ព័ត៌មានជាតិ
ប្រហុកខ្មែរកែច្នៃកាន់តែទំនើបមួយថ្ងៃបាន ១ តោន កំពុងពង្រឹងលទ្ធភាពនាំចេញទៅក្រៅប្រទេស
ប្រហុកខ្មែរដែលជាម្ហូបអត្តសញ្ញាណតំណាងជាតិ កំពុងកែច្នៃជាម្ហូបយុទ្ធសាស្ត្រដើម្បីអាចនាំចេញទៅលក់នៅក្រៅប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/6100293508691771361-1024x576.jpg)
ជាផលិតផលថ្មីរបស់ក្រុមហ៊ុន ខនហ្វីរេល ដែលក្រុមហ៊ុនកំពុងយ៉ាងយកចិត្តទុកដាក់រក្សាកិត្តិនាមម្ហូបដែលផ្សារភ្ជាប់ប្រពៃណីវប្បធម៌ខ្មែរ តាមរយៈការកែច្នៃជាផលិតផលថ្មី និងដែលកំពុងសាកល្បងបញ្ចេញលក់លើទីផ្សារក្នុងស្រុកមុនឈានទៅចាប់ទីផ្សារនៅក្រៅប្រទេស។
លោក ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេលបានឲ្យដឹងថា ប្រហុកជាអត្តសញ្ញាណតាំងពីជីដូនជីតាមក ប៉ុន្តែជាអកុសលដោយសារស្រុកទេសមានសង្គ្រាម ទើបមិនមានការអភិវឌ្ឍកែច្នៃប្រហុកខ្មែរឲ្យសមស្រប សម្រាប់ទាញយកប្រយោជន៍មកប្រើប្រាស់ឲ្យបានទូលំទូលាយ។
គម្រោងកែច្នៃប្រហុកជាម្សៅ មានគោលបំណងលើកកម្ពស់ប្រហុកប្រពៃណីខ្មែរ ដោយប្រែក្លាយជាទម្រង់ផលិតផលថ្មី ដែលងាយស្រួលទុកដាក់និងប្រកបដោយគុណភាពខ្ពស់។ នេះបើតាមលោក ហៃ លីអ៊ាង។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/6100293508691771357-1-1024x576.jpg)
ប្រហុកគឺជាមុខម្ហូបដ៏សំខាន់ ដែលគេនិយមប្រើប្រាស់ក្នុងការចម្អិនជាម្ហូបខ្មែរ ដោយសារប្រហុកមានរសជាតិមិនអាចខ្វះបាន និងមានសារសំខាន់សម្រាប់វប្បធម៌ខ្មែរ។ តាមរយៈការបម្លែងប្រហុកឲ្យទៅជាម្សៅ មិនត្រឹមតែរក្សាអាហារឆ្ងាញ់បែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ទុកដាក់ អនាម័យខ្ពស់ និងអាចប្រើប្រាស់បានទាំងម្ហូបខ្មែរ និងម្ហូបបរទេសមួយចំនួនទៀតផង។
លោក ហៃ លីអ៊ាង បានបញ្ជាក់ថា ប្រហុកដែលកែច្នៃថ្មីអាចប្រើប្រាស់ជាគ្រឿងផ្សំបន្ថែមយ៉ាងល្អបំផុត សម្រាប់មុខម្ហូបអឺរ៉ុប ដូចជាភីហ្សា ស្ពាហ្គឺទី ហ៊ែមបឺហ្គ័រ ឈីសជាដើម។
«ប្រហុកកែច្នៃនេះមានការទទួលគាំទ្រខ្លាំង។ ខ្ញុំបាននាំឲ្យចុងភៅបារាំងសាកល្បង។ មេចុងភៅបារាំងសរសើរនិងទទួលស្គាល់ពីរសជាតិសម្រាប់បន្ថែមលើម្ហូបអាហារ»។
លោកបន្តថា «ប្រហុករបស់យើងធំក្លិនខ្លាំង ហើយប្រទេសខ្លះមិនអនុញ្ញាតឲ្យនាំចូលទេ។ ប៉ុន្តែប្រហុកកែច្នៃនេះមានរសជាតិឆ្ងាញ់ អាចទុកបានយូរ ក្រៅពីអាចប្រើក្នុងសម្ល អាចជាគ្រឿងផ្សំបន្ថែមក្នុងអាហារបស្ចឹមប្រទេសអត់មានធំក្លិនឆ្អាបនោះទេ»។
លោកថា ជនជាតិខ្មែរមានផលិតផលជាអត្តសញ្ញាណជាច្រើនក្រៅពីអង្គរវត្ត។ ម្រេចកំពតក៏ត្រូវបានពិភពលោកហៅថាជាស្តេចម្រេចទទួលស្គាល់លើឆាកពិភពលោក។
លោកហៃ លីអ៊ាង បានបញ្ជាក់គោលដៅរបស់ក្រុមហ៊ុនខនហ្វីរេល គឺការបង្ហាញស្នាដៃបន្សល់ទុកពីដូនតា និងការវិវឌ្ឍបែបវិទ្យាសាស្ត្រក្នុងការជួយបង្កើតផលិតផលថ្មីៗដែលមានលក្ខណៈអត្តសញ្ញាណជាតិឲ្យអន្តរជាតិទទួលស្គាល់។
បើតាមលោក ហៃ លីអ៊ាង រោងចក្រថ្មីរបស់ក្រុមហ៊ុនអាចផលិតកែច្នៃប្រហុកមួយថ្ងៃបានជាងមួយតោនចេញពីប្រហុកធម្មជាតិ។ យ៉ាងណាមិញ ប្រហុកដែលកែច្នៃនេះមិនទាន់នាំចេញទៅក្រៅទេ ទើបតែសាកល្បងលក់ក្នុងទីផ្សារក្នុងស្រុកសិន។ គោលដៅរបស់សហគ្រាសគឺ នាំចេញទៅទីផ្សារអន្តរជាតិ។
គុណភាពប្រហុកកែច្នៃពីសហគ្រាសខំហ្វីរេល មានកម្រិតស្តង់ដាដែលអាចប្រើប្រាស់គ្រប់ម្ហូបអាហារជាគ្រឿងផ្សំក្នុងម្ហូបគ្រប់ប្រភេទ រហូតអាចប្រើប្រាស់ជាមួយអាហារបស្ចិមប្រទេសបាន។ បើតាមលោក ហៃ លីអ៊ាង ប្រហុកជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ នឹងទទួលបានកម្មសិទ្ធិនាពេលឆាប់ៗខាងមុខនេះ។
ម្សៅប្រហុកដែលកែច្នៃពីសហគ្រាសខនហ្វីរេលមាន ៥ រសជាតិផ្សេងគ្នា មានរសជាតិមធ្យម រសជាតិស្រាល រសជាតិដិត រសជាតិរំដេង និងរសជាតិស្លឹកក្រូចសើច។
ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការ UNIDO បានឲ្យដឹងថា មិនទាន់មានផលិតផលជលផលណាមួយពីប្រទេសកម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅប្រទេសនៅសហភាពអឺរ៉ុបនៅឡើយទេ។ ការនាំចេញផលិតផលជលផលទៅអឺរ៉ុបត្រូវគោរពស្តង់ដាខ្ពស់ជាពិសេសពាក់ព័ន្ធអនាម័យ និងសុវត្ថិភាពគុណភាព។ នេះបើតាមលោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការ UNIDO។
យ៉ាងណាមិញ លោក លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានអះអាងថា អង្គការ UNIDO តាមរយៈគម្រោង Capfish Capure កំពុងគាំទ្រសហគ្រាសជលផលក្នុងស្រុកទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ ដើម្បីកសាងសមត្ថភាពលើការពង្រឹងស្តង់ដាផលិតផល ក្នុងគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ដោយទទួលបានការឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFish-Capture ផ្តោតលើការពង្រឹងសមត្ថភាព ស្ថាប័ននៃអាជ្ញាធរមានសមត្ថ កិច្ចក្នុងការបង្កើតប្រព័ន្ធ ត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលជលផល ជួយគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍ ការកែច្នៃផលជលផល តាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកា វិនិយោគ និងការបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ដើម្បីសម្រេចបានអនុលោមភាពសុវត្ថិភាពម្ហូបអាហារនិងសម្រួលឱ្យមានការនាំចូលដោយផ្ទាល់និងជាផ្លូវការផលិតផលជលផលកម្ពុជាចូលទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ ផ្តោតជាពិសេសទីផ្សារសហភាពអឺរ៉ុប៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?