សេដ្ឋកិច្ច
គម្រោងខុនដូបើកថ្មីចំនួន ៣ ផ្គត់ផ្គង់ជាង ២ ពាន់យូនីតចាក់ចូលទីផ្សារក្នុងឆមាសទី១
ចំនួនខុនដូសរុប ២ ២០០ យូនីត ពីគម្រោង Time Square 7, Capital Center City និង L Tower TTP ត្រូវបានផ្គត់ផ្គង់ទៅលើទីផ្សារអចលនទ្រព្យនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤។

កញ្ញា គឹម គិនកេសា ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃផ្នែកស្រាវជ្រាវ និងជាទីប្រឹក្សា នៅក្រុមហ៊ុន CBRE Cambodia ប្រាប់កម្ពុជាថ្មីថា សកម្មភាពបើកលក់ថ្មី មានការថយថយចុះច្រើន បើប្រៀបធៀបជាមួយឆ្នាំមុនៗ។ កញ្ញាបញ្ជាក់ថា សកម្មភាពទិញលក់មានសន្ទុះជាងមុនបន្តិច ប៉ុន្តែភាគច្រើនជាការលក់ត្រឡប់ទៅវិញ។
កញ្ញា គឹម គិនកេសាប្រាប់ថា គម្រោងថ្មីៗ នៅក្នុងកម្រិតមធ្យមនៅឡើយ ដោយសារតែមិនមានគម្រោងបើកថ្មី នៅចំពេលដែលគ្មានទុនវិនិយោគពីបរទេសលើវិស័យមួយនេះ។

បើតាម កញ្ញា គឹម គិនកេសា នៅក្នុងរយៈពេលខ្លី ខុនដូអាចមានចំណាប់អារម្មណ៍ទីផ្សារក្នុងស្រុក ច្រើនជាងមុន ដោយសារតែតម្លៃធូរថ្លៃជាងមុន ហើយទីតាំងក៏ល្អៗ ខណៈប្រជាជនឥឡូវបានប្ដូររបៀបរស់នៅដោយចាប់ផ្ដើមទិញខុនដូដើម្បីរស់នៅផ្ទាល់ខ្លួន ដែលជាសញ្ញាល្អ ក្នុងការគាំទ្រទីផ្សារខុនដូជាជាងពឹងផ្អែកពីវិនិយោគិនបរទេស។
អ្នកជំនាញរូបនេះ បញ្ជាក់ថា៖ «រយៈពេលវែង ខ្ញុំគិតថា នៅតែមានបរទេសគាត់វិនិយោគ គ្រាន់តែថា ការវិនិយោគរបស់គាត់ វាអាចមានលក្ខណៈ ជ្រើសរើសជាងមុន ទាក់ទងនឹងគុណភាព ទីតាំងខុនដូដែលគាត់ទិញ»។

ក្នុងឆមាសទី១ ឆ្នាំ ២០២៤ តម្លៃខុនដូជាមធ្យមសម្រាប់តម្លៃ ២ ៧០០ ដុល្លារ កម្រិតមធ្យមជិត ២ ពាន់ដុល្លារ និងតម្លៃសមរម្យ ១ ៤៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ តម្លៃនៃការលក់ខុនដូប្រណីត បានកើនឡើងតិចតូច ០,៣% កម្រិតមធ្យមធ្លាក់ចុះជិត ៦% និងតម្លៃសមរម្យនៅត្រឹម ៩,៩%។
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញយល់ឃើញថា ទីផ្សាខុនដូនៅកម្ពុជាពឹងផ្អែកលើអតិថិជនក្រៅប្រទេសជាងក្នុងស្រុក។ លោកថា នៅពេលណាដែល លំហូរភ្ញៀវអន្តរជាតិមិនមានកំណើននោះទេ ដូច្នេះការបើកគម្រោងថ្មី ក៏ឆ្លុះបញ្ចាំងទៅតាមហ្នឹងដែរ។
លោក ឡោ វិចិត្រ បញ្ជាក់ថា ទីផ្សារខុនដូនៅកម្ពុជាអាស្រ័យលើកំណើនភ្ញៀវទេសចរ និងការវិនិយោគពីអន្តរជាតិ។ ហើយថា ប្រសិនបើកម្ពុជាមិនយកថ្លៃ Visa សម្រាប់ភ្ញៀវទេសចររយៈពេល ១៤ ថ្ងៃ ទៅ ៣០ ថ្ងៃ ក៏ជាការជំរុញភាពទាក់ទាញទេសចរមួយផ្នែកដែរ។
យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស័យសំណង់របស់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ១,៨១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ធ្លាក់ចុះ ២០,២ ភាគរយដោយថយពី២,២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់មានសភាពមិនប្រាកដប្រជា។
ទិន្នន័យដដែលបង្ហាញថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ១៣៣០ ក្នុងអំឡុងពេលខែមករាដល់ខែឧសភាឆ្នាំនេះផងដែរ ដែលធ្លាក់ចុះ ៩ ភាគរយដោយថតពី ១៤៦៣ គម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យ រយៈពេល៥ខែ ឆ្នាំ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មានចំនួន ១ ៣៣០ គម្រោង ក្នុងនោះ មានគម្រោងលំនៅដ្ឋាន ១ ០៩៥ គម្រោង (មានបុរីចំនួន ១ ០៦១ គម្រោង និងខុនដូ ៣៤ គម្រោង), សំណង់ឧស្សាហកម្ម ៨៨ គម្រោង, សំណង់ពាណិជ្ជកម្ម ៩០ គម្រោង, សំណង់ទេសចរណ៍ ២១ គម្រោង, សំណង់សាធារណៈ ៣៥ គម្រោង និងសំណង់វិនិយោគ ១ គម្រោង៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?