សេដ្ឋកិច្ច
វី គីរីរម្យ តំបន់អេកូទេសចរណ៍ គ្រោងបង្កើត Mini Mart ដើម្បីសម្រួលដល់ភ្ញៀវទេសចរ
វី គីរីរម្យ (vKirirom Pine Resort) ដែលជាតំបន់អេកូទេសចរណ៍ លាតសន្ធឹងលើផ្ទៃដីជាង ២០០ ហិកតា ស្ថិតនៅឧទ្យានជាតិគីរីរម្យ ក្នុងទឹកដីខេត្តកំពង់ស្ពឺ គ្រោងនឹងបង្កើតមីនីម៉ាត(Mini Mart) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទិញទំនិញ ជាពិសេសរួមចំណែកដល់បរិស្ថានក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក។


ជារឿយៗ នៅមាត់ច្រកចូលរមណីយដ្ឋាន វី គីរីរម្យ មានការលក់ដូរជាហូរហែ និងប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ខ្ចប់ចំណីអាហារជាច្រើនយកទៅកំពូលភ្នំនេះ ដោយបន្សល់ទុកនូវសំរាមជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីកាត់បន្ថយបរិមាណសំរាម និងប្លាស្ទិក ក្រុមហ៊ុនគ្រោងនឹងបង្កើតមីនីម៉ាតមួយសម្រាប់សម្រួលដល់ភ្ញៀវទេសចរ។

លោក ឡាយ សារ៉ា ប្រធានផ្នែក ការិយាល័យជួរមុខ និងផ្នែកទំនាក់ទំនងអតិថិជននៃរមណីយដ្ឋាន វី គីរីរម្យ បានថ្លែងប្រាប់កម្ពុជាថ្មីថា តាមផែនការក្រុមហ៊ុនមានចក្ខុវិស័យពង្រីកតំបន់ទេសចរណ៍បន្តទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ជាពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត ក្រុមហ៊ុនមានផែនការនឹងបង្កើតមីនីម៉ាត សម្រាប់លក់ទំនិញក្នុងតម្លៃសមរម្យ។ លោកមានប្រសាសន៍ថា៖«ជាទូទៅក្នុងជំហានទី១ ក្នុងគម្រោងគោលដៅចង់បើកជាមីនីម៉ាត លក់ជូនសម្រាប់ភ្ញៀវដែលមកស្នាក់នៅ ឬប្រជាពលរដ្ឋរស់នៅជុំវិញនេះ អាចចូលម៉ាត ដូចផ្សារទំនើបបាន ដោយសារតំបន់នេះនៅឆ្ងាយពីទីក្រុង ដូច្នេះភ្ញៀវទេសចរណ៍គាត់អាចទិញទំនិញនៅទីនេះដោយមិនចាំបាច់ខ្ចប់ចំណីមក »។

លោកបានគូសរំលេចថា គម្រោងបង្កើតម៉ាតនេះ ក៏ដើម្បីកាត់បន្ថយការចោលសំរាម និងប្លាស្ទិក បានមួយចំនួន និងបម្រើទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ យ៉ាងណាមិញ លោកមិនទាន់បង្ហើបប្រាប់ពីកាលបរិច្ឆេទនៃការបើកម៉ាតនេះនៅឡើយទេ។
ក្រឡេកទៅមើលតាមដងផ្លូវទៅកាន់ រមណីយដ្ឋាន វី គីរីរម្យ ដោយសារឆ្ងាយពីទីប្រជុំជន វាជាទិសដៅទេសចរណ៍មួយ ដែលអ្នកនឹងបានឃើញធម្មជាតិស្រស់ស្អាត ហើយនៅពេលដែលឡើងដល់លើកំពូលភ្នំ នឹងទទួលបាននូវអារម្មណ៍ស្រស់ថ្លា ឭសំឡេងសត្វស្លាប និងសំឡេងទឹកធ្លាក់ពីចម្ងាយគួរឱ្យចង់ទៅលេងកម្សាន្ត។ បន្ថែមពីនេះ ភ្ញៀវទេសចរ ក៏អាចប្រាស្រ័យទំនាក់ទំនងសង្គម ឬបំពេញការងារពីចម្ងាយបានយ៉ាងរហ័ស ដោយសារនៅរមណីយដ្ឋាននេះបានបំពាក់នូវប្រព័ន្ធ អ៊ិនធើណិត នៅជុំវិញ។

វី គីរីរម្យ បានអភិវឌ្ឍន៍ខ្លួនយ៉ាងយ៉ាប់រហ័ស ដោយដំបូងឡើយមានមិនដល់ ១០ បន្ទប់ស្នាក់នៅផង កាលពីបើកដំណើរក្នុងអំឡុងឆ្នាំ ២០១៣។ ក្រោយទទួលបានការគាំទ្រជាបន្តបន្ទាប់ បច្ចុប្បន្ន រមណីយដ្ឋាននេះមានផ្ទះស្នាក់នៅជាច្រើនប្រភេទជាង ១០០ បន្ទប់ និងមានការបោះតង់ផ្ទាល់ដីជាង ១០០ តង់ ដែលអាចទទួលបានភ្ញៀវរហូតដល់ ៦០០ទៅ ៧០០ នាក់។ បន្ទប់ស្នាក់នៅមានច្រើនប្រភេទ ជាប្រភេទវីឡា លក្ខណៈគ្រួសារ បឹងកាឡូ តង់ប្រណិត និងប្រភេទស្នាក់នៅផ្សេងៗទៀត។

បើតាមលោក សារ៉ា ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅទីនោះជាង៨០ % ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបទេសក្នុងស្រុកប្រមាណ ២០ % ។ លោកបន្ថែមថា ទោះបីបច្ចុប្បន្ននេះ ជារដូវភ្ញៀវតិច (Low Season) ប៉ុន្តែរមណីយដ្ឋានមួយនេះនៅតែមានភ្ញៀវទៅលេងកម្សាន្តមិនដាច់ឡើយ ជាពិសេសនៅចុងសប្តាហ៍តែម្តង។
លោក សារ៉ា ជាបុគ្គលិកបម្រើការងារនៅទីនេះអស់រយៈជាង ៧ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ថា វត្តមានរមណីយដ្ឋាននេះ រួមចំណែកបង្កើនចំណូលសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយអត្រាអត់ការងារធ្វើ ជាពិសេសចូលរួមអភិរក្សបរិស្ថាន និងព្រៃឈើ។ លោកថ្លែងថា៖« ពីមុនប្រជាជនចូលព្រៃតាមរយៈការបរបាញ់សត្វ កាប់ឈើ ឬបោចវល្លិ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុននេះមកវិនិយោគ គឺបានពន្យល់ពលរដ្ឋឱ្យចៀសវាងអំពើកាប់ឈើខុសច្បាប់ ងាកមកធ្វើការជាមួយយើង អាចថែរក្សាបរិស្ថានបានច្រើន»៕
អត្ថបទ៖ ឡាយ សាមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ