ព័ត៌មានជាតិ
វិស័យឯកជនស្នើដល់ក្រសួងទេសចរណ៍បង្កើនការផ្សព្វផ្សាយ និងបង្កើតកម្មវិធីនានា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ
អ្នកតំណាងនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានស្នើរដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជាពិសេសក្រសួងទេចរណ៍បង្កើនការផ្សព្វផ្សាយ និងបង្កើតកម្មវិធីទេសចរណ៍នានាដើម្បីជំរុញសកម្មភាពក្នុងវិស័យនេះ ស្របពេលរដូវទេសចរណ៍ទាប(Low-Season)នេះនឹងបន្តរហូតដល់ខែតុលា។

លោក សរ សារិន អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងជាស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Tovtrip ដែលជាគេហទំព័រ និងកម្មវិធីរៀបចំដំណើរកម្សាន្តដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៨ខែកក្កដានេះថា សម្រាប់រដូវទេចរណ៍ទាបនេះគឺចាប់ផ្តើមតាំងពីខែឧសភានិងរហូតដល់ដើមខែតុលា ដែលជាទូទៅចំនួនភ្ញៀវទេចរមានការធ្លាក់។ «ការណ៍នេះវាមិនមែនទើបតែកើតឡើងឆ្នាំនេះទេ គឺវាតែងតែកើតឡើងជារៀងរាល់ឆ្នាំ។ បើសិនជាយើងឃើញចំនួនភ្ញៀវទេចរធ្លាក់ចុះនាពេលនេះ ដូចជាគ្មានអ្វីចម្លែកទេសម្រាប់ខ្ញុំ»។
«ជាយោបល់របស់ខ្ញុំ តើអាចស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងទេចរណ៍បង្កើតនូវព្រឹត្តិការណ៍នានាដើម្បីធ្វើឱ្យភ្ញៀវទេចរចូលមកក្នុងរដូវធ្លាក់ភ្ញៀវនេះ ព្រោះយើងមិនត្រូវគិតថាឱ្យតែរដូវធ្លាក់ភ្ញៀវថាគ្មានភ្ញៀវនោះទេ។ ខ្ញុំបានជួបម្ចាស់សណ្ឋាគារមួយចំនួននៅសៀមរាបថាស្ងាត់ភ្ញៀវដូច្នេះយើងមិនគួរបណ្តោយស្ថានការណ៍បែបនេះនោះ ទោះជាយើងមិនបានទទួលភ្ញៀវច្រើន ក៏យ៉ាងហោចណាស់បានខ្លះផងដែរ»។ នេះបើយោងតាមលោកសារិន។
លោកបានគូសបញ្ចាក់ទៀតថាកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវថវិកាសម្រាប់ការផ្សព្វផ្សាយទេចរណ៍ ដែលក្រសួងទេចរណ៍ជាអ្នកចាត់ចែង ប៉ុន្តែតាមអ្វីដែលលោកដឹងកញ្ចប់ថវិកាសម្រាប់ផ្សព្វផ្សាយហាក់មានទំហំតូចណាស់ ដូច្នេះក៏វាមិនអាចផ្សព្វផ្សាយបានទូលំទូលាយដែរ។ លោកថា«មែនទែនទៅសម្រាប់វិស័យឯកជននៅក្នុងវិស័យនេះ ក៏កំពុងជួបនូវវិបត្តិហិរញ្ញវត្ថក្នុងការទ្រទ្រង់ប្រតិបត្តិការរបស់ពួកគេផងដែរ»។

«កាលពីពេលថ្មីៗនេះរដ្ឋាភិបាលក៏បានបង្កើតក្រុមប្រឹក្សាទេសចរណ៍ជាផ្លូវការហើយ យើងសង្ឃឹមថាក្រុមប្រឹក្សានេះនឹងជំរុញនិងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ យើងក៏សង្ឃឹមផងដែរថា រាជរដ្ឋាភិបាលនឹងបង្កើនកញ្ចប់ថវិការផ្សព្វផ្សាយ និងយើងក៏រំពឹងថាថវិកានេះក៏នឹងត្រូវបានប្រើឱ្យចំគោលដៅក្នុងជួយជំរុញនិងទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសយើងកាន់តែច្រើន»។ នេះបើយោងតាមការគូសបញ្ចាក់របស់លោកសារិន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) ក៏បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃនេះផងដែរថា ការថយចុះនៃលំហូរភ្ញៀវទេសចរអន្តរជាតិនេះអាចបណ្តាលមកពីកត្តាជាច្រើន រួមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ដ៏យូរអង្វែងនៃជំងឺរាតត្បាតកូវដី១៩។
លោកបានថ្លែងថា៖«យើងដឹងហើយថាមុននឹងមានជំងឺរាតត្បាតនេះ កម្ពុជាបានទទួលបានភ្ញៀវមកពីប្រទេសនានាដូចជា ចិន កូរ៉េ ជប៉ុន និងឥណ្ឌាជាបន្តបន្ទាប់ក្នុងរដូវទេសចរទាបនេះ។ ទោះជាយ៉ាងណាក៏ដោយ អវត្តមាននៃយុទ្ធនាការផ្សព្វផ្សាយ និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររបស់ក្រសួងទេសចរណ៍ បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ ខ្ញុំយល់ថាដើម្បីធ្វើអោយវិស័យទេសចរណ៍មានភាពរស់រវើកក្នុងរដូវទាបនេះ ក្រសួងត្រូវរៀបចំផែនការយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទីផ្សារឱ្យបានល្អជាមុនសិនដើម្បីជំរុញសកម្មភាពទេចរណ៍»។

លោកថា ដើម្បីបង្កើនការអភិវឌ្ឍន៍វិស័យនេះ ចាំបាច់ត្រូវកែប្រែផលិតផលទេសចរណ៍ ជំរុញឱ្យមានការចូលរួមកាន់តែខ្លាំងជាមួយសហគមន៍មូលដ្ឋាន វាយតម្លៃឡើងវិញនូវរចនាសម្ព័ន្ធតម្លៃ ពង្រឹងបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព និងចាប់ផ្តើមយុទ្ធនាការកំណត់គោលដៅជាក់លាក់។ ការណ៍នេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ និងលើកកំពស់ទិដ្ឋភាពទេសចរណ៍ទាំងមូលនៅកម្ពុជា។
លោកស៊ីណាន់ថ្លែងយ៉ាងដូច្នេះថា៖« សម្រាប់ជាយោបល់ខ្ញុំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនក្នុងរដូវទេសចរណ៍ទាបនេះ ប្រទេសកម្ពុជាគួរតែប្រកាន់យកនូវវិធីសាស្រ្ដពីរដែលផ្តោតលើការផ្សព្វផ្សាយទិសដៅនៅទូទាំងរដូវខ្ពស់ និងរដូវទាប។ ដោយរក្សាបាននូវសកម្មភាពទីផ្សារ និងយុទ្ធនាការផ្សព្វផ្សាយពេញមួយឆ្នាំជាបន្តបន្ទាប់ ប្រទេសកម្ពុជាអាចបង្កើតចំណាប់អារម្មណ៍ជានិរន្តរភាពក្នុងចំណោមអ្នកធ្វើដំណើរ។ សកម្មភាពទីផ្សារដែលជាប់លាប់ និងយុទ្ធនាការគោលដៅគឺមានសារៈសំខាន់ក្នុងការបង្កើតការទាក់ទាញពេញមួយឆ្នាំសម្រាប់ភ្ញៀវទេសចរ ដូច្នេះធានាឱ្យមានលំហូរនៃអ្នកទស្សនាជាបន្តបន្ទាប់ដោយមិនគិតពីរដូវកាល»។

លោកថា សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះគឺមិនអាចខ្វះបានសម្រាប់ការពង្រឹងវិស័យទេសចរណ៍ឡើងវិញ និងដាក់ប្រទេសកម្ពុជាជាគោលដៅពេញមួយឆ្នាំនៃជម្រើសសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក។
«តាមរយៈការអនុវត្តវិធានការយុទ្ធសាស្ត្រទាំងនេះ កម្ពុជាអាចបង្កើនការទាក់ទាញទេសចរណ៍របស់ខ្លួន និងជំរុញជំហររបស់ខ្លួននៅក្នុងទីផ្សារទេសចរណ៍ពិភពលោកដែលមានការប្រកួតប្រជែង»។ នេះបើយោងតាមលោកស៊ីណាន់។
នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានការកើនឡើង ២២,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ