Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបានសម្រេចជាគោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ នៃសំណង់ជាប់គាំង​នៅខេត្តព្រះសីហនុ មានទំហំវិនិយោគសរុបប្រមាណ ៣,៧ ពាន់លានដុល្លារ​

បានផុស

នៅ

គិតចាប់ពីខែ កុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២៤, ក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ ប៊ីលានដុល្លារអាមេរិក រួចមកហើយ ដើម្បីធ្វើឱ្យប្រសើរឡើងនៃបណ្តា គម្រោងអភិវឌ្ឍន៍ និងសំណង់អគារជាប់គាំងដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលនៃកិច្ចប្រជុំនៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដែលដឹកនាំដោយលោកហ៊ាន សាហ៊ីប រដ្ឋាលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារកាលពីថ្ងៃទី៣១ខែកក្កដាកន្លងទៅនេះ ចំនួនសំណង់អគារដែលទទួលបានការលើកទឹកចិត្តនេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង ៦៧១% បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៤ ។ គិតចាប់ពីខែ កុម្ភៈ ដល់ខែ កក្កដា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសជូនគម្រោងចំនួន ៨៥ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំនេះ។

​អង្គប្រជុំ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៤ ដែលមានទំហំវិនិយោគ ១២៩ លានដុល្លារអាមេរិក រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង, និង គម្រោងដែលមានស្រាប់​។

« ដើម្បីធានាការអនុវត្តដោយរលូន និង ដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជាយថាហេតុ, ក្រុមការងារបានតាមដានការអនុវត្តគោលការណ៍លើកទឹកចិត្ត ដែលបានផ្តល់ជូនរួច និង រាយការណ៍ជូនអង្គប្រជុំជាប្រចាំ»។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំ។

​លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៩ ខែកក្កដាបានលើកឡើងថាបន្ទាប់ពីមានការផ្សព្វផ្សាយ​ប្រកាស​ដាក់ចេញ​នូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើរសុំលើកទឹកចិត្តវិនិយោគចំនួន ៩៧គម្រោង។

​លោក អភិបាលខេត្តព្រះសីហនុ បានបន្តថាក្នុងចំណោមគម្រោងសំណើរសុំលើកទឹកចិត្តចំនួន ៩៧គម្រោង គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ ៦១គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន ៣គម្រោង គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន ៦គម្រោង គម្រោងដាក់ពាក្យសុំតែមិនបានឯកភាពមាន ៣គម្រោង។

លោក អភិបាលខេត្តព្រះសីហនុ បានបន្តទៀតថាចំពោះវិស័យទេសចរណ៍រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២លាន ៨សែននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦សែននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនិង ៦ខែដើមឆ្នាំ២០២៣ មានការកើនឡើង ហើយភ្ញៀវទេសចរមកអ៉ឺរ៉ុបមកកាន់ខេត្តព្រះសីហនុ គឺមកពីខេត្ត កំពត និងកែប សំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។

​លោកថា៖«ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរាជរដ្ឋភិបាលក៏បានទម្លាក់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន ៣៧ខ្សែ ជាយន្តការរុញច្រានខេត្តព្រះសីហនុ រៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ»។

​កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ ពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម