ព័ត៌មានអន្ដរជាតិ
ហេតុអ្វីចិននាំចូលទុរេនច្រើន?
តម្រូវការទុរេនដ៏អនេកពីសំណាក់អ្នកបរិភោគក្នុងស្រុកចិន ប្រហែលជាចម្លើយសម្រាប់សំនួរដែលថា ហេតុអ្វីបានជាចិននាំចូលទុរេនច្រើន។

យ៉ាងណាមិញ មានកត្តាជាច្រើន ដែលប្រទេសដ៏ធំបំផុតជាងគេទី២នៅអាស៊ីបើផ្អែកលើផ្ទៃដីមួយនេះ នាំចូលទុរេនច្រើនរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ ពីប្រទេសដាំទុរេនសំខាន់ៗដូចជាថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។
ខណៈទុរេនដាំក្នុងស្រុកចាប់ផ្ដើមដាក់លក់នៅលើទីផ្សារចិនកាលពីឆ្នាំមុន វានៅតែពិបាករកទិញ ដោយសារតែទិន្នផលទាបខ្លាំង និងតម្លៃខ្ពស់កប់ពពកធៀបនឹងទុរេននាំចូល។
ការដាំទុរេនដើម្បីលក់នៅចិន ចាប់ផ្ដើមក្នុងឆ្នាំ ២០១៨ និងបានប្រមូលផលកាលពីឆ្នាំមុន ជាមួយនឹងទិន្នផលត្រឹមតែ ៥០ តោនប៉ុណ្ណោះ។ ទោះបីទិន្នផលរំពឹងថានឹងកើនដល់ ២០០ តោននៅឆ្នាំនេះក៏ដោយ វានៅតែស្ថិតក្នុងកម្រិតទាបខ្លាំង បើធៀបនឹងទំហំទុរេន ដែលចិននាំចូលពីអាស៊ីអាគ្នេយ៍ប្រមាណ ១,៤ លានតោន កាលពីឆ្នាំមុន។
កាសែតវៀតណាម VnExpress បានរាយការណ៍ជុំវិញបញ្ហានេះ ដោយស្រង់សម្ដី នាយកវិទ្យាស្ថានដើមឈើហូបផ្លែត្រូពិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Hainan លោក Feng Xuejie ដែលបានកត់សម្គាល់ថា៖ «ទិន្នផលនៅតិចណាស់ ព្រោះដើម(ទុរេន)មិនទាន់ធំល្មម។ វាត្រូវចំណាយពេល៦ឬ៧ឆ្នាំ ដើម្បីឱ្យទិន្នផលចាប់ផ្តើមរីកចម្រើន»។

ដោយសារតែទិន្នផលទាប ទុរេនចិនមានតម្លៃខ្ពស់ខ្លាំង ដោយបច្ចុប្បន្នលក់ក្នុងតម្លៃពី ១២០-១៤០ យន់ (១៦,៥-១៩,២៥ ដុល្លារ)/គីឡូក្រាម ពោលគឺថ្លៃជាងទុរេននាំចូលពីថៃដល់ទៅ៣ដង។ លោក Feng រំពឹងថា តម្លៃនេះនឹងទំនងជាធ្លាក់ចុះនៅពេលដែលផលិតកម្មកើនឡើងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ ប៉ុន្តែគោលដៅនេះអាចនឹងរំខានដោយបញ្ហាប្រឈមផ្សេងៗជាច្រើន។
ទុរេនក្នុងស្រុកចិន ភាគច្រើនដាំដុះនៅខេត្ត Hainan ដែលជាខេត្តចិនតែមួយគត់ដែលមានអាកាសធាតុត្រូពិកសមរម្យ ដែលអាចអំណោយផលសម្រាប់ការដាំដុះដំណាំហូបផ្លែប្រភេទនេះ។ កាសែតថៃ The Nation បានរាយការណ៍ថា ខណៈចិនមានគំនិតផ្ដួចផ្ដើមជំរុញការដាំទុរេន សមត្ថភាពនៅមានកម្រិតរបស់ប្រទេស ក៏ដូចជាបញ្ហាធាតុអាកាស រួមទាំងការគំរាមកំហែងពីព្យុះទីហ្វុង បង្កជាឧបសគ្គយ៉ាងសំខាន់។
ទុរេនក៏ត្រូវការដី និងធាតុអាកាសជាក់លាក់ ដើម្បីលូតលាស់ ហើយខេត្ត Hainan មិនជាល្អសម្រាប់ផ្លែឈើប្រភេទនេះនោះទេ។ លោក Feng បាននិយាយថា៖ «ដីដែលអាចដាំដុះបាន មានតិចតួចណាស់ [នៅក្នុងប្រទេសចិន]» ហើយឧបសគ្គធម្មជាតិទាំងនេះហើយ ដែលរារាំងផលិតកម្មទុរេនក្នុងស្រុកមិនឱ្យពង្រីកទៅជាទ្រង់ទ្រាយធំ។

អ្នកជំនាញដដែល បានកត់សម្គាល់ថា៖ «យើងមិនអាចប្រកួតប្រជែងជាមួយអាស៊ីអាគ្នេយ៍លើបរិមាណបានទេ។ តម្លៃដី និងកម្លាំងពលកម្មក៏ខ្ពស់ជាងដែរ នៅក្នុងប្រទេសចិន»។
យ៉ាងណាមិញ លោកគូសបញ្ជាក់ថា ផលិតកម្មទុរេននៅចិន នឹងមិនរងផលប៉ះពាល់ដោយសារតែការនាំចូលពីអាស៊ីអាគ្នេយ៍នោះទេ។ លោកថា ឧស្សាហកម្មទុរេនក្នុងស្រុក គួរតែផ្តោតលើការដាំដុះទុរេនមានគុណភាពខ្ពស់ ហើយលក់ក្នុងតម្លៃថ្លៃវិញ។
កន្លងមក កាសែត South China Morning Post បានរាយការណ៍ដោយស្រង់សម្ដីកសិករដាំទុរេនម្នាក់នៅខេត្ត Hainan ដែលនិយាយថា គុណភាពទុរេន Hainan មិនទាន់ល្អនៅឡើយទេ ដោយសារតែការដាំដុះស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្ពោះទៅមុខបន្តទៀត។ កសិករដដែលបន្ថែមថា ការស្រាវជ្រាវ និងពិសោធន៍បច្ចេកទេសកសិកម្មបន្ថែមទៀត មានភាពចាំបាច់ ដើម្បីបង្កើនគុណភាពផ្លែឈើប្រភេទនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ