សេដ្ឋកិច្ច
អាល្លឺម៉ង់ និងចិនចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការចែករំលែកទិន្នន័យ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថល និងដឹកជញ្ជូនអាល្លឺម៉ង់ បានឱ្យដឹងកាលពីថ្ងៃពុធថា អាល្លឺម៉ង់ និងចិនបានចុះហត្ថលេខាលើសេចក្តីប្រកាសអំពីការចែករំលែក ក៏ដូចជាការផ្ទេរទិន្នន័យឆ្លងដែន ក្នុងជំហានមួយដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន អាចផ្ទេរទិន្នន័យចេញពីចិនបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី Volker Wissing និងនាយករដ្ឋបាលអ៊ិនធឺណិតរបស់ចិន ដោយធ្វើឡើងក្រោយកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំង២ លើរថយន្តបើកបរដោយស្វ័យប្រវត្តិកាលពីខែមេសា។
លោក Volker បានថ្លែងថា លំហូរទិន្នន័យដោយសេរីគឺជារឿងចាំបាច់ ខណៈនៅតែគិតគូរពីផលប្រយោជន៍ឯកជនភាព និងសុវត្ថិភាព ហើយសេចក្តីប្រកាសរួមនេះ បានផ្តល់មូលដ្ឋានសម្រាប់យន្តការកិច្ចសន្ទនាគ្នា។
លោកនិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងកំពុងបង្កើតការផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់ និងការយល់ដឹងរួមនៃក្របខ័ណ្ឌច្បាប់គោលនយោបាយទិន្នន័យរវាងប្រទេសទាំង២»។
គួរគូសបញ្ជាក់ថា ការផ្ទេរទិន្នន័យចេញក្រៅប្រទេសចិន គឺជាបញ្ហាដ៏ចម្រូងចម្រាសសម្រាប់ក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ។ ប៉ុន្តែទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាពដែលអាចកើតមាន ចេញបច្ចេកវិទ្យារបស់ចិន ដែលចូលក្នុងទីផ្សាររបស់ពួកគេ ហើយប្រមូលទិន្នន័យក្នុងស្រុក។
និយតករចិនបានបង្ហាញពីការបន្ទន់ជំហររបស់ខ្លួន បន្ទាប់ពីបានរឹតបន្តឹងច្បាប់ទិន្នន័យសម្រាប់ឧស្សាហកម្មរថយន្តកាលពីឆ្នាំមុន ដោយស្នើឱ្យហាមឃាត់មិនឱ្យរថយន្តឆ្លាតវៃផ្ទេរទិន្នន័យដោយផ្ទាល់ចេញពីចិនទៅបរទេស។ ជាធម្មតា រថយន្តបើកបរដោយខ្លួនឯង ប្រមូលទិន្នន័យយ៉ាងច្រើន ទាំងអាកប្បកិរិយារបស់អ្នកដំណើរ និងអ្នកបើកបរ និងសភាពជុំវិញរថយន្ត។
ទោះយ៉ាងណាក៏ដោយ ការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការចែករំលែកទិន្នន័យរវាងអាល្លឺម៉ង់ និងចិននាពេលនេះ ធ្វើឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន ជុំវិញការដំឡើងពន្ធលើរថយន្តអគ្គិសនី ចិន៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន