Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសាទរ​​​ការទទួលយកក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែកនៅខេត្តសៀមរាប និងមានផែនការអនុវត្តន៍នៅទូទាំងប្រទេស

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាកចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក​​​ និងមានផែនការក្នុងការដាក់ឱ្យអនុវត្តន៍នៅទូទាំងប្រទេសនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលយកនៃការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែកនេះធ្វើឡើងក្រោយ​មានការសម្របសម្រួលរបស់ធនាគារជាតិនៃកម្ពុជាកាលពីចុងខែកក្កដាកន្លងមកតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយក​ប្រាក់​​ដុល្លារ​អាមេរិក​ចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន។

នាព្រឹកថ្ងៃទី២ ខែសីហានេះ សម្តេចធិបតីបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថាការទទួលយកក្រដាសប្រាក់រហែកឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយច្រើន ការដាក់អនុវត្តគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។

«ហេតុដូច្នេះការដាក់អោយអនុវត្តន៍នៅខេត្តសៀមរាបនេះ ជាជំសាកល្បង (pilot) ដើម្បីធនាគារជាតិអាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ»។ នេះបើយោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត។

កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤​លោក​​ស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបើកកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួល​ចរាចរណ៍ក្រដាស​ប្រាក់​​​ដុល្លារអាមេរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។​

លោក​ស្រី ជា សិរី បានបញ្ជាក់ថា ក្នុងករណីក្រដាស​ប្រាក់​​ដុល្លារចាស់ខ្លាំងដែលគិតថា ​មិនគួរ​បន្ត​ឱ្យ​ចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជ​នៅក្នុង​ខេត្តសៀម​រាបត្រូវបញ្ជូនបន្តទៅប្ដូរ​យក​ក្រ​ដាស​ប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់​រង់​ចាំផ្ញើទៅទីស្នាក់ការកណ្ដាល​របស់ធនាគារពាណិជ្ជ​នៅរាជធានីភ្នំពេញនោះទេ។

ជាមួយគ្នានោះ លោក​ស្រី ជា សិរី ក៏បានតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប​ដាក់​ក្រដាស​ប្រាក់ដុល្លារអាមេរិកប្រភេទ ២០ ដុល្លារ និង ៥០ ដុល្លារ ជំនួសក្រដាសប្រាក់ ១០០ ដុល្លារ នៅក្នុងម៉ាស៊ីនដកប្រាក់ (ATM) ដើម្បីសម្រួលដល់ការចាយរបស់ភ្ញៀវទេសចរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម