Connect with us

ព័ត៌មានអន្ដរជាតិ

«អន្ទាក់នៃ​ប្រាក់ចំណូលមធ្យម» រារាំងវឌ្ឍនភាពរបស់ប្រទេសកំពុងអភិវឌ្ឍជាង ១០០

បានផុស

នៅ

ការសិក្សា​​​របស់​ធនាគារ​ពិភព​លោក​ ដែលចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញថា «អន្ទាក់​នៃ​ប្រាក់​ចំណូល​ មធ្យម​» បាន​រារាំងវឌ្ឍនភាពរបស់ប្រទេសកំពុងអភិវឌ្ឍចំនួន​​ ១០៨ មិន​ឱ្យ​ពួក​គេ​ងាយ​ស្រួល​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​ដែល​មាន​ក្នុង​ «របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៤៖ អន្ទាក់នៃ​ប្រាក់ចំណូលមធ្យម» បាន​និយាយ​ថា​ ប្រទេស​ទាំង​ជាង​ ១០០ រួម​មាន​ចិន​ ឥណ្ឌា​ ប្រេស៊ីល​ និង​អាហ្វ្រិកខាង​ត្បូង​ កំពុង​ប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ​ ក្នុង​ការ​ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​។

របាយការណ៍​ ដែលផ្តល់ផែនទីបង្ហាញផ្លូវ​ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចគេចផុតពី «អន្ទាក់​នៃ​ចំណូល​ប្រាក់​ចំណូល​មធ្យម​» មួយ​នេះ​ បាន​​​គូស​បញ្ជាក់​ពី​មេរៀន​ដែល​បន្សល់​ទុក​ក្នុង​រយៈ​ពេល​៥០​ឆ្នាំចុង​ក្រោយ​ ដោយ​និយាយ​ថា​ «នៅពេលដែល​​ប្រទេស​នានា​​មានទ្រព្យសម្បត្តិកាន់តែច្រើន ពួកគេ​តែង​តែជួបនឹង «អន្ទាក់» ប្រាក់​ចំណូល​នៅ​ត្រឹម​ ១០ ភាគរយ​​ នៃ​ផលិតផល​ក្នុង​ស្រុក​ (GDP) សរុបប្រចាំឆ្នាំសម្រាប់​មនុស្ស​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ ដែល​ស្មើនឹង ៨ ០០០ ដុល្លារ​ នា​ពេល​បច្ចុប្បន្ន​»។ ​ រាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ មក​ មាន​តែ​ប្រទេស​ ៣៤ ប៉ុណ្ណោះ​ ដែល​ងើ​បឡើង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ ហើយ​ជាង​ ១/៣ ក្នុង​ចំណោម​នោះ​ គឺ​ដោយសារ​តែ​គេ​ធ្វើ​សមហរណកម្ម​ចូល​សហភាព​អឺរ៉ុប​ ឬ​​រុក​រក​ឃើញ​ប្រេង​កាត​។ S​

គិត​ត្រឹម​ចុង​ឆ្នាំ​ ២០២៣ ​ប្រទេសចំនួន ១០៨ ត្រូវបានចាត់ថ្នាក់ជាប្រទេសមាន​ចំណូលមធ្យម ដែលប្រទេសនីមួយៗមាន GDP ប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ ក្នុងចន្លោះពី ១ ១៣៦ ដុល្លារ ទៅ​ ១៣ ៨៤៥ ដុល្លារ​។ ប្រទេស​ទាំង​នេះ​ មាន​ប្រជាជន​សរុប​ប្រមាណ​ ៦ ប៊ីលាន​នាក់​ ដែល​ស្មើ​នឹង​ ៧៥ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភព​លោក​ ហើយ​ ២ ក្នុង​ចំណោម​ ៣ នាក់​ក្នុង​នោះ​ រស់​នៅ​ក្នុង​ភាព​ក្រីក្រខ្លាំង​។​

របាយការណ៍​មើល​ឃើញ​ថា​ ខណៈ​ដែល​ប្រទេស​ទាំង​នេះ​ព្យាយាម​ងើប​ចេញ​ពី​អន្ទាក់​នៃ​ប្រាក់​ចំណូល​មធ្យម​ ​ពួកគេត្រូវ​ប្រឈមមុខនឹងបញ្ហាកាន់​តែ​ធ្ងន់ធ្ងរ​​ឆ្ងាយ​ជាង​មុន​ទៅ​ទៀត​ ដែល​បញ្ហា​ទាំង​នោះ​រួម​មាន​ ​ភាព​រហ័ស​នៃ​ចំនួនប្រជាជន​វ័យចំណាស់​ ​កំណើន​នៃ​គោលនយោបាយ​ការពារ​និយម​នៅ​ប្រទេស​​អភិវឌ្ឍ​ និងតម្រូវការ​បង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល។ ​

ជុំ​វិញ​បញ្ហា​នេះ​ ប្រធានសេដ្ឋវិទូរបស់​ធនាគារពិភពលោក និងជាអនុប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Indermit Gill ​បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ថា​៖ «ការប្រយុទ្ធដើម្បីវិបុលភាពសេដ្ឋកិច្ចពិភពលោក ភាគច្រើននឹងត្រូវឈ្នះ ឬចាញ់ ក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម»។ លោក​បន្ត​ថា​៖ «​ប្រទេសទាំងនេះច្រើនពេក ​​ពឹងផ្អែកលើយុទ្ធសាស្ត្រហួសសម័យ ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ ពួកគេពឹងផ្អែកលើការវិនិយោគយូរពេក ឬពួក​ងាក​ទៅរក​​ការ​បង្កើត​ថ្មី​មុនកាលកំណត់»។

ដោយ​មើល​ឃើញ​ពី​បញ្ហា​ដដែល​ លោក Gill បាន​ផ្ដល់​ជា​អនុសាសន៍​ថា​៖​ «វិធីសាស្រ្តថ្មី គឺត្រូវការជាចាំបាច់៖ ដំបូងផ្តោតលើការវិនិយោគ។ បន្ទាប់មកបន្ថែមការសង្កត់ធ្ងន់លើការបញ្ចូលបច្ចេកវិទ្យាថ្មីពីបរទេស។ ហើយជាចុងក្រោយ ប្រកាន់យកនូវយុទ្ធសាស្ត្រ៣យ៉ាង ដែលធ្វើ​ឱ្យ​មានតុល្យភាព​លើ​ការវិនិយោគ ការចាក់​បញ្ចូល​គ្នា​ និងការ​បង្កើត​ថ្មី​។ ជាមួយនឹង​កំណើន​សម្ពាធផ្សេង​ៗ​នៃ​ប្រជាសាស្រ្ត អេកូឡូស៊ី និងភូមិសាស្ត្រនយោបាយ ​វា​នឹង​មិន​ខុស​នោះ​ទេ​​»។

​អនុសាសន៍​ដែល​លោក​ Gill បាន​លើក​ឡើង​ គឺ​មាន​នៅ​ក្នុង​របាយការណ៍​អន្ទាក់​នៃ​ប្រាក់​ចំណូល​មធ្យម​ដដែល​ ពោល​គឺ​លោក​សំដៅ​លើ​យុទ្ធសាស្រ្ត​ «3i (Investment, Infusion, Innovation) ដែល​ស្នើ​ឡើង​ដើម្បី​ឱ្យ​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ អាច​ងើប​​​ក្លាយ​ជាប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​ បាន​សរសេរ​​​សង្ខេប​ថា​ អាស្រ័យលើដំណាក់កាលនៃការអភិវឌ្ឍរៀង​​ៗ​ខ្លួន​ ប្រទេសទាំងអស់ត្រូវប្រកាន់យកនូវគោលនយោបាយចម្រុះកាន់​តែ​ទំនើប​ ដែលមានលក្ខណៈជាលំដាប់លំដោយ​ និង​បន្តិច​ម្ដង​ៗ​​។

ធនាគារ​បន្ត​ថា​៖ «ប្រទេសដែលមានចំណូលទាប អាចផ្តោតតែលើគោលនយោបាយដែលបង្កើតឡើងដើម្បីបង្កើនការវិនិយោគ ពោលគឺដំណាក់កាល​ i ទី​១​។ ប៉ុន្តែនៅពេល​ពួកគេ​ក្លាយ​ជា​ប្រទេស​មនា​ចំណូលមធ្យមកម្រិតទាប ពួកគេត្រូវផ្លាស់ប្តូរទិសដៅ និងពង្រីកគោលនយោបាយចម្រុះ​ ឆ្ពោះ​ទៅដំណាក់កាល i ទី​២​»។

i ទី​២ សំដៅ​លើ​ការវិនិយោគ និងការចាក់​បញ្ចូលគ្នា​ ដែលរួមមានការទទួលយកបច្ចេកវិទ្យាពីបរទេស និង​ប្រើ​វា​នៅ​ទូទាំង​ប្រទេស​​។

​នៅ​ពេល​​ក្លាយ​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​​កម្រិតខ្ពស់ ​ពួក​គេ​គួរតែផ្លាស់ប្តូរទិសដៅម្តងទៀត ឆ្ពោះ​ទៅ​រក​ដំណាក់កាល i ទី៣ ដែល​ជា​ដំណាក់​កាល​ចុង​ក្រោយ​ ដោយ​​រួម​មាន​ ​«ការវិនិយោគ ការចាក់បញ្ចូលគ្នា​ និងការបង្កើត​ថ្មី​»។ ធនាគារ​សរសេរ​ថា​ ​​ក្នុងដំណាក់កាលនៃការបង្កើតថ្មី ប្រទេស​ទាំង​អស់​លែង​​សូវ​ខ្ចី​​គំនិតពី​ប្រទេស​បច្ចេកវិទ្យាធំ​ៗ​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ គឺ​ពួកគេ​រុល​ទៅ​មុខ​ដោយ​ខ្លួន​ឯង​។

​ប្រធាន​នៃ​របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៤ ដដែល លោក Somik V. Lall ​​ បាន​ថ្លែង​ថា​៖ «ផ្លូវខាងមុខនឹងមិនងាយស្រួលនោះទេ ប៉ុន្តែវាអាចទៅរួចសម្រាប់ប្រទេសនានា​ដើម្បី​រីកចម្រើន ​ទោះ​ក្នុងលក្ខខណ្ឌដ៏លំបាកនាពេលបច្ចុប្បន្ននេះក៏​ដោយ​»។

ជា​តឹង​តាង​ របាយការណ៍​បាន​លើក​ប្រទេស​កូរ៉េខាង​ត្បូង​ជា​ឧទាហរណ៍​ដ៏​ល្អ​ សម្រាប់​ភាព​ជោគ​ជ័យ​ក្នុង​ការ​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​ «3i» ដើម្បី​ងើប​ចេញ​ពី​អន្ទាក់​នៃ​ប្រាក់​ចំំណូល​មធ្យម​ ហើយ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​។

នៅឆ្នាំ ១៩៦០ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់​​កូរ៉េខាង​ត្បូង​ មានត្រឹមតែ ១ ២០០ ដុល្លារ​ប៉ុណ្ណេះ​។ ចំនួន​នេះ​ បាន​កើន​ឡើង​ដល់​ ៣៣ ០០០ ដុល្លារ​​ត្រឹម​ឆ្នាំ​ ២០២៣​។ ​ប្រទេស​នេះ​ បានចាប់ផ្តើមជាមួយនឹង​គោលនយោបាយចម្រុះ​សាមញ្ញៗ​ ដើម្បីបង្កើនការវិនិយោគសាធារណៈ និងលើកទឹកចិត្តការវិនិយោគឯកជន។ ក្រោយ​មក​បាន​ផ្លាស់​ប្ដូរ​ទៅ​ជាគោលនយោបាយឧស្សាហកម្ម​នៅ​ទសវត្សរ៍ឆ្នាំ ១៩៧០ ​ដោយ​លើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុក ឱ្យទទួលយកបច្ចេកវិទ្យាបរទេស និងវិធីសាស្រ្តផលិតកម្មទំនើបជាងមុន។ ​មក​ទល់​ពេល​បច្ចុប្បន្ន​​ កូរ៉េខាង​ត្បូង​ក្លាយ​ជាបណ្ដុំ​​ក្រុម​ហ៊ុន​ផ្សេង​ៗ​ ដែល​បណ្ដុះ​ការ​បង្កើត​ថ្មី​ រួម​ទាំង​បច្ចេកវិទ្យា​។

ប្រទេស​ផ្សេង​ៗ​ទៀត ដែល​​​បាន​ដើរ​តាម​ផ្លូវ​ស្រដៀង​គ្នា​នេះ រួម​មាន​ប៉ូឡូញ និង​ឈីលី។ ប្រទេសប៉ូឡូញផ្តោតលើការបង្កើនផលិតភាពជាមួយនឹងបច្ចេកវិទ្យាដែល​នាំយក​ពី​អឺរ៉ុបខាងលិច ខណៈ​ឈីលីបានលើកទឹកចិត្តដល់ការផ្ទេរបច្ចេកវិទ្យាពីបរទេស ហើយបានប្រើវាដើម្បីជំរុញការច្នៃប្រឌិតក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៩ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម