ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក RCEP មានទឹកប្រាក់ជាង២៦ពាន់លានដុល្លារ
ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទឹកប្រាក់ចំនួន ២៦,៣ ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២៤ កើនឡើងប្រមាណ៦៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។ RCEP មានសុពលភាពអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៤,៥២ពាន់លានដុល្លារទៅកាន់ប្រទេសជាសមាជិកនៃRCEP កើនឡើង ១១ភាគរយពីចំនួន ៤,០៧ពាន់លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះកម្ពុជាក៏នាំចូលទំនិញពីក្រុមប្រទេសជាសមាជិក RCEP ក្នុងទឹកប្រាក់ជាង ១០ពាន់លានដុល្លារផងដែរ កើនឡើងជិត ១៥ភាគរយពីចំនួន ៨,៨៦៩ពាន់លានដុល្លារ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ទោះបីពេលនេះការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលដែលទើបកើតមានថ្មីៗបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន … និងបញ្ហាអតិផរណា គឺបានធ្វើឱ្យកម្លាំងបញ្ជាទិញនៅលើទីផ្សារធំៗធ្លាក់ចុះផងដែរ។ លោកបន្តថា ទោះយ៉ាងណា ដោយសារកម្ពុជាជាសមាជិករបស់ RCEP ដូច្នេះកំណើននៃការនាំចេញគឺនឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត។
លោកថ្លែងថា៖«RCEP បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់កម្ពុជាថ្មីថា ស្ថិរភាពនយោបាយ និងភូមិសាស្រ្តល្អប្រសើរ, ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក, ការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ, មានទីផ្សារនាំចេញច្រើននិងមានលក្ខខណ្ឌពិសេស, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងសម្បូរបែប និងមានតំបន់សេដ្ឋកិច្ចពិសេស ជាកត្តាចម្បងៗអំណោយផលដល់ការនាំចេញរបស់កម្ពុជា។

លោកបញ្ជាក់ថា៖«តាមរយៈអ្វីដែលកម្ពុជាកំពុងមាន ខ្ញុំមានសុទិដ្ឋិនិយមថាពាណិជ្ជកម្មអន្តរជាតិ ពិសេសការនាំចេញរបស់កម្ពុជាទៅគ្រប់គោលដៅទូទាំងពិភពលោកនឹងមានកំណើនខ្ពស់បន្ថែមទៀតចាប់ពីឆ្នាំ២០២៤នេះ»។
សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ព្រមទាំងមានផលិតផលក្នុងស្រុកប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា