ព័ត៌មានជាតិ
អាមេរិកនៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់កម្ពុជា
ភ្នំពេញៈ កម្ពុជាប្រមូលប្រាក់បានជាង ៣,៤ ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៤ កើនជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈអាមេរិកនៅតែជាប្រទេសនាំមុខគេដែលទទួលទិញទំនិញពីកម្ពុជា នៃទឹកប្រាក់នាំចេញសរុប។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោង GDCE ចន្លោះពីខែមករាដល់ខែឧសភាឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានចំនួនសរុប ៣,៥២វ ពាន់លានដុល្លារ កើន ៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ៣,២ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ចំនួន ៣,៤ ពាន់លានដុល្លារ កើន ៧ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ៩៥,៥៨ លានដុល្លារ កើនឡើងជា១ ភាគរយ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្ទុះការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសបណ្តាប្រទេសតំបន់អឺរ៉ុប អាមេរិក និងកាណាដាបានងើបឡើងវិញគួរឱ្យកត់សម្គាល់តាំងពីឆមាសទី២ ឆ្នាំ ២០២៣។
លោកថាអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងកសិផលមួយចំនួន។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះ តាមការពិនិត្យជាក់ស្តែង យើងឃើញថាក្នុងរយះពេលប៉ុន្មានខែដើមឆ្នាំនេះ ការនាំចេញសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល អាចនឹងល្អប្រសើរជាងឆ្នាំមុន ដោយសារតែភាពប្រសើរឡើងនៃសេដ្ឋកិច្ចអាមេរិកធ្វើអោយតម្រូវការមានការកើនឡើង។ ជាមួយគ្នានេះដែរការបញ្ចេញស្តុករបស់ក្រុមហ៊ុនបញ្ជាទិញ និងហាងលក់ទំនិញនានា ក៏បានជួយឱ្យការបញ្ជាទិញផលិតផលសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលប្រហាក់ប្រហែលក្នុងឆ្នាំ ២០២៤ មានកំណើនធៀបឆ្នាំ ២០២៣»។
សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ក៏បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា ទោះបីពេលនេះកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អដូចមុនពេលមានវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិក គឺបង្ហាញភាពវិជ្ជមានឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំ ២០២៣។ និន្នាការនេះនឹងបន្តទៅមុខទៀត ខណៈបច្ចុប្បន្នកម្ពុជាមានមុខទំនិញកាន់តែច្រើនសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារសកល។
លោកបញ្ជាក់ថា៖ «ការងើបឡើងវិញនៃតម្រូវការផលិតផលវាយនភណ្ឌនៅអាមេរិក ព្រមទាំងការកើនឡើងសមត្ថភាពផលិតកម្មនៅកម្ពុជានឹងជួយធ្វើឱ្យកម្ពុជាមានឱកាសទទួលប្រាក់ចំណូលកាន់តែច្រើនពីពាណិជ្ជកម្មទ្វេភាគីនេះ។ អាមេរិក គឺជាទីផ្សារទទួលទិញផលិតផលវាយនភណ្ឌចម្បងរបស់កម្ពុជា»។
ទិន្នន័យរបស់ GDCE ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំទំនិញទៅមករវាងដៃគូពាណិជ្ជកម្មទាំង ២ មានទឹកប្រាក់សរុប ៩,១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ៨,៩ ពាន់លានដុល្លារ ថយចុះ ០,៨ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាបានចំនួន ២៥៧,១៨ លានដុល្លារ ថយចុះ ១៧,៧ ភាគរយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»