​ការ​ផ្ដល់​ឧបត្ថម្ភ​ធន​​ទៅ​ក្រុម​ហ៊ុន​ក្នុង​ស្រុករបស់​​​ខ្លួន​ ដែល​អាច​ឱ្យ​ពួក​គេ​លក់​ EV ក្នុង​តម្លៃ​ថោក​នៅ​លើ​ទីផ្សារ​បរទេស​។ ​ហើយ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ ​យន្តការ​ដំឡើង​ពន្ធ​នេះ​ ត្រូវ​តែ​ដាក់​ចេញ​ ​ដើម្បី​ការពារ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​ទប់​ស្កាត់​លំហូរ​ទំនិញ​ចិន​ ដែល​ជន់​លិច​ទីផ្សារ​អឺរ៉ុប​ និង​អាមេរិក​។

ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់នេះ​​ ដោយ​លើក​ឡើង​ថា​ វា​ជា​ការ​ពន្លើស​ និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ ហើយ​ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​របស់​​អឺរ៉ុប​ រដ្ឋាភិបាល​ចិន​បាន​អំពាវ​នាវឱ្យ​​​​ប្លុក​​​​នេះ​ លុប​​ចោល​ផែនការ​របស់​ខ្លួន ហើយ​ក្រសួង​ពាណិជ្ជកម្មរបស់​ខ្លួន​​វិញ​ បាន​ព្រមាន​​ថា​ ការ​តម្លើង​ពន្ធ​​អាច​ប្រថុយ​នឹង​បំផ្លាញ​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ចិន​-​សហភាពអឺ​រ៉ុប​ និង​ស្ថិរភាព​នៃ​ផលិតកម្ម​រថយន្ត ​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ពិភព​លោក​​។ ​​លើស​ពី​នេះ​ ចិន​​​​បាន​ព្រមាន​អំ​ពីវិធានការ​វាយ​បក​។

​ប្រធាន​បទ​នៃ​ការ​វាយ​បក​នេះ​ហើយ​ ដែល​ជា​ភាព​តឹង​តឹង​នៃ​ភាព​ចម្រូង​ចម្រាស​​ពាណិជ្ជកម្ម​ចុង​ក្រោយ ដោយ​គេ​ឃើញ​សារព័ត៌មាន​ និង​អ្នក​វិភាគ​ខ្លះ​ ថែម​ទាំង​ប្រើ​ពាក្យ​ «សង​សឹក​» ​ដើម្បី​ពិពណ៌នា​ពី​​វិធានការ​បែប​នេះ​របស់​ក្រុង​ប៉េកាំងទៀត​ផង​​។ ភាព​តាន​តឹង​ដដែល​ បង្ក​ជា​​ការ​ព្រួយ​បារម្ភ​ថា​ សហភាព​អឺរ៉ុប​ និង​ចិន​ អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ «សង្រ្គាម​ពាណិជ្ជកម្ម​» ដូច​អ្វីដែល​បាន​កើត​​ឡើង​ និង​កំពុង​បន្ត​ ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ចិន​-អាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨ មក​។ ​យ៉ាង​ណា​មិញ​ គេ​ក៏​សង្កេត​ឃើញ​ពី​ភាព​ស្មុគ​ស្មាញ​ ដែល​លទ្ធភាព​បែប​នេះ​មាន​​ភាព​ស្រពិច​ស្រពិល​នឹង​កើត​ឡើង​។

អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា​ ទោះ​បី​ជា​ចិន​ចង់​ឆ្លើយ​តប​ទៅ​អឺរ៉ុប​វិញក៏​ដោយ​​​ ក៏វា​​មាន​ដែន​កំណត់​ដែរ​ ​លុះ​ត្រា​តែ​ចិន​​​ដើរ​តាម​ផ្លូវ​សង្រ្គាម​ពាណិជ្ជកម្ម​។ ​ក្រៅ​ពី​​នេះ​ ក៏​មាន​ការ​​វិភាគ​ឃើញ​ថា​ សង្រ្គាម​ពាណិជ្ជកម្ម​ប្រហែល​ជា​មិន​អាច​កើត​ឡើង​ភ្លាម​ៗ​នោះ​ទេ​ ដោយ​សារ​តែនោះ​ជា​ការ​ប្រថុយ​ប្រថាន​មួយ​សម្រាប់​ចិន​ ដែល​មាន​អឺរ៉ុប​ជា ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​ខ្លួន​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​អ្នក​វិភាគ​ខ្លះ​បាន​ព្យាករ​ថា​ ការ​សង​សឹក​របស់​ចិន​នឹង​កើត​​មាន​នៅ​ទី​បញ្ចប់​ ប្រសិន​បើ​ស្ថានការណ៍​បន្ត​តាន​តឹង​ ហើយ​​ដំបូង​ៗ​ ចិន​​នឹង​ផ្តោត​លើ​ទំនិញ​កសិកម្ម​ដូច​ជា​ឈីស ​និង​សាច់​ជ្រូក​ជាដើម​​។​ ស្រដៀង​នឹង​ការ​ព្យាករ​​នេះ​ ​ប្រទេស​ចិន​ក្រោយ​មក​ ពោល​គឺ​ថ្មី​ៗ​នេះ​ ​បានប្រកាស​​បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​​តម្លៃ​លើ​សាច់​ជ្រូក​ដែល​បាន​នាំ​ចូល​​ពី​​សហ​ភាព​​អឺរ៉ុប  ​ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ សម្រាប់​​ប្រទេស​ក្នុង​ប្លុក​មួយ​ចំនួន ​ដែល​នាំ​ចូ​ល​សាច់​ជ្រូក​ទៅ​ចិន​ច្រើន​ ដូច​ជា​អេស្ប៉ាញ​ ហូឡង់​ ដាណឺម៉ាក​ និង​បារាំង​ជា​ដើម​ ប្រសិន​បើ​ចិន​រឹ​ត​បណ្ដឹង​លើ​​ការ​នាំ​ចូល​។ ​​

ម្យ៉ាង​វិញ​ទៀត​ ទោះ​​​មាន​ជម្រើស​ឆ្លើយតប​​​តិច​​​ក៏​ដោយ​ចុះ​ អ្នក​វិភាគ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ ចិន​អាច​នឹង​ប្រើ​វិធី​សាស្រ្ត​ដាក់​សម្ពាធ​លើ​សមាជិក​ប្លុក​អឺរ៉ុប​​ជាក់​លាក់​ណា​មួយ​​។ ក្រៅ​តែ​ពី​បញ្ហា​ស៊ើប​អង្កេត​លើ​សាច់​ជ្រូក​នាំ​ចូល​ពី​​អឺរ៉ុប​ ការ​ធ្វើ​តាម​សំណើរ​ដំឡើង​ពន្ធ​សង​សឹក​លើ​រថយន្ត​ស៊ី​សាំង​​​អឺរ៉ុបរបស់​រដ្ឋាភិបាល​ចិន​ អាច​នឹង​ដាក់​សម្ពាធខ្លាំង​​លើ​​អាល្លឺម៉ង់​ ដែល​មាន​ក្រុម​ហ៊ុនផលិត​រថយន្ត​ល្បី​ៗ​ជាច្រើន​ដាក់រោង​ចក្រ​​ផលិតកម្ម​នៅ​ចិន​ ​​រួម​មាន​ក្រុម​ហ៊ុន​ BMW, Mercedes-Benz, Volkswagen និង​ Porsche។

ប្រសិន​បើ​ចិន​សង​សឹក​ដោយការ​ដំឡើង​​ពន្ធមែននោះ​​​ ​​អាល្លឺម៉ង់​ដែល​នាំ​​​រថយន្ត​ចេញ​​ទៅ​ចិនច្រើន​ជាង​គេ​ នឹង​ទទួល​បន្ទុក​ខ្ពស់​។​ ជាមួយ​គ្នា​នេះ​ បណ្ដាល​​​​ក្រុម​ហ៊ុន​​អាល្លឺម៉ង់​មាន​រោង​ចក្រ​​ផលិត​កម្ម​នៅ​ចិន​ផ្សេង​ៗ​​ ក៏​អាច​បាត់​បង់​អត្ថប្រយោជន៍​ដែល​រដ្ឋាភិបាល​ចិន​ផ្ដល់​ឱ្យ​ផ្សេង​ៗ​ផង​ដែរ​ ដោយ​នោះ​ ​មិនទាន់​​រាប់​បញ្ជូល​ពី​លទ្ធភាព​ដែល​ការលក់រថយន្ត​​របស់​ពួក​គេ​អាច​ធ្លាក់​ចុះ​ផង​។ ​

សម្ពាធ​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​អាល្លឺម៉ង់​ប្រឆាំង​នឹង​​យន្តការ​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​។ ​អធិការបតី​អាល្លឺម៉ង់​ លោក​ អាឡាហ្វ សុលហ្ស៍ ​​បាន​គូស​បញ្ជាក់​រួច​ហើយ​ថា​ ពន្ធ​របស់​អឺរ៉ុប​​អាច​មាន​ផល​វិបាក​យូរ​អង្វែង​។ លោក​​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៨ មិថុនា​ ថា​ ​៖ «​ភាព​ឯកោ ​និង​របាំង​គយ​ខុស​ច្បាប់​ ​ចុង​ក្រោយ​គ្រាន់​តែ​ធ្វើ​ឱ្យ​អ្វី​ៗ​ទាំង​អស់​កាន់​តែ​ថ្លៃ​ ហើយ​មនុស្ស​គ្រប់​គ្នា​កាន់​តែ​ក្រី​ក្រ​។​ យើង​​មិន​​បិទ​​ទីផ្សារ​​របស់​​យើង​​ចំពោះ​​ក្រុមហ៊ុន​​បរទេស​​​ទេ​ ព្រោះ​​យើង​ក៏​​​មិន​​ចង់​​បាន​​បែប​នេះ​​​សម្រាប់​​ក្រុម​ហ៊ុន​​របស់​​យើង​​​ដែរ​​»​។ ​

​​តើក្រុមហ៊ុន​​ចិន​មាន​ជម្រើស​បែប​ណា​?

ខណៈ​អឺរ៉ុប​បាន​អះ​អាង​ពី​ការ​ស្វែង​រក​ដំណោះ​ស្រាយជាមួយ​អាជ្ញាធរ​ចិន​ គេ​​នៅ​តែ​រំពឹង​ថា​ ការ​បង្កើន​ពន្ធ​ទំនង​នឹង​នៅ​តែ​ចូល​ជា​ធរមាន​ចាប់​ពី​ខែ​កក្កដា​ទៅ ដែល​នេះ​គ្មាន​ជម្រើស​បញ្ជៀស​ច្រើន​សម្រាប់​ចិន​នោះ​ទេ​។

​យ៉ាង​ណា​មិញ​ ពិពិធកម្ម​ទីផ្សារ​នាំ​ចេញ​​ គឺ​ជា​ជម្រើស​ទី​ផ្សារ​មួយ​សម្រាប់​ក្រុម​ហ៊ុនផលិត​ EV របស់​​​ចិន​។​ ក៏​ប៉ុន្តែ ឧបសគ្គមួយ​​ត្រង់​ថា​ អឺរ៉ុប​គឺ​ជា​ទីផ្សារ​ EV ដ៏​ធំ​បំផុត​​​របស់​ចិន​។

ទោះ​យ៉ាង​ណា​​ក៏​ដោយ​ អ្នក​វិភាគ​​លើក​ឡើង​ថា​ ផល​ប៉ះ​ពាល់​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ EV ​របស់​ចិន​​ក្រោម​វិធានការ​របស់​អឺរ៉ុប​ ​នឹង​ប្រែ​ប្រួល​អាស្រ័យ​លើ​កម្រិត​នៃ​ពន្ធគយ​ និង​រចនា​សម្ព័ន្ធ​ចំណាយ​របស់​ក្រុមហ៊ុន​នីមួយ​ៗ​។​ ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត​ទាំង​នោះ​ អាច​​បង្ខំ​ឱ្យ​​​ពួក​គេ​ដំឡើង​ថ្លៃ​រថ​យន្ត​របស់​ខ្លួនដើម្បី​បង្កើត​ប្រាក់​ចំណេញ​​ ឬ​បង្កើត​រោងចក្រ​នៅទ្វីប​​អឺរ៉ុប​ផ្ទាល់​ ដើម្បី​បញ្ចៀស​ពន្ធ​​ខ្ពស់​។

ជុំ​វិញ​បញ្ហា​នេះ​ កន្លង​មក​ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ រួម​មាន​ហុងគ្រី​ ប៉ូឡូញ ​អ៊ីតាលី ​និង​អេស្ប៉ាញ​ ​បាន​ស្វែង​រក​ការ​ទាក់​ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​ ​ឱ្យ​​បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​។​ ​រដ្ឋ​រៀង​ៗ​ខ្លួន​ ​បាន​មើល​ឃើញ​ពី​ផល​ចំណេញ​​ពី​ការ​វិនិយោគ​បែប​នេះ​ តាម​រយៈ​ការ​ផ្ដល់​ទីផ្សារ​ការងារ​ ក៏​ដូច​ជា​ការ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​ពួក​គេ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Euronews។

ដូច​​លើក​ឡើង​បែប​នេះ​​​ គេ​មើល​ឃើញ​ថា​ យន្តការ​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​អាច​ជា​​ផ្នែក​មួយ​ ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ក្រុម​ហ៊ុន​ចិន​មាន​សាខារោង​ចក្រ​​នៅ​អឺរ៉ុប​។ យ៉ាង​ណា​មិញ​ ​មាន​សេចក្ដី​រាយការណ៍​នា​​ពេល​កន្លង​រួច​មក​ហើយ​ថា​​ ក្រុមហ៊ុន​ផលិត​​ EV ​របស់​ចិន​ដូច​ជា​ ក្រុម​ហ៊ុន​ Chery Automobile, BYD ​និង​ SAIC Motor ​មាន​បំណង​បង្កើត​រោងចក្រ​​នៅ​អឺរ៉ុប។

បើ​តាម​ Euronews ​​ក្រុមហ៊ុន​ផលិត​ EV ​​ចិន​ ដែល​កំពុង​ស្វែង​រក​ការ​បើក​រោង​ចក្រ​ថ្មី​នៅ​អឺរ៉ុប​ នឹងទទួល​បាន​អត្ថ​ប្រយោជន៍ផ្សេង​ៗ​​ដូច​ជា​ ការ​បន្ធូរ​បន្ថយ​ពន្ធ​ ប្រាក់​សម្រាប់​ការ​បង្កើត​ការងារ​ ការ​គ្រប់​គ្រង​តិច​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់​ និង​ការ​គាំទ្រ​សម្រាប់​ការ​បង្កើត​រោងចក្រ​អាគុយ​ ដើម្បី​សម្រួល​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ EV​ ជា​ដើម​។

តើ​អ្នក​វិភាគ​ផ្ដល់​អនុសាសន៍​បែប​ណា​​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ដែល​អាច​ជាប់​គាំង​ ប្រសិន​បើ​ភាព​តានតឹង​កាន់​តែខ្លាំង​?

មិន​ខុស​ពី​ក្រុម​ហ៊ុន​ចិន​ទេ​ អ្នក​វិភាគ​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​វិនិយោគ​នា​នា​ដែល​​អាច​ជាប់​ខ្លួន​ ឬ​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​ភាព​តាន​តឹង​រវាង​អឺរ៉ុប​ និង​ចិន​ គួរ​តែ​ធ្វើ​ពិពិធកម្ម​​ផលិតកម្ម​ ឬ​ប្រទេស​ដែល​ខ្លួន​វិនិយោគ​។

ក្នុង​បរិបទ​ដែល​ប្រទេស​ធំៗ​បែង​ចែក​ប្លុក​ មិន​ថា​ក្នុងបរិបទបញ្ហា​ពាណិជ្ជកម្ម​​អាមេរិក​-ចិន​ ឬ​អឺរ៉ុប​-ចិន​ក៏ដោយ​ ក្រុមហ៊ុន​វិនិយោគ​ទាំង​អស់​គួរ​តែ​​ដាក់​ខ្លួន​នៅ​ចំ​ណុច​សុវត្ថិភាព​ តាម​រយៈ​ការ​បំលែង​ទីវិនិយោគ​ ផលិតកម្ម​ និង​ផលិត​ផល​។

អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា​ ទោះ​បី​ជា​សង្រ្គាម​ពាណិជ្ជអឺរ៉ុប​ និង​​ចិន​មិន​ផ្ទុះ​ឡើង​ភ្លាមៗ​​​ក៏​ដោយ​ ក៏​វា​នឹង​​​​​បន្ត​កាន់​តែ​តាន​តឹង​ ដែល​ការណ៍​នេះ​ជំរុញដោយ​ការ​កើន​ឡើង​នៃ​គោលនយោបាយ​​បែប​ការពារ​និយម​ ក៏​ដូច​ជា​បរិបទ​ភូមិសាស្រ្ត​នយោបាយ​ ដែល​ជា​មុំ​ដ៏​ធំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

តើការសម្ភាសន៍មនុស្សបែកថ្នាំ ឬមិនមានស្មារតីល្អខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែរឬទេ?

ព័ត៌មានជាតិ២៣ នាទីutes មុន

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក

នយោបាយ៣៨ នាទីutes មុន

ទូតចិនច្រានចោលព័ត៌មានថា«ចិនផ្អាកផ្តល់កម្ចីដល់កម្ពុជា» ហើយអះអាងថា «ចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា»

សន្តិសុខសង្គម៣៨ នាទីutes មុន

ករណីទឹកស្អាតអស់ជាង៤លានក្នុងមួយខែត្រូវបាន​បញ្ចប់ក្រោមការអន្តរាគមន៍ពីអភិបាលខេត្ត

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ហាម៉ាស៖ បទ​ឈប់បាញ់​ហ្គាហ្សាម្ដង​នេះ គឺ​ច្បាស់លាស់ និង​វិជ្ជមាន

នយោបាយ២១ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម