សេដ្ឋកិច្ច
ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃសម្រេចបាន ៨៨ តោន ធ្លាក់ចុះ ៨៧% មន្ត្រី និងកសិករលើកហេតុផលអ្វីខ្លះ
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការនាំចេញស្វាយចន្ទីកែច្នៃ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៤ បានចំនួន ៨៨តោន ថយចុះ ៨៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែកក្កដា នេះថា កង្វះទុនបង្វិលជាបញ្ហាប្រឈមរបស់សហគ្រាសកែច្នៃក្នុងស្រុក ដោយសារតែលក្ខខណ្ឌធនាគារច្រើនពេក ខណៈសហគ្រាសមិនអាចបំពេញបាន។

លោក អួន ស៊ីឡុតថ្លែងថា៖« យើងមិនបន្ទោសស្ថាប័នហិរញ្ញវត្ថុទេ យើងក៏មានចំណែកទទួលខុសត្រូវដែរ ដោយសារតែយើងមិនអាចរៀបចំ របាយការណ៍ហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា ទៅតាមស្ដង់ដារដែលគេចង់បាន អញ្ចឹងហើយធ្វើឱ្យសហគ្រាសមិនអាចទទួលបានប្រាក់កម្ចីទុនបង្វិល»។
លោក អួន ស៊ីឡុត ប្រាប់ថា កន្លងមកធនាគារ SME ក៏បានជួយដែរ ប៉ុន្តែស្ថាប័នមួយនេះ មានទឹកប្រាក់ ១០០ លានដុល្លារ ខណៈសហគ្រាសកែច្នៃខ្ចីបានប្រមាណតែ ៤ លានដុល្លារ រហូតដល់បច្ចុប្បន្ន ដោយសារតែលក្ខខណ្ឌកម្ចីពិបាក ខណៈយើងក៏មានកំហុសរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនត្រូវតាមស្ដង់ដារ។

ម្យ៉ាងទៀត តម្លៃស្វាយចន្ទីនៅឆ្នាំនេះល្អ សហគ្រាសកែច្នៃប្រជែងទិញមិនឈ្នះវៀតណាម ធ្វើឱ្យការនាំចេញច្រើន។ សហគ្រាសកែច្នៃក្នុងស្រុក មានតម្រូវការទុនបង្វិលប្រមាណ ១០០ លានដុល្លារក្នុងមួយឆ្នាំ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃធ្លាក់ចុះ ដោយសារកម្ពុជាមានកំណើនកែច្នៃក្នុងស្រុក ខណៈកំណើនផលិតផលកែច្នៃបានផ្ដល់តម្លៃបន្ថែមខ្ពស់ដល់កសិករ និងសហគ្រាសកែច្នៃ ដែលនេះជារឿងល្អ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រសួងកសិកម្ម កំពុងរៀបចំបង្កើតសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទី ខណៈដែលក្រសួងគាំទ្រទាំងទុន និងបច្ចេកទេស ព្រមទាំងរចនាសម្ព័ន្ធគ្រប់គ្រង និងស្វែងរកទីផ្សារស្វាយចន្ទីឱ្យបានមុនពេលផលិត។
កញ្ញា អ៊ឹម រចនា៖ «យើងលក់មុនពេលដែលយើងផលិត នៅពេលនេះគឺយើងអាចធានាបានថា ការផ្គត់ផ្គង់ និងតម្រូវការមានសមាមាត្រគ្នា ដែលអាចធានាបាននូវស្ថិរភាពតម្លៃសម្រាប់កសិករ និងអ្នកកែច្នៃ ព្រមទាំងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារបរទេស»។

សមាគមស្វាយចន្ទីកម្ពុជាបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅប្រទេស ៧៥ ម៉ឺនតោន ដែលអាចរកចំណូលបានជាង ១ ពាន់លានដុល្លារ ខណៈផលិតកម្មស្វាយចន្ទីពិភពលោកធ្លាក់ចុះ ប្រមាណ៣០ភាគរយ។
នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើង ៣៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?