Connect with us

ព័ត៌មានជាតិ

តំណាងវិស័យឯក​ជនជំរុញធុរជនហុងកុង​វិនិយោគ​លើវិស័យសក្តានុពលធំៗ៤នៅកម្ពុជា

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC)​ អ្នកឧញ៉ា គិត ម៉េង បានលើកទឹកចិត្តដល់វិនិយោគិនហុងកុងក្នុងការចាប់យកឪកាសវិនិយោគនៅលើវិស័យដ៏មានសក្តានុពលធំៗចំនួន៤នៅកម្ពុជារួមមានវិស័យកាត់ដេរផលិតសម្លៀកបំពាក់ និងស្បែកជើង; ឱសថ; អចលនទ្រព្យ និង សំណង់; និង​ការលក់រាយ និងភោជនីយដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះធ្វើឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-ហុងកុងកាលពីថ្ងៃទី៣១ខែកក្កដា  ​ ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាពលោក​ ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋ​មន្ត្រី​ និង​ជា​អនុប្រធាន​ទី​មួយ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង លោក ចន ខេស៊ី​ឡី (John KC Lee) ប្រធានប្រតិបត្តិ​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់​ខ្ពស់ និង ធុរជន​កម្ពុជា-ហុង​កុង​ សរុប៣៥០នាក់ និង​បាន​លើកយក​មក​ពិភាក្សា ​និង​រំលេច​នូវទិដ្ឋភាព​វិនិយោគ​​កម្ពុជា​និង​សក្តានុពល​នៃ​ធុរកិច្ច​ទ្វេភាគី។

ធុរជន​ហុង​កុងនិង​កម្ពុជា ដែល​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ មក​ពី​វិស័យធនាគារបច្ចេកវិទ្យា ​ព័ត៌មាន​វិទ្យា អចលនទ្រព្យ ភស្តុភារ​ និង​ដឹកជញ្ជូន បដិសណ្ឋារកិច្ច អប់រំ ទីផ្សារភាគហ៊ុន ម្ហូបអាហារ អាកាសចរណ៍ វិនិយោគនិងសេវាកម្ម​ហិរញ្ញ​វត្ថុ ភាពយន្ត និង ថាមពល​។​

អ្នកឧញ៉ា គិត ម៉េង​​ ​ ​​ទំនាក់​ទំនង​មិត្តភាព​ដ៏​រឹងមាំ​យូរ​អង្វែង​រវាង​កម្ពុជា​និង​ចិន ដែល​ជាមូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​ហុងកុង​ ក្នុងការ​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​មាន​ស្រាប់​រួមមាន៖ គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ កិច្ច​សហប្រតិបត្តិការ​ឡាងឆាងមេគង្គ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​អាស៊ាន កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (អាសិប) និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជាចិន។

«កម្ពុជា គឺ​ជា​ទីផ្សារ​ដ៏សំខាន់​មួយ​របស់​ហុង​កុង ហើយ​ការ​វិនិយោគ​របស់ហុងកុង​នៅ​កម្ពុជា បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ ស្ថិត​ក្នុង​បរិបទ​នេះ ​​ធុរជន​ហុង​កុង​អាចធ្វើការសិក្សា​និង​ស្វែង​រក​កាលានុវត្តភាព​ដ៏​សម្បូរ​បែប​នៅ​កម្ពុជាដែលមាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង»។ នេះបើយោងតាមអ្នកឧញ៉ា។

ក្នុងជំនួបពិភាក្សាការងារ ដែលបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក John KC LEE ​ បានចាត់ទុកថា នេះជាកាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។

លោក John KC LEE ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង បានជម្រាបជូនសម្តេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ ​

ឆ្លៀតនៅក្នុងជំនួបនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានចូលរួមជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ គឺ៖ ទី១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទី២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើយោងតាមអ្នកឧញ៉ា គិត ម៉េងទំនាក់​ទំនង​ពាណិជ្ជកម្ម​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​ហុង​កុង​ ដែល​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​បន្ត​កើន​ឡើង​ជាលំដាប់​​ និង​មាន​ទំហំ​ច្រើន​ជាង ១ពាន់​លាន​ដុល្លារ​ ជារៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​រហូត​មក។

អ្នកឧកញ៉ា​ប្រធាន​ ​ជំរុញលើកទឹកចិត្ត ក្រុមហ៊ុន​ហុងកុង និងកម្ពុជា ស្វែងរកដៃគូ និងវិនិយោគបន្ថែមនៅកម្ពុជា ដែល​ជាមជ្ឈមណ្ឌលផលិតកម្មផ្តោតលើការនាំចេញជាយុទ្ធសាស្ត្រ និង​មានការប្តេជ្ញា​ខ្ពស់​ក្នុងការ​៖  ផ្ដល់បរិយាកាស​អំណោយ​ផល​ដល់​អាជីវកម្ម គោលនយោបាយ​លើក​ទឹក​ចិត្ត​វិនិយោគ គោរព​វិធាន​ច្បាប់ និង គាំទ្រការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

នៅក្នុង​ជំនួប​ធុរកិច្ច​នេះ សភាពាណិជ្ជកម្ម​កម្ពុជា និង​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​​ បាន​ចុះអនុស្សរណៈយោគ​យល់​គ្នា ក្នុង​គោលបំណង​ចូលរួម​លើក​កម្ពស់​ពាណិជ្ជកម្ម​និង​ ជំរុញ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ហុង​កុង ជា​ពិសេស​ លើ​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ។ លើសពីនោះទៅទៀត សភាពាណិជ្ជ​កម្ម​កម្ពុជា ក៏​បាន​ចុះ​អនុស្សរណៈយោគយល់​ជាមួយ សភាពាណិជ្ជកម្ម​ហុងកុង​ ដើម្បី​ជុំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ធុរកិច្ច​​រវាង​កម្ពុជា និង​ហុង​កុង ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម