ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ការអត់ការងារធ្វើ អាចក្លាយជាហានិភ័យថ្មីសម្រាប់សេដ្ឋកិច្ចអាមេរិក បន្ទាប់ពីអតិផរណា
អស់រយៈពេលជាច្រើនឆ្នាំមកហើយ អតិផរណាគឺជាហានិភ័យដ៏ធំបំផុតមួយសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ នៅខែមិថុនា ឆ្នាំ ២0២២ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ដែលគេប្រើដើម្បីវាស់វែងអត្រាអតិផរណា បានហក់ឡើងដល់ ៩,១ ភាគរយ ប៉ុន្តែនៅខែមិថុនាឆ្នាំនេះ វាថយចុះមកនៅត្រឹមកំណើន ៣ ភាគរយវិញ។

ការថយចុះនេះ ទោះបីជាវាមិនទាន់ដល់កម្រិតអតិផរណាគោលដៅ ២ ភាគរយរបស់ធនាគារកណ្ដាលអាមេរិកក្ដី ប៉ុន្តែវាបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដែលអាចនឹងបើកផ្លូវ ក៏ដូចជាជំរុញឱ្យធនាគារកណ្ដាល កាត់បន្ថយអត្រាការប្រាក់ដ៏តឹងរ៉ឹងរបស់ខ្លួន ដែលបច្ចុប្បន្នស្ថិតនៅចន្លោះអត្រា ៥,២៥-៥,៥០ ភាគរយ។
យ៉ាងណាមិញ អ្នកវិភាគមើលឃើញថា ខណៈអតិផរណាបន្ថយសម្ពាធអវិជ្ជមានលើកំណើនសេដ្ឋកិច្ចអាមេរិក ការគំរាមកំហែងថ្មីមួយផ្សេងទៀតក៏ចាប់ផ្ដើមលេចត្រដែតឡើង ដែលនោះគឺ ការអត់ការងារធ្វើ។
ទោះបីជាទីផ្សារការងារនៅអាមេរិកស្ថិតក្នុងស្ថានភាពរឹងមាំនៅឡើយក្ដី អ្នកជំនាញបានលើកឡើងថា កំណើនអត្រាអត់ការងារធ្វើនៅអាមេរិក ៤,១ ភាគរយកាលពីខែមិថុនា គឺជារឿងគួរឱ្យព្រួយបារម្ភ ដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិកកំពុងតែបង្ហាញពីសញ្ញានៃដំណើរយឺតយ៉ាវ។
ដោយស្រដៀងនឹងឥទ្ធិពលនៃអតិផរណាដែរ អ្នកជំនាញបានពន្យល់ថា ពេលមនុស្សកាន់តែច្រើនគ្មានការងារធ្វើ នោះតម្រូវការប្រើប្រាស់ក្នុងស្រុកនឹងបន្តចុះខ្សោយ។ ការណ៍នេះ ទាមទារឱ្យធនាគារកណ្ដាលអាមេរិក ត្រូវថ្លឹងថ្លែងកាត់បន្ថយអត្រាការប្រាក់ខ្ពស់របស់ខ្លួន ដើម្បីជំរុញការវិនិយោគ និងបង្កើនការងារ និងការចំណាយរបស់ប្រជាជន ដែលរួមចំណែក ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចអាមេរិក។

ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាជីវកម្ម RSM លោក Joe Brusuelas បាននិយាយប្រាប់បណ្ដាញព័ត៌មាន CNN ថា៖ «វាដល់ពេលដែលត្រូវកាត់បន្ថយអត្រាការប្រាក់ហើយ»។ លោកបន្តថា៖ «អតិផរណាកំពុងធ្លាក់ចុះ និងលែងជាចំណុចសំខាន់នៃការព្រួយបារម្ភទៀតហើយ។ ភាពអត់ការងារធ្វើកាន់តែខ្ពស់ កំពុងក្លាយជាហានិភ័យស្នូលវិញម្ដង»។
ចំណែកឯប្រធានសេដ្ឋវិទូ នៅក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ Moody’s Analytics លោក Mark Zandi វិញ បានលើកឡើងថា ទីផ្សារការងារនៅសហរដ្ឋអាមេរិក កំពុងមានភាពតានតឹង ដោយសារតែតម្លៃកម្ចី ឬអត្រាការប្រាក់ខ្ពស់ ។
លោក Zandi បានប្រាប់ CNN ថា៖ «គ្រោះថ្នាក់ដ៏ធំបំផុត គឺកំហុសគោលនយោបាយ។ ធនាគារកណ្ដាលរក្សាអត្រាខ្ពស់ពេកយូរពេក»។ លោកបន្តថា៖ «ឥឡូវនេះ ធនាគារកណ្ដាលកំពុងផ្តល់សញ្ញាអំពីការកាត់បន្ថយអត្រានៅខែកញ្ញា។ ខ្ញុំគិតថាមិនអីទេ ដរាបណាវាមិនយូរជាងនេះ»។
សូម្បីតែប្រធានធនាគារកណ្ដាលខ្លួនឯង លោក Jerome Powell ក៏យល់ស្របលើបញ្ហាស្ដីពីហានិភ័យនៃការគណនាខុសផងដែរ ដោយលោកបានប្រាប់ទៅសមាជិកសភាអាមេរិកកាលពីថ្ងៃអង្គារថា៖ «អតិផរណាកើនឡើងមិនមែនជាហានិភ័យតែមួយគត់ដែលយើងប្រឈមមុខនោះទេ»។ យ៉ាងណាមិញ លោកបានចង្អុលបង្ហាញទៅលើការថយចុះនៃអតិផរណា ក៏ដូចជាការចុះខ្សោយនៃទីផ្សារការងារលើសលុប។

តាមពិតទៅ ទីផ្សារការងារអាមេរិកមិនទាន់ធ្លាក់ចុះដុនដាបនៅឡើយទេ ដោយអត្រាការងារថ្មីស្ថិតនៅក្នុងស្ថានភាពមាំទាំនៅឡើយ។ CNN ផ្សាយថា បើមើលទៅ អត្រា ៤,១ ភាគរយកាលពីខែមិថុនា នៅតែទាបជាងកម្រិតក្នុងកំណត់ត្រាជាប្រវត្តិសាស្រ្ត។ យ៉ាងណាមិញ បញ្ហានោះគឺថា វាបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ខែជាប់ៗគ្នា ហើយសម្រាប់អ្នកវិភាគ ស្ថានភាពបែបនេះគឺជាសញ្ញាដែលថា ទីផ្សារការងារកំពុងបត់ក្បាលទៅរកបញ្ហា។
ការជ្រើសរើសកម្មករថ្មី ស្ថិតនៅកម្រិតស្ដួចស្ដើង ជាពិសេសក្នុងវិស័យសេវាកម្ម និងបដិសណ្ឋារកិច្ច ដែលជាវិស័យសំខាន់ដំណើរការទៅបានដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់។ យ៉ាងណាមិញ ទាំងអត្រាកម្មករឈប់ពីការងារ និងអត្រាជ្រើសរើសកម្មករថ្មី សុទ្ធតែធ្លាក់ចុះគួរឱ្យកត់សម្គាល់ដូចគ្នា។
ដោយមើលឃើញពីការផ្លាស់ប្ដូរទាំងនេះ លោក Powell បានគូសបញ្ជាក់ប្រាប់សមាជិកសភាថា សូចនាករថ្មីៗផ្ដល់សញ្ញាយ៉ាងច្បាស់ថា លក្ខខណ្ឌទីផ្សារការងារលើសលុប បានធូរស្បើយហើយ បើធៀបនឹង ២ ឆ្នាំមុន។
គួររំឭកថា ការភ័យខ្លាចក្នុងឆ្នាំ ២០២២ គឺថា ទីផ្សារការងារលើសលុប នឹងបន្ថែមកម្ដៅដល់កំណើនអតិផរណាខ្ពស់កប់ពពក ហើយធ្វើឱ្យតម្លៃខ្ពស់នៅកម្រិតគ្រោះថ្នាក់ ដែលបង្ខំឱ្យធនាគារកណ្ដាលតម្លើងការប្រាក់ ដើម្បីបន្ថយអតិផរណា។

យ៉ាងណាមិញ អ្នកជំនាញលើកឡើងថា បច្ចុប្បន្នធនាគារកណ្ដាលកំពុងបន្តជាមួយនឹងគោលនយោបាយអត្រាការប្រាក់តឹងតែង ស្របពេលដែលអតិផរណានៅទាប។ ការណ៍នេះ អាចធ្វើបង្កឱ្យទីផ្សារការងារដែលចុះខ្សោយ ធ្លាក់ចុះទៅជាដុនដាបវិញ។
យោងតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃសុក្រសប្ដាហ៍មុន ទីផ្សារការងារបានបន្ថែមការងារថ្មីប្រមាណ ២០៦ ០០០ កន្លែងកាលពីខែមិថុនា ដែលចំនួននេះ មិនលើសលុប ហើយក៏មិនខ្សោយ។ លោក Powell និយាយថា តួលេខនេះបង្ហាញពីតុល្យភាព។
ប៉ុន្តែអ្នកវិភាគលើកឡើងថា តុល្យភាពនេះនឹងមិននៅយូរនោះទេ ប្រសិនបើអត្រាការប្រាក់នៅតែខ្ពស់។ ហើយជាមួយគ្នានោះផងដែរ អ្នកជំនាញខ្លះលើកឡើងថា អតិផរណាមិនទាន់ទៅណាបាត់ឆ្ងាយទេ។
អ្នកវិភាគថា ទោះបីជាអតិផរណាថយចុះពីអត្រាខែមិថុនាឆ្នាំ ២០២២ ក្ដី តម្លៃនៃការចំណាយប្រចាំថ្ងៃខ្ពស់នៅតែជាបញ្ហាធំមួយសម្រាប់ពលរដ្ឋអាមេរិកាំង ដោយចង្អុលបង្ហាញថា ពួកគេត្រូវចំណាយច្រើនសម្រាប់គ្រឿងហូបចុកប្រចាំថ្ងៃ ការជួលផ្ទុះ និងការធានារ៉ាប់រងច្រើនជាងមុនវិបត្តិកូវីដទៅទៀត។ បញ្ហានេះ បង្កឡើងដោយជម្លោះផ្សេងៗ រួមទាំងជម្លោះភូមិសាស្រ្តនយោបាយ ខណៈបច្ចុប្បន្ន ការបោះឆ្នោតអាមេរិកនាពេលខាងមុខ កំពុងបង្កើតស្ថានភាពមិនប្រាកដប្រជាផ្សេងៗ ដោយអ្នកខ្លះព្រួយបារម្ភថា អតិផរណានឹងហក់ឡើងខ្ពស់ ប្រសិនបើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មី ហើយអនុវត្តរបៀបវារៈសេដ្ឋកិច្ចរបស់លោក៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង