Connect with us

ព័ត៌មានអន្ដរជាតិ

តើករណីឃាតកម្មជនជាតិវៀតណាម ៦ នាក់នៅក្រុងបាងកក អាចប៉ះពាល់ដល់គោលដៅទេសចរណ៍ថៃដែរទេ?

បានផុស

នៅ

ថ្ងៃពុធ​ ទី​ ១៧ កក្កដា​ គឺ​ជា​កាលវិភាគ​ជំនួប​រវាង​នាយករដ្ឋ​មន្រ្តី​ថៃ​ លោក​ សេដ្ឋា ថាវីស៊ីន​ ​និង​​រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​រុស្ស៊ី​ លោក​ Sergei Tsivilev នៅ​សណ្ធាគារ​ Grand Hyatt Erawan ដែល​ស្ថិត​​ក្នុង​​សង្កាត់​​​ទាក់​ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់​មួយ​​នៃ​ទី​​ក្រុង​បាងកក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​អកុសល​ ១ ថ្ងៃ​មុន​ជំនួប​នោះ ពោល​គឺ​ល្ងាច​ថ្ងៃ​អង្គារ​​ សេចក្ដី​រាយការណ៍​ពី​ករណី​ជន​ជាតិ​វៀតណាម​ ៦ នាក់​ស្លាប់​ក្នុង​សណ្ធាគារ​ដ៏​ល្បី​ឈ្មោះដដែល​​ ក៏​ផ្ទុះ​ឡើង​ ដែល​បង្ក​​ការ​​ចាប់​អារម្មណ៍​យ៉ាង​កក្រើក​​ទូទាំង​ប្រទេស​ថៃ​ និង​សកលលោក​​ ដោយ​គេ​ឃើញ​គ្រប់​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​ចុះ​ផ្សាយ​ពី​សំណុំ​រឿង​ដ៏​រន្ធត់​នេះយ៉ាង​គគ្រឹក​​។ ​

​​គេ​មើល​ឃើញ​ថា​ ភាព​កក្រើក​បែប​នេះ​​កំពុង​​​បំផុស​ការ​ចោទ​សួរផ្សេង​ៗ​​​ រួម​ទាំង​សំណួរ​ដែល​ថា​ តើ​វា​​អាច​ប៉ះ​ពាល់​ដល់​គោលដៅ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ថៃ​ដែរ ​ឬ​យ៉ាង​ណា​ និង​អាច​ដល់​កម្រិត​ណា?

ពិត​ណាស់​ ផល​ប៉ះ​ពាល់​​​អាច​ត្រូវ​បាន​វាស់​វែង​ក្នុង​ទម្រង់​ផ្សេង​ៗ​ ហើយ​ច្បាស់​បំផុត​ គឺ​ការ​ផ្អែក​លើ​ទិន្នន័យ​ភ្ញៀវទេសចរ​ ដែល​រដ្ឋាភិបាល​ថៃ​កត់​ត្រា​ប្រចាំ​ថ្ងៃ​​។ អ្វី​ដែល​គេ​ដឹងភ្លាម​ៗ​​នោះ​គឺ​ថា​ ភាព​រហ័ស​នៃ​ព័ត៌មាន​ បង្ក​ជា​ការ​ព្រួយ​បារម្ភ​ផ្សេង​ៗ​ ដែល​នេះ​មាន​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​លើ​កេរ្តិ៍​ឈ្មោះរបស់​ប្រទេស​ថៃ​ ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​សម្រាប់​​ដង្ហើម​សេដ្ឋកិច្ច​។ ​ ​​

ក្រោយ​​រឿង​​នេះ​ផ្ទុះ​ឡើង​ គេ​សង្កេត​ឃើញ​សារព័ត៌មាន​មួយ​ចំនួនបាន​សរសេរ​នៅ​លើ​ចំណង​ជើង​ព័ត៌មាន​របស់​ខ្លួន​ថា​ «ការ​ស្លាប់​យ៉ាង​អាថ៌កំបាំង​» ​​ដោយ​ផ្អែក​លើខ្លឹម​សារ​​ព័ត៌មាន​បឋមពី​​​ប៉ូលិស​ថៃ​ដែល​​​ថា​ ​គ្មាន​​តម្រុយ​ដែល​ថា​ជន​រង​គ្រោះ​ទាំង​៦នាក់​ជួប​​បញ្ហា​ជ្រួល​ច្របល់អ្វី​​ មុន​ពេល​ពួក​គេ​ស្លាប់​នោះ​ទេ​។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​​អង់គ្លេស​ Daily Mail មាន​ស្ថាប័ន​ព័ត៌មាន​ខ្លះ ​ថែម​ទាំង​បាន​ចុះ​ផ្សាយ​ថា​ វា​ជា​ករណី​បាញ់​សម្លាប់​ទ្រង់​ទ្រាយ​ធំ​ទៀត​ផង​។

ឆ្លើយនឹង​​តបបញ្ហា​នេះ​​ លោក​នាយករដ្ឋ​មន្រ្តី​ សេដ្ឋា ដែល​បាន​ទៅ​​កន្លែង​កើត​ហេតុ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នោះ​ បានច្រាន​ចោល​នូវ​​​​ព័ត៌មាន​ចចាមអារាម រួម​ទាំង​ការណ៍​ដែល​ថា​ វាអាច​​ជា​ករណី​ចោរកម្ម​ ឬ​ហិង្សា​។ ភ្លាម​ៗ​ លោក​បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​រហ័ស​ រួម​ទាំង​ការ​ធ្វើ​កោសល្យវិច័យលើ​សាកសព​របស់​ជន​រង​គ្រោះ​។

ច្បាស់​ណាស់​ ការ​ឆ្លើយ​តប​របស់​លោក​ សេដ្ឋា​ គឺ​ជា​សញ្ញា​ដែល​ថា​ សំណុំ​រឿង​ឃាតកម្មចុង​ក្រោយ​​ អាច​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​មុខ​មាត់​របស់​ថៃ​ ដែល​មាន​គោលដៅ​ទាក់​ទាញ​ភ្ញៀវទេសចរ​ឱ្យ​បានជាង​​ ៣៥ លាន​នាក់​នៅ​ឆ្នាំ​ ២០២៤ នេះ​ ចំ​ពេល​ដែល​សេដ្ឋកិច្ច​ថៃ​រំពឹងថា​នឹង​​មាន​កំណើន​យឺត​យ៉ាវ​ ហើយ​ត្រូវ​ពឹង​ផ្អែក​ជា​គំហុក​លើ​វិស័យ​គ្មាន​ផ្សែងមួយ​​នេះ​។

យ៉ាង​ណា​មិញ​ ការ​ឆ្លើយ​តប​រហ័ស​របស់​អាជ្ញាធរ​ថៃ​ អ្នក​ពាក់ព័ន្ធ រួម​ទាំង​មេដឹក​នាំ​របស់​ថៃ​ផ្ទាល់​ អាច​ចាត់​ទុក​ថា​ជា​ជំហាន​ដ៏​មាន​ប្រសិទ្ធិភាព​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​លើ​វិស័យ​ទេសចរណ៍​ ខណៈ​កន្លង​មក​ ​ព័ត៌មាន​ជុំ​វិញ​បញ្ហា​អសន្តិសុខ​ផ្សេង​ៗ​ ​បាន​ធ្វើ​ឱ្យ​ថៃ​អាប់​អួរ​រួច​ទៅ​ហើយ​ ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ព្យាយាម​ស្ដារ​បញ្ហានេះយ៉ាងឆាប់​​​រហ័ស​ និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​​។

ក្នុង​ជំហាន​ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ជូន​​គ្រប់​មជ្ឍដ្ឋាន​ លោក សេដ្ឋា បាន​ប្រកាស​ប្រាប់​ទៅ​អ្នក​យក​ព័ត៌មាននៅ​រសៀល​ថ្ងៃ​ពុធ​​ថា​ ជំនួប​រវាង​លោក​ និង​រដ្ឋ​មន្រ្តី​ថាមពលរុស្ស៊ី​​ នៅសណ្ធាគារ​​ Grand Hyatt Erawan នឹង​​ប្រព្រឹត្ត​​ទៅ​ធម្មតា​។ លោក​​ថ្លែង​​​យ៉ាង​ដូច្នេះ​ថា​៖ «នេះ​មិន​មែន​ជា​អំពើ​ភេរវកម្ម ឬ​កង្វះ​ការការ​ពារ​​​សន្តិសុខ​នោះ​ទេ អ្វីៗ​គឺ​ល្អ»។

លោក​ សេដ្ឋា ថ្លែង​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​ប៉ូលីស​ថៃ​បាន​សន្និដ្ឋាន ក្រោយធ្វើកោសល្យវិច័យសាកសព​ជន​រង​គ្រោះ​តិច​ជាង​ ២៤ ម៉ោង​​​​ថា​ វា​ជា​ករណី​អត្តឃាត​-ឃាតកម្ម​ ដោយ​ម្នាក់​ក្នុង​ចំណោម​នោះ​ បាន​​ធ្វើ​អត្តឃាត​ ដោយ​​ដាក់ ​​«​ស្យានីត»​ ដែល​ជា​សារធាតុ​ពុល​ដ៏​សាហាវចូល​ទៅ​ក្នុង​កែវ​តែ ដើម្បី​សម្លាប់​ជន​រង​គ្រោះ​៥នាក់​ផ្សេង​ទៀត​ទៅ​ជាមួយខ្លួន​​។ ផ្អែក​តាម​ការ​សម្ភាសន៍​ជាមួយ​សាច់​ញាតិ ​ប៉ូលិសថៃ​​ជឿ​ថា ​​សំណុំ​រឿង​នេះ​​អាចជាប់​​ទាក់​ទងទៅ​​នឹង​ជម្លោះ​ជំនួញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ភ្លាម​ៗ​ គេ​ប្រហែល​ជា​មិន​អាច​វ៉ាស់វែង​​​យ៉ាង​ណា​ពី​ទំហំ​នៃ​ផល​ប៉ះ​ពាល់​ ដែល​ឃាតកម្មចុង​ក្រោយអាច​​បង្ក​ជា​ភាព​មិន​ស្ងប់​ចិត្ត​ក្នុង​ចំណោម​ភ្ញៀវទេសចរ​វៀតណាម​ ​អាមេរិក ក៏​ដូច​ជា​ភ្ញៀវទេសចរ​បរទេស​ជារួម​​នោះ​ទេ​។ ជន​រង​គ្រោះ​ទាំង​៦នាក់​ជា​ជន​ជាតិ​វៀតណាម​ ហើយ​២​​នាក់​ក្នុង​ចំណោម​នោះ​ មាន​សញ្ជាតិ​ជា​ពលរដ្ឋ​អាមេរិក​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃកំពុងសហការជាមួយអាជ្ញាធរក្នុងស្រុក​ដើម្បី​ស៊ើប​អង្កេត​ការ​ស្លាប់​ដដែល​​។ លោក​ស្រី​ Hang បាន​បន្ថែម​ថា វៀតណាមក៏បានស្នើទៅប៉ូលិសថៃ និងក្រសួងការបរទេសថៃ ឱ្យផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីករណីនេះ​ និង​​ស្នើសុំ​ដាក់ពង្រាយវិធានការការពារ​ជន​ជាតិ​​វៀតណាម​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ ប៉ូលិស​ថៃ​បាន​សហការ​ជាមួយ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) របស់​សហរដ្ឋ​អាមេរិក​ ហើយ​អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាន​តាម​ដាន​ស្ថានការណ៍​យ៉ាងដិតដល់​ និង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ផ្ដល់​ជំនួយ​ចាំ​បាច់​។

គួរ​បញ្ជាក់​ថា​ ករណី​ដ៏​កក្រើក​ដដែល​កើត​ឡើង​ ប្រមាណ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ប៉ូលិស​ថៃ​បាន​រក​ឃើញ​សាក​សព​របស់​ស្រ្តី​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​ជា​ជន​ជាតិ​ចិន​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន​កាល​ពី​ជាង​២​សប្ដាហ៍​មុន​ក្នុង​ប្រទេស​ថៃ​។ ស្រ្តី​ជាជន​រងគ្រោះ​ដដែល​ ត្រូវ​បាន​​ជន​សង្ស័យជា​ជន​ជាតិ​ចិន​ដូច​គ្នា​សម្លាប់​ ក្រោយ​​ជួប​គ្នា​​ក្នុង​​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​ ១ កក្កដា​ ហើយ​គេ​ជឿថា​ វា​ជា​ករណី​ចាប់​ជំរិត​​។

ករណី​ចាប់​ជំរិត​ បាន​ក្លាយ​ជា​ក្ដី​បារម្ភ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ចិន​​ក្នុង​ប្រទេស​ថៃ​។ កាលពីខែមិថុនា ប៉ូលិសថៃបាន​ជួយ​សង្រ្គោះ​ស្រ្តី​ជន​ជាតិ​ចិន​អាយុ​ ២៧ ឆ្នាំ​ ពី​ការ​ចាប់​ជំរិត​ទារ​ប្រាក់​ប្រមាណ​ ៥ លាន​យ័ន​ ក្នុង​ទីក្រុង​បាងកក​។ ​នៅ​ខែមេសា និស្សិតចិនម្នាក់ដែលកំពុងសិក្សានៅ​អូស្ត្រាលី ត្រូវបានក្រុមក្មេងទំនើប​​ដែល​ប្រព្រឹត្ត​ការ​ចាប់ជំរិត ល្បួង​ទៅ​ប្រទេសថៃដើម្បី​ចាប់​ជំរិត​ទារ​ប្រាក់​ ៨ លាន​យ័ន​ពី​ឪពុកម្ដាយ​ជន​រង​គ្រោះ​ ​ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ថៃ​ជួញ​សង្រ្គោះ​។ ​

គួរ​​បញ្ជាក់​ថា​ វា​​គ្រាន់​តែ​ជា​ករណី​ចុង​ក្រោយ​ទាំង​ប៉ុន្មាន ​ដែល​បំផុស​ការ​​ព្រួយបារម្ភ​ប៉ុណ្ណោះ​។ មុន​នោះ​ បញ្ហា​អសន្តិសុខ ធំ​ៗ​​បាន​​ញំញី​ប្រទេសថៃ​​រួច​ទៅ​ហើយ​​។ កាលពីខែតុលាឆ្នាំមុន ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សណ្ធាគារ​ Grand Hyatt Erawan  ​ដោយបានសម្លាប់មនុស្ស ៣ នាក់។ ការបាញ់ប្រហារនោះ​ បានកើតឡើងប៉ុន្មានថ្ងៃមុនខួប១ឆ្នាំ​នៃការសម្លាប់រង្គាលនៅមជ្ឈមណ្ឌល​មើល​ថែ​កូន​ក្មេង​ក្នុង​ខេត្ត​ Nong Bua Lamphu ដោយ​មនុស្ស ៣៦ នាក់​។

ហេតុការណ៍​ទាំង​អស់​នេះ​ កើត​ឡើង​ខណៈរដ្ឋាភិបាល​ថៃ​ប្រឹង​ប្រែង​យ៉ាង​សស្រាក់​សស្រាំ​ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ ដែល​ធ្លាក់​ចុះ​ដុន​ដាប​ក្នុង​អំឡុង​វិបត្តិ​កូវីដ-​១៩​។ កាល​ពី​ឆ្នាំ​ ២០២៣ ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវទេសចរ​ប្រមាណ​ ២៨ លាន​នាក់​ ដោយ​កើន​ឡើង​ ១១ លាននាក់​ ធៀប​នឹង​ឆ្នាំ​ ២០២២ ប៉ុន្តែ​នៅ​តែ​តិច​ជាង​ ៤០ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៩ ពោលគឺ​មុន​ពេល​​​វិបត្តិកូវីដ​ផ្ទុះ​ឡើង​។

កាល​ពី​ថ្ងៃ​ចន្ទ​ ពោល​គឺ​ថ្ងៃ​ដែល​ឃាតកម្ម​នៅ​សណ្ធាគារ​ Grand Hyatt Erawan រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បន្ថែម​ចំនួន​ប្រទេស និង​តំបន់​ ​រហូតដល់​ ៩៣ ​ចូល​ទៅ​ក្នុង​បញ្ជីនៃ​​ប្រទេស​ដែល​អាច​ចូល​ទៅ​ថៃ​​រយៈ​ពេល​ ៦០ ថ្ងៃ ​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ទិដ្ឋាការ​។  ​

បញ្ហា​ចុង​ក្រោយ​ ថ្វី​ត្បិត​តែ​មិន​អាច​ទម្លាក់ចំនួន​ភ្ញៀវទេសចរ​គំហុកដូច​វិបត្តិ​កូវីដ​ ប៉ុន្តែ​នៅ​តែ​ទាម​ទារ​ការ​ធានា​ការ​ផ្ដល់​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាល​ថៃ​ ជា​ពិសេស​ផ្នែក​សន្តិសុខ​ ដែល​លើស​ពី​ការ​ពោលពាក្យ​របស់​មន្រ្តី​ថៃ​។ ពេល​ចុះ​ទៅ​កន្លែង​កើត​ហេតុ ​​​​​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul ​បាន​ថ្លែង​ថា​ ករណី​ចុង​ក្រោយ​ «​មិន​ពាក់ព័ន្ធ​នឹង​ប្រជាជន​ក្នុង​ស្រុក​ ឬ​អំពើ​ហិង្សា​ណា​មួយ​ទេ​»  ដូច្នេះ​ ថៃ​នៅ​តែ​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​៕​​

 ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម