ព័ត៌មានអន្ដរជាតិ
ការចាប់ខ្លួនប្រធានផ្សារទំនើប Aeon នៅមីយ៉ាន់ម៉ា ជាករណីបង្រ្កាបសាជីវកម្មចុងក្រោយរបស់របបយោធា
ករណីចាប់ខ្លួនប្រធានផ្សារទំនើប Aeon Orange និងត្រូវបានចោទប្រកាន់ពីបទលក់អង្ករលើសតម្លៃកំណត់នោះ គឺជាករណីចុងក្រោយបង្អស់នៃការបង្រ្កាបលើសាជីវកម្ម ពីសំណាក់របបយោធាមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធនឹងអតិផរណា និងលំហូរចេញក្រៅនៃមូលធន ទោះបីជាការបង្រ្កាបនេះអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកាន់តែមានភាពចលាចលក៏ដោយ។

កាសែតជប៉ុន Nikkei Asia បានចុះផ្សាយនាថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរមីយ៉ាន់ម៉ាកាលពីចុងខែមិថុនា បានចាប់ខ្លួនលោក Hiroshi Kasamatsu ដែលជាប្រធានក្រុមហ៊ុនផ្សារទំនើបមីយ៉ាន់ម៉ា Aeon Orange ដែលមានការបណ្ដាក់ទុនពីក្រុមហ៊ុនជប៉ុន Aeon។ លោករងការចោទប្រកាន់ជាផ្លូវការពីបទលក់អង្ករលើសតម្លៃកំណត់របស់អាជ្ញាធរកាលពីសប្ដាហ៍មុន ហើយសំណុំរឿងនេះរំពឹងថានឹងកាត់ក្ដីនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ បើរកឃើញថាមានពិរុទ្ធ លោកនឹងជាប់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ។
ករណីនេះ កើតឡើងក្រោយអាជ្ញាធរមីយ៉ាន់ម៉ា កាលពីខែមិថុនា បានប្រកាសពីការចាប់ខ្លួនលោក Phyoe Min Kyaw នាយកប្រតិបត្តិនៃក្រុមហ៊ុន City Mart Holdings ដែលក្រុមហ៊ុនប្រតិបត្តិផ្សារទំនើប ៥៥ កន្លែង និងហាងលក់តូចៗចំនួន ១២៥ កន្លែង ទូទាំងប្រទេសគិតត្រឹមចុងឆ្នាំ ២០២៣។
ដូចជា Aeon ដែរ City Mart បានរងការចោទថាបំពានច្បាប់កំណត់តម្លៃអង្ករដូចគ្នា។ ក្រុមហ៊ុនទាំង២បានដកអង្ករចេញពីកន្លែងលក់របស់ខ្លួនកាលពីចុងខែមិថុនា ប៉ុន្តែនៅជាប់ជាមុខក្នុងការបង្រ្កាបរបស់រដ្ឋាភិបាលយោធារបស់ មីយ៉ាន់ម៉ា។

គេមើលឃើញថា ការកំណត់តម្លៃអង្កររបស់អាជ្ញាធរមីយ៉ាន់ម៉ា គឺជាវិធានការដើម្បីបង្កើនការគ្រប់គ្រងរបស់រដ្ឋាភិបាល។ របបយោធាក៏កំពុងគ្រប់គ្រងយ៉ាងតឹងរឹងលើវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យផងដែរ ដោយជឿថា វិស័យទាំងនេះកំពុងរួមចំណែកដល់លំហូរមូលនិធិចេញពីប្រទេសមីយ៉ាន់ម៉ា តាមរយៈប្រតិបត្តិការអាជីវកម្មផ្ដោតទៅលើអ្នកមាន ដូចជាការលក់អចលនទ្រព្យនៅទីក្រុងយ៉ាងហ្គូន និងប្រទេសថៃជាដើម។
កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានកោះហៅប្រធានធនាគារធំៗរបស់មីយ៉ាន់ម៉ាឱ្យជួបប្រជុំនៅក្រុងណៃពិដោ។ ធនាគារកណ្តាលបានព្រមាននាពេលនោះថា នឹងដាក់ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុ សម្រាប់ការចេញប្រាក់កម្ចីទិញផ្ទះលើសពីដែនកំណត់។
បើតាម Nikkei Asia ទោះបីជាមានការព្រួយបារម្ភផ្សេងៗពីអ្នកក្នុងវិស័យនេះក៏ដោយ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ផ្តោតលើស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ។ យ៉ាងណាមិញ អវត្ដមានរបស់ប្រធានប្រតិបត្តិក្រុមហ៊ុនពហុវិស័យ (ធនាគារ អចលនទ្រព្យ) Yoma Group លោក Serge Pun ដែលគេរាយការណ៍ថាត្រូវបានចាប់ខ្លួនមុនកិច្ចប្រជុំមួយថ្ងៃ បានបង្កជាការលើកឡើងផ្សេងៗ។

លោក Melvyn Pun នាយកប្រតិបត្តិក្រុមហ៊ុន Yoma Strategic Holdings ដែលជាបុត្រសម្ព័ន្ធរបស់ Yoma Group ចុះបញ្ជីនៅសិង្ហបុរី បាននិយាយថា លោក Serge Pun មិនត្រូវបានឃុំខ្លួន ឬចោទប្រកាន់នោះទេ ប៉ុន្តែលោកស្នាក់នៅក្រុងណៃពិដោ ដើម្បីឆ្លើយតបទៅនឹងការស៊ើបអង្កេតជាប្រចាំរបស់អាជ្ញាធរមីយ៉ាន់ម៉ា និងកង្វល់បទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រតិបត្តិការធនាគាររបស់ក្រុមហ៊ុន។
គួរគូសបញ្ជាក់ថា មីយ៉ាន់ម៉ាបានប្រឈមមុខនឹងកង្វះខាតរូបិយប័ណ្ណបរទេសចាប់តាំងពីរបបយោធាឡើងកាន់អំណាចក្រោយរដ្ឋប្រហារឆ្នាំ ២០២១ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការថយចុះនៃការវិនិយោគពីបរទេស។ លុយ Kyat ចុះខ្សោយ បានបង្កើនថ្លៃនាំចូលប្រេង និងការនាំចូលផ្សេងៗ ហើយធនាគារពិភពលោកបានព្យាករថា អត្រាអតិផរណារបស់ប្រទេសនឹងឡើងដល់ ១៨ ភាគរយប្រចាំឆ្នាំ នៅខែមីនា ឆ្នាំ ២០២៥។ ការបង្រ្កាបរបស់របបយោធាលើសាជីវកម្ម ក៏បានធ្វើឱ្យកង្វល់ឥណទានរបស់មីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរផងដែរ។ អត្រាប្ដូរប្រាក់តាមដងផ្លូវរបស់ប្រាក់ Kyat បច្ចុប្បន្នគឺ ១ ដុល្លារ ស្មើនឹង ៥ ០០០ Kyat ដែលនេះជាតម្លៃទាបបំផុតក្នុងកំណត់ត្រា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ