ព័ត៌មានជាតិ
ក្រុមអាជីវករលក់ដូរតាមផ្សារ បង្ហាញក្ដីបារម្ភនៃការធ្លាក់ចុះប្រាក់ចំណូលប្រចាំថ្ងៃ
ក្រុមអាជីវករលក់ដូរតាមផ្សារមួយចំនួនក្នុងរាធានីភ្នំពេញ បានបង្ហាញក្ដីបារម្ភនៃការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំថ្ងៃ ស្របពេលដែលសេដ្ឋកិច្ចមានការប្រែប្រួលខ្លាំងជាងឆ្នាំមុនៗ។

អ្នកស្រី សុឃឿន អ្នកលក់បន្លែ ផ្សារទួលសង្កែតូច បានប្រាប់ កម្ពុជាថ្មី ថា រយៈពេលចុងក្រោយនេះ ស្ថានភាពនៃការលក់ដូរបន្លែរបស់ អ្នកស្រី មានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៦០ភាគរយ ដែលខុសពីបណ្ដាឆ្នាំមុនៗ។ អ្នកស្រី បន្តថា នេះក៏បណ្ដាលមកពីសេដ្ឋកិច្ចមានការធ្លាក់ចុះ ចំណែកអ្នកដើរផ្សារក៏មិនសូវមានច្រើនដូចមុន នេះបើតាមការសង្កេតមើលរបស់ អាជីវកររូបនេះ។

អ្នកស្រី សុឃឿន បន្ថែមទៀតថា សម្រាប់អ្នកលក់បន្លែ មានក្ដីសង្ឃឹមនៅពេលមានអ្នកដើរផ្សារច្រើននិងជួយទិញបន្លែ ត្រី និងសាច់ ដើម្បីឱ្យអាជីវករទាំងអស់ បានប្រាក់ចំណេញខ្លះ គ្រាន់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារទាំងមូល នៅពេលដែលស្ងាត់អ្នកទិញបែបនេះ អ្នកស្រី សុឃឿន ពិតជាមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។
មិនខុសគ្នាប៉ុន្មាន ពីអាជីវករខាងលើ អ្នកស្រី ចាន់ ទូច អ្នកលក់ស្បែកជើង នៅផ្សារបឹងកេងកង ក៏បានប្រាប់ កម្ពុជាថ្មី ដូចគ្នាដែរថា សម្រាប់ឆ្នាំ ២០២៤នេះ ការលក់ដូររបស់ អ្នកស្រី មានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនៗ ពោលគឺធ្លាក់ចុះប្រមាណជាង ៦០ភាគរយ ដែលចំនួននេះមិនខុសគ្នា ពីក្រុមអាជីវករលក់ដូរ ដទៃទៀត នោះឡើយ។

អ្នកស្រី ចាន់ ទូច បានអះអាងទៀតថា សម្រាប់ការលក់ដូរប្រចាំថ្ងៃ មានអតិថិជនច្រើន គឺមានតែថ្ងៃចុងសប្ដាហ៍ តែប៉ុណ្ណោះ ចំណែកថ្ងៃធម្មតាវិញ គឺពុំសូវសម្បូរអ្នកដើរផ្សារដូចពេលកន្លងទៅនោះឡើយ។
អ្នកស្រី បន្ថែមទៀតថា ប្រសិនបើ ស្ថានភាពនៃការលក់ដូរ នៅតែបន្តអូសបន្លាយបែបនេះទៀត អ្នកដែលពិបាកខ្លាំងនោះ គឺក្រុមអាជីវករតែម្ដង ពីព្រោះពួកគាត់ត្រូវពឹងផ្អែកលើការលក់ដូរតែមួយមុខគត់ ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ និងការសិក្សារបស់កូនៗ របស់ពួកគាត់ ដូចគ្នា។
រីឯ លោក តែម ធារី អ្នកលក់ដូងតាមរទេះ ក៏បានបង្ហាញក្ដីបារម្ភដូចក្រុមអាជីវករផ្សេងទៀត ទាក់ទងនឹងការលក់ដូរមានការធ្លាក់ចុះយ៉ាងខ្លាំង។ លោក បន្តថា ការលក់ដូងតាមរទេះ របស់លោក រយៈពេលចុងក្រោយនេះ អាចនិយាយបានថា ធ្លាក់ចុះប្រមាណ ៥០ភាគរយ។ ជាក់ស្ដែង ជាមធ្យមការលក់ដូង នាពេលកន្លងមក ក្នុងមួយថ្ងៃ អាចលក់ចេញបានចន្លោះពី ៨០ផ្លែ ទៅ ១០០ផ្លែ នឹងអាចទទួលបានប្រាក់ចំណេញជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ផងដែរ។

លោក តែម ធារី បានប្រាប់ឱ្យដឹងទៀតថា ចូលមកដល់ឆ្នាំ ២០២៤នេះ មុខរបរលក់ស៊ីរបស់លោក មានធ្លាក់ចុះប្រមាណជាង ៥០ភាគរយ ពោលគឺ «មួយថ្ងៃ លក់ដូងបានត្រឹមតែ ៤០ ទៅ ៥០ ផ្លែតែប៉ុណ្ណោះ» ដែលនេះ ជាចំនួនមួយដែលធ្វើឱ្យគ្រួសាររបស់លោក ធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំថ្ងៃ គួរឱ្យបារម្ភយ៉ាងខ្លាំង ផងដែរ។

ដូចគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ឃើញថា មួយរយៈពេលចុងក្រោយនេះ មិនថាអាជីវកម្មតូច ឬធំ នោះទេ សុទ្ធតែប្រឈមដូចគ្នា ពីព្រោះតែស្ងាត់ភ្ញៀវដែលនិយាយឱ្យសាមញ្ញថា «លក់មិនដាច់» នាំមានការបិទអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដោយទប់ទល់លែងបាន។ លោកបណ្ឌិត បន្តថា បញ្ហានេះក៏កើតឡើងពីវិបត្តិសកលលោក ពោលគឺការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ផងដែរ។

លោក បណ្ឌិត ហុង វណ្ណៈ បន្ថែមទៀតថា ដំណោះស្រាយតែមួយគត់ ដើម្បីបង្កភាពងាយស្រួលសម្រាប់អាជីវករ ពិសេសអាជីកម្មតូចធំ នោះ រដ្ឋាភិបាលគួរតែចាក់សាច់ប្រាក់ និងការទាក់ទាញវិនិយោគទុន ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យមនុស្សមានការងារធ្វើ ដោយត្រូវជំរុញវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត នោះទើបសេដ្ឋកិច្ចសង្គម ពិសេសអាជីវកម្មតូចធំ អាចដំណើរការទៅបាន។
លោក បណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ទៀតថា ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលអាណត្តិទី៧នេះ ក៏បានដាក់ចេញនូវគោលនយោបាយ ដោយជួយជំរុញវិស័យ SME ក្នុងស្រុកផងដែរ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺ សាច់ប្រាក់ដែលត្រូវចំណាយ វានូវមានបរិមាណតិចតួច នៅឡើយ។ ហេតុនេះ ទើបធ្វើឱ្យមានការរាំងស្ទះ ឬជាប់គាំង ដល់អាជីវកម្មមួយចំនួន ក្នុងប្រទេសកម្ពុជាទាំងមូល៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ