សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជា និង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅកម្ពុជា
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា (ស.ព.អ) បានចុះហត្ថលេខាលើអនុ-ស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” នៅ ស.ព.អ.។ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ ក៏មានការគាំទ្រពីផ្សារមូលបត្រកម្ពុជា (ផមក), ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ផងដែរ។
កម្មវិធីទាំងពីរខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវកិច្ចសហការក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលនឹងក្លាយជាវិនិយោគិន និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងវិស័យមូលបត្រនាពេលអនាគត។ ទន្ទឹមនឹងនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះផងដែរ បាន បញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រសម្រាប់និស្សិតនៃ ស.ព.អ. ដែលជាទំពាំងស្នងឬស្សី ឱ្យចេះរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ព្រមទាំងបណ្តុះនូវទម្លាប់សន្សំ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស័យមូលបត្រផងដែរ។
ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា៖ “កម្មវីធីនាថ្ងៃនេះ ជាសក្ខីភាពមួយរវាង ន.ម.ក. និង ស.ព.អ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការក្នុងការបង្កើនការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុង វិស័យមូលបត្រនៅកម្ពុជា។ ការណ៍នេះ យើងបាន និងកំពុងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន សម្រាប់យើងទាំងអស់គ្នាចូលរួមជាចំណែកនូវភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូ ក៏បានបន្ថែមទៀតថា៖ “វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់សម្រាប់និស្សិតគួរតែសិក្សារៀនសូត្រ ដើម្បីទាញប្រយោជន៍ពីជំនាញនេះក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរ និងសម្រេចជោគជ័យនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត។ ជាមួយគ្នានេះ មុននឹងគិតគូរដល់ការវិនិយោគ ប្អូនៗនិស្សិតត្រូវរៀនសន្សំជាមុនសិន ដោយកាត់បន្ថយចំណាយមិនចាំបាច់ គឺជាយន្តការសន្សំដ៏មានប្រសិទ្ធភាព”។
ជាមួយគ្នានេះ លោកបណ្ឌិត ផុន ណារិន បានលើកឡើងថា៖ “ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលជាវិនិយោគិនដ៏មានសក្ដានុពលនាពេលអនាគត ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត ក៏បានបន្ថែមទៀតថា តាមរយៈការចុះ MOU នេះ ស.ព.អ នឹងរៀបចំកម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្ដាលអភិបាលនៅក្នុងវិស័យមូលបត្រ ឱ្យស្របតាមស្ដង់ដារ និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដោយមានការទទួលស្គាល់ពី ន.ម.ក. ដែលជាអាជ្ញាធរ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។
នាឱកាសនេះផងដែរ បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគហ៊ុនិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាន៍ថា កិច្ចសហប្រតិបត្តិការរវាងស.ព.អ ជាមួយនឹង ន.ម.ក. គឺជាមាគ៌ាថ្មីមួយដែលនឹងបណ្តល់ជូនវគ្គបណ្តុះបណ្តាលដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ ជូនដល់និស្សិត សាធារណៈជន សមាជិកក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ដែលមានតម្រូវការស្វែងយល់ឱ្យកាន់តែច្បាស់ អំពីការរៀបចំគោលនយោបាយនៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម។ អភិបាលកិច្ចល្អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់ដំណើរការនៃការគ្រប់គ្រងអាជីវកម្មរបស់ស្ថាប័ន និងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព។ អភិបាលកិច្ច ដែលប្រកបដោយសុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អ ដោយចាត់ចែង និងការគ្រប់គ្រងបញ្ហារបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នទាំងមូល។
កម្មវិធីខាងលើនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីនៃ ន.ម.ក., តំណាងអង្គភាព និងនិយ័តករក្រោមឱវាទនៃ អ.ស.ហ., សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា, Influencer ក្នុងវិស័យមូលបត្រ, ផមក, និងនិស្សិត នៃ ស.ព.អ. សរុបចំនួន ៣០០ រូប ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស នៃ ន.ម.ក., ស.ព.អ., ផមក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា