Connect with us

សេដ្ឋកិច្ច

បញ្ហា​​ពាក់​ព័ន្ធ​ចិន ​បង្កើន​កំណើន​​ពាណិជ្ជកម្ម​​​​​ អាល្លឺម៉ង់​-អាមេរិក​​

បានផុស

នៅ

ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​ ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាល្លឺម៉ង់​ ប៉ុន្តែ​​ដំណែង​នេះ​​អាច​​នឹង​ផ្លាស់​ប្ដូរ​ ពោល​គឺ​អាមេរិក​អាច​នឹង​វ៉ា​ដាច់​ចិន​វិញ​ម្ដង​ ដោយ​សារ​គោលនយោបាយ​​ងាក​ចេញ​ពី​ចិន​របស់​លោក​ខាង​លិច​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​អាល្លឺម៉ង់​ មាន​ចំនួន​ ៦៣,២ ប៊ីលាន​អឺរ៉ូ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៤ ដោយ​​​កើន​ហួស​នៃ​ទំហំ​ពាណិជ្ជកម្ម​ចិន​ និង​អាល្លឺម៉ង់​ ដែល​មាន​ត្រឹម​ ៦០ ប៊ីលាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​​ក្រុង​ប៊ែកឡាំង​។  ​

ខណៈ​ភាព​ខុស​គ្នា​មាន​​​គម្លាត​​​តិច​តួច​ ​​វា​បង្ហាញ​ពី​និន្នាការ​មួយ​គឺ​ថា​ ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កំពុង​ផ្លាស់​ប្តូរ​ដោយ​សារ​ ភូមិ​សាស្ត្រ​នយោបាយ​ និង​ការ​ប្រកួត​ប្រជែង​​មាន​ឥទ្ធិពល​លើ​គោលនយោបាយ​ពន្ធ​​ថ្មី​ និង​លំហូរ​ទំនិញ​អន្តរជាតិ​។​ ​នេះ​បើ​តាម​សំណេរ​វិភាគ​របស់អ្នក​ជំនាញ​សេដ្ឋកិច្ច​ពី​​សារព័ត៌មាន​​ Business Insider។

ចំ​ពេល​មាន​ជម្លោះ​ដូច​ជា​សង្រ្គាម​រុស្ស៊ី​-​អ៊ុយក្រែន​ និង​ការ​ព្រួយ​បារម្ភ​លើ​ការ​ផលិត​ទំនិញ​ហួស​ប្រមាណ​របស់​ចិន​ដូច​ជា​រថយន្ត​អគ្គិសនី​ និង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ ពាណិជ្ជកម្ម​រវាង​លោក​ខាង​លិច​ និង​ចិន​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ខ្លាំង​ ហើយ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​​​ជាមួយ​ចិន​ គឺ​​ជា​ឧទាហរណ៍​នៃ​របត់​នេះ​។

ក្នុង​​​ការ​វិវត្ត​ចុង​ក្រោយ​បង្អស់មួយ​​នៃ​របត់​ គឺ​​ពាក់​ព័ន្ធ​នឹងការ​បង្កើន​ពន្ធ​​លើ​រថយន្ត​​អគ្គិសនី​នាំ​ចូល​ពី​ចិនរហូត​ដល់​ ៣៨,១ ភាគរយ​ ​របស់សហភាព​​អឺរ៉ុប​។ ​ ពន្ធ​នេះ​ដាក់​ចេញ​ឡើង​ដើម្បី​ទប់​ស្កាត់​លំហូរ​​រថយន្ត​អគ្គិសនី​ថោក​ៗ​ពី​ចិន​ និង​ការពារ​ផលិតកម្ម​ក្នុង​ស្រុក​។

យោង​តាម​គណៈកម្មការ​អឺរ៉ុប​ ចំនួន​រថយន្ត​ចិន​ដែល​បាន​លក់​នៅ​ក្នុង​ប្លុក​ ​​បាន​កើន​ឡើង​ពី​តិច​ជាង​ ១ ភាគរយ​នៅ​លើ ​ទីផ្សារ​ក្នុង​ឆ្នាំ​ ២០១៩ ដល់​ ៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣​។ ​​ចំនួន​រថយន្ត​អគ្គិសនី​ចិន​  ​​ដែល​បាន​លក់​នៅ​ក្នុង​ប្រទេស ​អាល្លឺម៉ង់​ បាន​កើន​ឡើង​ជិត​ដប់​ដង​ពី​ឆ្នាំ​ ២០២០​ ​ដល់​ឆ្នាំ​ ២០២៣​​។ ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ ចាប់​​​ពី​​ខែ​​មក​​រា​ ​ដល់​​ខែ​​មេសា​​ ប្រហែល​ ៤១ ភាគរយ​​នៃ​រថយន្ត​ EV ​នាំ​ចូល​របស់​អាល្លឺម៉ង់​ គឺ​មក​ពី​ប្រទេស​ចិន​។​

ម្យ៉ាង​វិញ​ទៀត​ ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ដូច​ជា​ BMW, Porsche, និង​ Volkswagen ​ពឹង​ផ្អែក​ខ្លាំង​លើ​ទីផ្សារ​ចិន​។​ ជិត​ ១/៣ ​​នៃ​ការ​លក់​រថយន្ត​របស់​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​ ២០២៣​ មាន​នៅ​ចិន​ ដែល​ធ្វើ​ឱ្យ​​ឧស្សាហកម្ម​នេះ​ងាយ​រងគ្រោះ​ទៅ​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​ និង​ចិន​ ប្រសិន​បើ​វា​ផ្ទុះ​ឡើង​។   

ការណ៍​នេះ​ធ្វើ​ឱ្យ​មន្រ្តី​អាល្លឺម៉ង់​ និង​ចិន​ សកម្ម​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ ដោយ​មាន​ចិន​ជំរុញ​ឱ្យ​ប្លុក​អឺរ៉ុប​ទម្លាក់​ចោល​នូវ​វិធានការ​ពន្ធ​ ខណៈ​អាល្លឺមង់​តែង​ប្រឆាំង​នឹង​វិធានការ​នេះ​។

​​ប៉ុន្តែ​ចំពេល​ដែល​​ទំនាក់​ទំនង​ជាមួយ​ចិន​មាន​ភាព​តា​នតឹង​ ទិន្នន័យ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ បាន​បង្ហាញ​​ពី​​ការ​ធ្លាក់​ចុះ​ ១៤ ភាគរយ​ ​​​នៃ​ការ​នាំ​ចេញ​របស់​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ខែ​ឧសភា​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ ​ខណៈ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​ ៤,១ ភាគរយ​ ក្នុង​អំឡុង​ពេល​ដូច​គ្នា​។  ​

នៅ​ឆ្នាំ​ ២០២២​ ​ពាណិជ្ជកម្ម​​ចិន​-​អាល្លឺម៉ង់​ ធំ​ជាង​ពាណិជ្ជកម្ម​​អាមេរិក​​-​អាល្លឺម៉ង់ ប្រមាណ​ ៥០ ប៊ីលាន​អឺរ៉ូ​ ​ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០២៣ ទំហំ​នេះ​ថយ​ចុះ​មក​ត្រឹម​ ០,៧ ប៊ីលាន​ដុល្លារ​វិញ​។  ​  

​មន្រ្តី​អាល្លឺម៉ង់​និយាយ​ថា​ ការ​គាំទ្រ​របស់​ចិន​ចំពោះ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​ ​គឺ​ជា​ហេតុ​ផល​ចម្បង​ដែល​ទំនាក់​ទំន​ងសេដ្ឋកិច្ច​អាល្លឺម៉ង់​ និង​ចិន​ ​បាន​ធ្លាក់​ចុះ​។ ​នេះ​បើ​តាម​ការរាយការណ៍​របស់​សារព័ត៌មាន​​ Bloomberg​។

ផ្ទុយ​ទៅ​វិញ​ ពាណិជ្ជកម្ម​ចិន​ និង​រុស្ស៊ី​ ​​បាន​ឈាន​ដល់​កំណត់​ត្រា​ ២៤០ ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣​ ខណៈ​​ការ​ស្ទង់​មតិ​របស់​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ចិន​ ​​មាន​តែ​ ១៣ ភាគរយ​នៃ​ក្រុម​ហ៊ុន​​ប្លុក​អឺរ៉ុប​ប៉ុណ្ណោះ​  ដែល​​មើល​ឃើញ​ថា​ប្រទេស​ចិន​ជា​គោលដៅ​វិនិយោគ​កំពូល​។​

ខណៈ​ដែល​ភូមិសាស្រ្ត​នយោបាយ​ប្រែ​ប្រួល​ខ្លាំង​ សហរដ្ឋ​អាមេរិក​បាន​ដាក់​គោលដៅ​ច្បាស់​លាស់​ គឺ​ការ​ពារ​ការ​ផលិត​ក្នុង​ស្រុក​ ដោយ​ដាក់​ពន្ធ​លើ​ទំនិញ​ចិន​។ ទោះ​បី​ជា​សហភាព​អឺរ៉ុប​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិច​ស្រពិល​នឹង​ដើរ​តាម​ក៏​ដោយ​ ក៏​ទំនោរ​នេះ​បាន​ចាប់​ផ្ដើម​បណ្ដើរ​រួច​ទៅ​ហើយ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​របាយការណ៍​មួយ​របស់​ក្រុម​ប្រឹក្សា​អាត្លង់ទិក​ ដែល​ជា​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ ​បាន​និយាយ​ថា​ ការ​​ងាក​ចេញ​ពី​​​ចិន​របស់​អឺរ៉ុប​​គឺ​នៅ​ឆ្ងាយ​ពី​ការ​សម្រេច​បាន​ ហើយ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​តែ​រឹង​មាំ​។​

អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ ទិន្នន័យ​ពាណិជ្ជកម្ម​អាច​ផ្លាស់​ប្តូរ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ហើយ​​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​របស់​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​ចិន​​នៅ​ខែ​ឧសភា​ មិន​គួរ​ជា​ក្លាយ​ជា​រឿង​គួរ​ឱ្យ​កត់​សម្គាល់​ពេក​ទេ​ ព្រោះ​​ចំនួនប្រចាំ​ខែ​​​អាច​ខុស​គ្នា​ក្នុង​​និន្នាការ​រយៈ​ពេល​វែង​។​ អ្នក​វិភាគ​ខ្លះ​ទៀត​លើក​ឡើង​ថា​ ​​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​របស់​អាល្លឺម៉ង់​ ក៏​រង​ផល​ប៉ះ​ពាល់​ដោយ​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​ការ​ពន្យារ​ពេល​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ដោយ​សារ​តែ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ក្រហម​ជាដើម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម