Connect with us

សេដ្ឋកិច្ច

កសិករមួយរូបលក់ស្ពៃក្រញាញ់តាមហ្វេសប៊ុកបានជាង ១ តោន ក្រោយបង្ហោះតម្លៃធ្លាក់ចុះដល់ ៣០០ រៀល ក្នុងមួយគីឡូក្រាម

បានផុស

នៅ

កសិករដាំស្ពៃក្រញាញ់មួយរូបដែលទទួលបានផលស្ពៃប្រមាណជា ១០តោន ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងប្រឈមនឹងការខូចចោល ខណៈតម្លៃបានធ្លាក់ចុះយ៉ាងគំហុក។

កសិកររូបនេះ បានឱ្យដឹងថា រូបលោកបានលក់ស្ពៃក្រញាញ់ចេញប្រមាណជាង ១ តោន ទៅឱ្យប្រជាពលរដ្ឋដែលបញ្ជាទិញតាមអនឡាញក្នុងតម្លៃប្រមាណ ១.០០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម បន្ទាប់ពីរូបលោកបង្ហោះហ្វេសប៊ុកពីតម្លៃស្ពៃក្រញាញ់ធ្លាក់ចុះមកនត្រឹម ៣០០ រៀល ឬ ៤០០ រៀលក្នុងមួយគីឡូក្រាម ហើយគ្មានអ្នកទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជឿន ទិត្យា ម្ចាស់ចម្ការស្ពៃក្រញាញ់ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ នេះថា នៅឆ្នាំនេះ កសិដ្ឋានដាំស្ពៃក្រញាញ់របស់លោក អាចប្រមូលផលបាន ១០តោន ប៉ុន្តែក៏អាចនឹងប្រឈមខ្លាំងនឹងការខាតបង់ ដោយសារតែតម្លៃមានការធ្លាក់ចុះខ្លាំងរហូតនៅត្រឹម ៣០០រៀល ទៅ៤០០រៀល ក្នុងមួយគីឡូក្រាម។

ម្ចាស់កសិដ្ឋានរូបនេះអះអាងថា៖«ស្ពៃឆ្នាំនេះ លក់មិនរួចថ្លៃកម្លាំងពលកម្ម និងថ្លៃអ្នកដកស្ពៃនៅក្នុងចម្ការនោះទេ»។

លោក ជឿន ទិត្យា បានឱ្យបញ្ជាក់ទៀតថា ស្ពៃក្រញាញ់ ឆ្នាំនេះ មិនមែនធ្លាក់ថ្លៃតែចម្ការរបស់លោកទេ តែវាក៏ធ្លាក់ថ្លៃគ្រប់​ទីកន្លែងទាំងអស់ ជាក់ស្ដែងនោះគឺតម្លៃខុសពីឆ្នាំកន្លងទៅ ដែលស្ពៃក្រញាញ់មួយគីឡូក្រាម អាចលក់ចេញបាន ចន្លោះពី ២.០០០ រៀល ទៅ៣.០០០រៀល រាល់ពេលប្រមូលផល។

ម្ចាស់ចម្ការរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ស្ពៃក្រញាញ់ បន្តធ្លាក់ថ្លៃខ្លាំងរយៈពេលជាង ១សប្ដាហ៍ មកហើយ ត្បិតការប្រមូលទិញក្នុងចម្ការផ្ទាល់ក៏មិនសូវមានឈ្មួញចុះមកទិញដូចកាលពេលកន្លងទៅ។

ទោះយ៉ាងណា អាជីករលក់ដូរនៅតាមផ្សារក្នុងរាជធានីភ្នំពេញ បានបង្ហើបប្រាប់ថា តម្លៃស្ពៃក្រញាញ់លក់នៅលើទីផ្សារ ៤០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈតារាងតម្លៃមុខទំនិញរបស់ធនាគា ARDB ដែលបានប្រកាសតម្លៃ ស្ពៃក្រញាញ់ថ្លៃ ២.២០០ ទៅ ៣ ៥០០ រៀលក្នុងមួយគីឡូក្រាម នៅលើទីផ្សាររាជធានីភ្នំពេញ។

បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដោញសង្គម ស្ពៃក្រញាញ់របស់ម្ចាស់ចំការរូបនេះ ក៏ត្រូវបានសប្បុរសជន និងប្រជាជនខ្មែរ រស់នៅរាជធានីភ្នំពេញ បានជួយទិញបានមួយចំណែកខ្លះដែរ ដែលអាចលក់បានប្រមាណជាង ១ តោនហើយ​ ប៉ុន្តែម្ចាស់ចម្ការរូបនេះបញ្ជាក់ថា ស្ពៃជាង១០តោន បើមិនប្រញាប់លក់ ប្រាកដជាត្រូវខូចចោល៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម