សេដ្ឋកិច្ច
ក្រុមហ៊ុនកូនខ្មែរមួយ ទិញស្ពៃពីកសិករ ផលិតចេញជាសាប៊ូ
សហគ្រិនឆ្នើម ដែលជាម្ចាស់ក្រុមហ៊ុនផលិតសាប៊ូល្បីឈ្មោះមួយ បានជួយទិញស្ពៃក្រញាញ់របស់កសិករដែលកំពុងប្រឈមនឹងការធ្លាក់ថ្លៃនៅលើទីផ្សារចូលរោងចក្រផលិតចេញជាសាប៊ូដុសខ្លួន សម្រាប់ប្រជាជនខ្មែរ។

អ្នកស្រី នុត សម្ផស្ស អាយុ ៤៤ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន អិលអេសវី (រោងចក្រសាប៊ូ អូកា) បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា មូលហេតុដែលអ្នកស្រី ប្រមូលទិញស្ពៃពីកសិករ ដោយសារតែ អ្នកស្រី មើលឃើញពីការដាំស្ពៃរបស់កសិករគ្មានជាតិគីមី និងកំពុងទទួលបានផលល្អ តែតម្លៃវិញមានការធ្លាក់ថ្លៃយ៉ាងខ្លាំង ទើបអ្នកស្រី សម្រេចចិត្តទិញស្ពៃទាំងនេះ ដើម្បីយកមកកែច្នៃចេញជាសាប៊ូដុសខ្លួន និងសាប៊ូកក់សក់ សម្រាប់ប្រជាជនខ្មែរ។

អ្នកស្រី បន្ថែមថា កន្លងមកក្រុមហ៊ុនរបស់ អ្នកស្រី តែងតែបានជ្រើសរើសប្រភេទបន្លែ ផ្លែឈើ និងរុក្ខជាតិ មួយចំនួនទៀត សម្រាប់យកមកច្នៃធ្វើជាសាប៊ូផ្សេងៗ ពីព្រោះតែ ប្រភេទបន្លែ ផ្លែឈើទាំងនេះ មានសារធាតុល្អខ្លាំង សម្រាប់សុខភាពស្បែករបស់មនុស្សយើង។

អ្នកស្រី នុត សម្ផស្ស បានបញ្ជាក់ទៀតថា សម្រាប់ស្ពៃក្រញាញ់ដែលបានទិញពីកសិករ នៅខេត្តតាកែវ និងកំពត ដែលសរុបប្រមាណជាង៣តោន នេះ អ្នកស្រី និងក្រុមការងារ បានកែច្នៃចេញជាសាប៊ូជាច្រើនមុខ មានដូចជា៖ សាប៊ូដុសមុខ សាប៊ូដុំដុសខ្លួន និងសាប៊ូកក់សក់ ប្រកបដោយស្ដង់ដាអនាម័យ និងមានការទទួលស្គាល់ត្រឹមត្រូវ ទាក់ទងនឹងគុណភាព សម្រាប់ចែកចាយបន្តទៅកាន់ប្រជាជនខ្មែរទូទាំងប្រទេសនាពេលខាងមុខនេះ។

អ្នកស្រី នុត សម្ផស្ស បានបន្តថា សាប៊ូស្ពៃក្រញាញ់ជាបន្លែម្យ៉ាង ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការថែរក្សាស្បែក រួមទាំងការផ្តល់ផ្តល់សំណើម ការពារប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជំរុញដល់ការផលិតកូឡាជែន ចំណែកសារធាតុចិញ្ចឹមរបស់ស្ពៃក្រញាញ់ធ្វើអោយស្បែកភ្លឺថ្លា តឹងណែន ពន្យារភាពចាស់របស់ស្បែក។

សហគ្រិនឆ្នើមរូបនេះ ក៏បានលើកឡើងទៀតថា នៅពេលដែលចាប់ផ្ដើមផលិតសាប៊ូចេញពីស្ពៃនេះ ដំបូងក៏មានប្រជាជនខ្មែរមួយចំនួនបានគាំទ្រ និងមិនគាំទ្រ ចំពោះការយកស្ពៃក្រញាញ់ មកធ្វើជាសាប៊ូបែបនេះ តែដោយសារ អ្នកស្រី ជាអ្នកជំនាញខាងស្រាវជ្រាវផលិតផលខាងសុខភាពស្បែកជាច្រើនរួចមកហើយ ទើបអ្នកស្រី បានសម្រេចចិត្តបង្កើតផលិតផលថ្មីនេះ ដើម្បីប្រជាជនខ្មែរ និងចូលរួមជួយសម្រាលបន្ទុករបស់់កសិករដែលកំពុងតែប្រឈមនឹងការខាតបង់ទាក់ទងនឹងការធ្វើកសិកម្ម ផងដែរ៕
អត្ថបទ ៖ សួស សិត


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក