Connect with us

ព័ត៌មានអន្ដរជាតិ

លំហូរទំនិញថោកៗរបស់ចិន ជំរុញការបិទរោងចក្រផលិតកម្មនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍

បានផុស

នៅ

ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង​ប្រទេស​ចិន​ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​ កាន់​តែ​រឹង​មាំ​ និង​ធំ​ទៅ​ៗ​ ប៉ុន្តែ​ក៏​បង្ហាញ​ពីភាព​ងាយ​រង​គ្រោះ​ផ្សេង​ៗ​ដែល​ប្លុក​ទាំង១០​ប្រទេស​ត្រូវ​ប្រឈម​មុខ​ផង​ដែរ​ ជា​ពិសេសគឺ​​អតុល្យភាព​នៃ​ពាណិជ្ជកម្ម​ ដែល​​អាស៊ាន​ត្រូវ​នាំ​ចូលលើស​លុប​ ច្រើន​ជាង​នាំ​ចេញ​ទៅ​​ចិន​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ផល​សម្រាប់​ទីផ្សារ​នាំ​ចេញ​របស់​ចិន​ ត្រូវ​បាន​គេ​​ផ្សារ​​ភ្ជាប់​ទៅ​នឹង​​កិច្ចព្រមព្រៀងសំខាន់ៗក្នុង​តំបន់​ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយក្នុងតំបន់ (RCEP) ជា​ដើម។​ កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​​ បានជួញ​ពន្លឿនកំណើនពាណិជ្ជកម្មតាមរយៈការកាត់បន្ថយពន្ធគយ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែជិតស្និត។

យ៉ាង​ណា​មិញ​ ហានិភ័យ​នោះ​គឺ​ថា​ កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​បង្ក​ជា​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​ទៅ​តាម​វិស័យ​មួយ​ចំនួន​​សម្រាប់​បណ្ដា​ប្រទេស​សមាជិក​អាស៊ានផ្សេង​ៗ​ ជាពិសេស​​ថៃ​ និង​ឥណ្ឌូណេស៊ី​ ​​ ដោយ​​បើក​ផ្លូវ​ឱ្យ​ចិន​អាច​បង្ហូរ​ទំនិញ​ថោក​ៗ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​។ បញ្ហា​នេះបាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ទៅ​ៗ​ នៅ​ពេល​ចិន​បង្កើន​ការ​​​ធ្វើ​ពិពិធកម្មផលិតកម្ម​ និង​​នាំ​ចេញ​ ក្រោម​សម្ពាធ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​​វិធានការ​តម្លើង​ពន្ធ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភព​លោក​ រួម​ទាំង​សហភាព​អឺរ៉ុប​ ដែល​ជា​ដៃគូពាណិជ្ជកម្ម​សំខាន់​មួយ​របស់​ក្រុម​ប៉េកាំង​​។

ទំនិញ​ថោក​ៗ​របស់​ចិន​ជន់លិច​ទីផ្សារ​ បាន​ក្លាយ​ជា​បញ្ហា​គួបផ្សំ​ដ៏​ធំ​ ដែល​ធ្វើ​​ឱ្យ​ក្រុម​ហ៊ុន​ផលិតកម្ម​ ឧស្សាហកម្ម​នៅ​ថៃ​ ក៏ដូច​ជា​​ឥណ្ឌូណេស៊ី​ ត្រូវ​ប្រឈម​មុខ​ ហើយ​ជួយ​បង្កើន​កំណើន​នៃ​ការ​បិទ​ទ្វារោង​ចក្រ​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ ដែល​ក្លាយ​ជា​ឧបសគ្គ​មួយ​ចោទ​សម្រាប់​កំណើន​សេដ្ឋកិច្ចរបស់​ពួក​គេ​​ ដែល​យឺត​យ៉ាវ​រួច​ស្រាប់​ទៅ​ហើយ​នោះ​។

កាល​ពី​ខែ​ឧសភា​ ក្រុមហ៊ុនផលិតរថយន្ត​ជប៉ុន​ Suzuki Motor បានប្រកាសថា​ ខ្លួននឹងបិទរោងចក្រទាំងអស់នៅក្នុងប្រទេសថៃនាចុងឆ្នាំ ២០២៥ ខាង​មុខ​។ មិន​បាន​ប៉ុន្មាន​ផង​ ក្រុម​ហ៊ុន​ផលិតរថយន្ត​ជប៉ុន​មួយ​ទៀត​ Subaru Automotive ក៏បានប្រកាស​​ពី​ការ​សម្រេច​ចិត្ត​ដូច​គ្នា​ ចាប់​ពី​ចុង​ឆ្នាំ​ ២០២៤ នេះទៅ។ ​​ និង​ចុង​ក្រោយ​បំផុត កាល​ពី​សប្ដាហ៍​មុន​​ ក្រុមហ៊ុន​​ Honda Automobile ​នៅ​ថៃ​ ​បាន​ប្រកាស​ថា ខ្លួនគ្រោងនឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រ​ក្នុង​​ក្រុង​អយុធ្យា ដោយ​​ផ្តុំការ​ផលិត​​ទាំង​អស់​នៅ​រោងចក្រ ​ក្នុង​ខេត្តប្រាចិនបុរីវិញ​។ ​ អ្នក​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ក្រុម​ហ៊ុន​ទាំង​នេះ​ផ្ទាល់​ បាន​ផ្សារ​ភ្ជាប់​ការ​សម្រេច​ចិត្ត​បិទ​រោង​ចក្រ​​ផលិតកម្ម​របស់​ខ្លួន​ ទៅ​នឹង​ការ​ខាត​បង់​ជា​បន្ត​បន្ទាប់​ ដែល​កាន់​តែ​អាក្រក់​ៗ​ទៅ​ នៅ​ពេល​ដែល​លំហូរ​រថយន្ត​អគ្គិសនី​ចិន​វាយ​លុក​ផ្ដាច់​មុខ​លើ​ទីផ្សារ​រថយន្ត​នៅ​ថៃ​។

យ៉ាង​ណា​មិញ​ នេះ​គ្រាន់​តែ​ជាឧទាហរណ៍​ជាក់​ស្ដែង​មួយ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​​រោង​ចក្រ​រាប់​ពាន់​នៅ​ក្នុង​ប្រទេស​ថៃ ផ្សេង​ៗ​ទៀត ដែល​រង​សម្ពាធ​ពី​​ទំនិញ​ថោកៗ​ចិន​។ តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ប្រមាណ​ជិត​ ២ ០០០ រោងចក្រ​​នៅ​​ថៃ​ បាន​បិទ​ទ្វារ​កាល​ពី​ឆ្នាំ​មុន​ ដែល​បង្ហាញ​អំពី​ការ​ធ្លាក់​ចុះ​កាន់​តែ​ធ្ងន់​ធ្ងរ​នៃ​វិស័យ​ផលិតកម្ម​របស់​ថៃ​ ដែល​រួម​ចំណែក​ជិត​១/៤ នៃ​ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស​។ ការណ៍នេះ​ បាន​ក្លាយ​ជា​ឆ្អឹង​ទទឹង​កមួយ​​សម្រាប់​ផែនការ​​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ៥ ភាគរយ​ របស់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្រ្តី​ សេដ្ឋា ថាវ៉ីស៊ីន​ ក្នុង​អំឡុង​លោក​កាន់​អំណាចរយៈពេល​​៤​ឆ្នាំ​។ សេដ្ឋកិច្ច​ថៃ​រំពឹង​ថា​នឹង​មាន​កំណើន​ត្រឹម​តែ​ ២,៥ ភាគរយ​ប៉ុណ្ណេះ​ នៅ​ឆ្នាំ​នេះ​។

ទិន្នន័យចុងក្រោយរបស់នាយកដ្ឋានការងារឧស្សាហកម្មថៃវិញ​​ បាន​បង្ហាញ​ថា​ ការបិទរោងចក្រនៅ​ចន្លោះពី​ខែកក្កដា ឆ្នាំមុន​ ដល់ខែមិថុនា ឆ្នាំ​នេះ​ បានកើនឡើង ៤០ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​មុន​នោះ​ ដែល​ជា​លទ្ធផល ការ​បាត់​បង់​ការងារបានកើនឡើង ៨០ ភាគរយ​ ធ្វើ​ឱ្យ​កម្មករ​ជាង​ ៥១ ៥០០ នាក់​ គ្មាន​ការងារ​ធ្វើ​។

ជាមួយ​គ្នា​នោះ​ អ្នក​វិភាគ​លើក​ឡើង​ថា​ រោងចក្រ​ផលិត​កម្ម​តូច​ៗ​របស់​ថៃ​ បាន​ប្រឈម​មុខ​នឹង​តម្លៃ​ផលិត​កម្ម​ ថាមពល​ និង​ប្រាក់​ឈ្នួល​រួច​ទៅ​ហើយ​ ខណៈ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ទំនិញ​ចិន​ ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​មាន​​ភាព​ត្រដាប​ត្រដួស ​ទៅ​ៗ​។

ប្រធានទីភ្នាក់ងារផែនការរដ្ឋនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ​ លោក Supavud Saicheua បាន​បាន​ប្រាប់​រ៉យទ័រ​ថា​ គំរូសេដ្ឋកិច្ចថៃ​ដែលជំរុញដោយការផលិតអស់រយៈពេលជាច្រើនទសវត្សរ៍​មក​​នោះ​ បាន​ខូច​ទ្រង់​ទ្រាយ​បាត់​ទៅ​ហើយ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «ឥឡូវនេះ ចិនកំពុងព្យាយាមនាំចេញខាងឆ្វេងផង​ ស្តាំ​ផង​ និងកណ្តាល ផង​។ ទំនិញនាំចូលថោកៗ​ទាំងនោះ​ ពិតជាកំពុង​បង្កបញ្ហា»។

មិន​មែន​តែ​ថៃ​ទេ​ ដែល​រង​សម្ពាធ​នៃ​ទំនិញ​ថោក​ៗ​របស់​ចិន​ ដោយ​ឥណ្ឌូណេស៊ីឯណោះ​វិញ​ ក៏ជា​ប្រទេស​មួយ​ក្នុង​តំបន់​ ដែល​​បាន​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​។ បើ​ទោះ​បី​ជា​មិន​ធ្ងន់​ធ្ងរ​ជា​ទូលំទូលាយ​ដូច​ថៃក៏​ដោយ​​ វិស័យ​វាយនភណ្ឌរបស់​ប្រទេស​កោះ​មួយ​នេះ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ដុន​ដាប​ ក្នុង​កម្រិត​ដែល​អាច​នឹង​ដួល​រលំ មុន​ពេល​រដ្ឋាភិបាល​ចេញ​ចំណាត់​ការ​តឹង​រ៉ឹង​វិញ​កាល​ពី​ពេល​ថ្មី​នេះ​​។

កាល​ពី​ចុង​មិថុនា​ សហព័ន្ធ​សហជីព​ឥណ្ឌូណេស៊ី​ (KSPN) បាន​ព្រមាន​​ថា​ កម្មករ​​ផ្នែក​​វាយនភណ្ឌ​ និង​ផលិតផល​វាយនភណ្ឌ​ជាង​ ៥០ ០០០ ​នាក់​របស់​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្នុង​ឆ្នាំ​ ២០២៤​​ដោយសារ​តែ​ការ​បន្ថយ​ផលិត​កម្ម​ និង​ការ​បិទ​ទ្វារ​រោងចក្រ​កាន់​តែ​ច្រើន​។ ការណ៍​នេះ​ អាច​បណ្ដាល​ឱ្យ​វិស័យ​វាយនភណ្ឌ​ឥណ្ឌូណេស៊ី​ដួល​រលំ​ ដោយសា​រតែ​​ទីផ្សារ​ក្នុង​ស្រុក​ត្រូវ​បាន​ជន់​លិច​ដោយ​ទំនិញ​នាំ​ចូលពី​បរទេស​ ជា​ពិសេស​ចិន​ ខណៈ​ការ​បញ្ជា​ទិញ​ក៏​ធ្លាក់​ចុះ​​។​  ​

រលក​នៃ​ការ​បិទ​រោង​ចក្រ​​​វាយនភ័ណ្ឌ​ឥណ្ឌូណេស៊ី​កើត​ឡើង​ ក្រោយ​ឥណ្ឌូណេស៊ី​ធ្វើ​វិសោធនកម្មបន្ធូរ​បន្ថយ​​បទ​បញ្ជា​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ ​​​ទាក់​ទង​នឹង​គោល​នយោបាយ​ និង​បទ​ប្បញ្ញត្តិ​នាំ​ចូល​  ​ដែល​បង្ក​ឱ្យ​សម្លៀក​បំពាក់​នាំ​ចូល​ជន់លិច​ទីផ្សារ​ក្នុង​ស្រុក​។ កាល​នោះ​ KSPN បាន​ព្រមាន​ថា​ ​ឧស្សាហកម្ម​វាយនភណ្ឌ​ឥណ្ឌូណេស៊ី​​ ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​វាយនភ័ណ្ឌ​បរទេស​បាន​ទេ​ ដោយ​សារ​តម្លៃ​របស់គេ​ថោក​ជាង។

ឆ្លើយ​តប​នឹង​កង្វល់​បែប​នេះ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​សម្រេចចិត្តដាក់ពន្ធនាំចូលចាប់ពី ១០០ ភាគរយដល់ ២០០ ភាគរយលើទំនិញវាយនភណ្ឌ ដែល​នាំ​ចូល​ជាចម្បង​ពីប្រទេសចិន​ ដោយ​លើក​ឡើង​ពី​​អ្វី​ដែល​លោក​ខាង​លិច​ចោទ​ប្រកាន់​ចិន​គឺ​ «ការ​ប្រកួត​ប្រជែង​ដោយ​មិន​ស្មើ​ភាព​គ្នា​» នៅ​លើ​ទីផ្សារ​។

យ៉ាង​ណា​មិញ​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក៏​រង​ការ​រិះ​គន់​ផង​ដែរ​ថា​ វា​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​អន្តរទំនាក់ទំនង​ទាំង​​សេដ្ឋកិច្ច និង​ការទូត​​ជាមួយ​ចិន​។ ក្រុម​អ្នក​រិះ​គន់​ថា​ ឥណ្ឌូណេស៊ី​គួរ​តែ​គិត​គូរ​លើ​​ចំណាត់ការ​ប្រកប​ដោយ​តុល្យភាព​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ទៅ​ពេល​អនាគត​វែង​ឆ្ងាយ​ ព្រោះ​វិធាន​ការ​ដាក់​ពន្ធ​ចុង​ក្រោយ​នេះ​ អាច​ត្រូវ​បាន​មើល​ឃើញ​ថា​ ជាវិធានការ​ការពារ​និយម​កំណត់​គោលដៅ​លើ​ចិន​។ ​

ប៉ុន្តែ​​មន្រ្តី​ឥណ្ឌូណេស៊ី​លើក​ឡើង​ថា​ ពន្ធរបស់​ខ្លួន​ជាផ្នែកមួយនៃវិធានការការពារដ៏​គ្រប់​ជ្រុង​ជ្រោយ ក្នុង​បំណងការពារឧស្សាហកម្មផ្សេងៗក្រៅ​តែ​ពី​​​វាយនភណ្ឌ​ ហើយ​​ចំណាត់ការនេះ ​មិន​មែន​ជា​ការ​វាយ​ប្រហារ​គោលដៅ​លើ​ទំនិញ​ចិន​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ជា​យន្តការ​ការពារ​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ផលិតផល​នាំចូល​​ពី​ប្រទេស​ផ្សេងៗ​រួម​មាន សេរ៉ាមិច គ្រឿងសម្អាង អេឡិចត្រូនិក ស្បែកជើង និង​សម្លៀក​បំពាក់ជាដើម​។

ងាក​ទៅ​​ថៃ​ឯ​ណោះ​វិញ​ វិធាន​ការ​ពន្ធ​​ដូច​ឥណ្ឌូណេស៊ី​ និង​លោកខាង​លិច​ អាច​ជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាកមួយ​​សម្រាប់​​ខ្លួន​ បើ​គិត​ពី​ទំនាក់​ទំនង​ដែល​ប្រទេស​នេះ​មាន​ជាមួយ​ចិន​ រួម​ទាំង​​ការ​វិនិយោគ​ដោយ​ផ្ទាល់​​​ និង​វិស័យ​ទេសចរណ៍​ ដើម្បី​ជៀសវាង​ភាព​ល្អក​កករ ទោះ​បី​ជា​រង​សម្ពាធ​ពី​ទំនិញ​ថោក​ចិន​ក៏​ដោយ​។

យ៉ាង​ណា​មិញ  ចាប់ពីខែនេះ ប្រទេសថៃត្រូវ​ប្រមូលពន្ធលើតម្លៃបន្ថែម ៧ ភាគរយ​ លើទំនិញនាំចូលថោកដែលមានតម្លៃទាបជាង ១ ៥០០ បាតថៃ​ (៤១ ដុល្លារ​)​ ដែលភាគច្រើនមកពីប្រទេសចិន ប៉ុន្តែផលិតផលទាំងនោះ នៅតែទទួល​បាន​ការ​លើកលែងពីពន្ធគយ។

ក្រៅ​តែ​ពី​ជម្រើស​ពន្ធ​ លោក Supavud បាន​និយាយប្រាប់​រ៉យទ័រ​​​ថា ប្រទេស​ថៃ​គួរតែ​ផ្តោតឡើង​វិញ​ ​លើ​ការ​ផលិត​ផលិតផល​ដែល​ចិន​មិន​បាន​នាំ​ចេញ ​ខណៈ​​ពង្រឹង​វិស័យ​កសិកម្ម​​ខ្លួន​ «ត្រូវ​តែ​ផ្លាស់​ប្ដូរ​ គ្មាន​លេស​នេះ​ ឬ​នោះ​ទេ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

Hailey មានប្រតិកម្មបែបណា ពេល Selena និង Benny ​ភ្ជាប់​ពាក្យ​កក្រើកវិស័យកម្សាន្ត

សេដ្ឋកិច្ច២០ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៦៤០ លាន ពីការនាំចេញកៅស៊ូក្នុងឆ្នាំនេះ

សេដ្ឋកិច្ច៣៤ នាទីutes មុន

ធនាគារអេស៊ីលីដាចុះអនុស្សរណៈជាមួយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលសហប្រតិបត្តិការលើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ

ព័ត៌មានជាតិ៣៦ នាទីutes មុន

រយៈពេល៣ថ្ងៃ​ ទស្សនិកជនជាង១៣ម៉ឺននាក់ បានចូលទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាដោយសេរី

Sokha Hotels

ព័ត៌មានពេញនិយម