ព័ត៌មានជាតិ
កម្ពុជានឹងបង្កើតក្រុមការងារដើម្បីសម្រួលដល់ធុរជនជប៉ុនដើម្បីទាក់ទាញវិនិយោគ និងជម្រុញការនាំចេញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានណែនាំដល់បណ្តាក្រសួងឬស្ថាប័នរបស់រដ្ឋនានាបង្កើតក្រុមការងារ ដើម្បីសម្របសម្រួលដល់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro)និងក្រុមហ៊ុនជប៉ុនក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគនិងជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ខែសីហា បានអនុញ្ញាតឲ្យ លោកស្រី Mio Kawada អនុប្រធាន JETROដែលបានដឹកនាំក្រុមហ៊ុនជប៉ុនមួយចំនួនដើម្បីស្វែងរកឪកាសវិនិយោគនៅកម្ពុជា។ នៅក្នុងជំនួបនោះក៏មានការចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) និងបណ្តាក្រុមហ៊ុនក្នុងស្រុកផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពី CCC។
លោកស្រី Mio Kawada បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

លោកស្រីបានថ្លែងបញ្ជាក់ថា៖« នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន»។
សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានោះដែរ សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិភាពជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។

សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជាពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន។
បើយោតាមលោក ហ្វូគុហារ៉ា ខូជិ (FUKUHARA KOJI) ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា គិតមកដល់បច្ចុប្បន្នក្រុមហ៊ុនជប៉ុនសរុបប្រមាណ ៥០០ កំពុងធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនដែលចូលជាសមាជិកសមាគម (JBAC) មានចំនួន ២៥០ ក្រុមហ៊ុន និងក្រុមហ៊ុនផ្សេងទៀត ដែលបានធ្វើការវិនិយោគក្នុងវិស័យផលិតកម្មប្រមាណ ២៣ ភាគរយ និងផ្នែកសាងសង់ប្រមាណ ២០ ភាគរយ។

លោក ហ្វូគុហារ៉ា ខូជិ បានលើកឡើងថា៖« កម្ពុជាមានសក្ដានុពលច្រើនក្នុងការវិនិយោគ ខណៈក្រុមហ៊ុននៅក្នុងសមាគមរបស់លោកកំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសចិន វៀតណាមបូក១ និងថៃបូក១ ផងដែរ»។
លោក ហ្វូគុហារ៉ា ខូជិ ប្រាប់ថា សមាគមរបស់លោកតែងតែបង្កើតបរិយាកាស ដូចជាការពិភាក្សាជាមួយរាជរដ្ឋាភិបាលដើម្បីបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរទាក់ទាញការវិនិយោគ។
លោក ហ្វូគុហារ៉ា ខូជិ បានឱ្យដឹងទៀតថា តម្លៃអគ្គិសនីនៅកម្ពុជា អាស្រ័យទៅតាមប្រភេទនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន ប៉ុន្តែពាក់ព័ន្ធនឹងរោងចក្រផ្នែកឧស្សាហកម្ម អាចនិយាយបានថា ជាតម្លៃមួយថ្លៃសម្រាប់ពួកគាត់។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានទឹកប្រាក់ជាង ៩៥០ លានដុល្លារ កើនឡើង ១០,៥%។ការនាំចេញរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៦០០ លានដុល្លារកើនឡើង ១៥,៤%។ ចំណែកឯការនាំចូលមកវិញ មានទំហំទឹកប្រាក់ជាង ៣២១ លានដុល្លារ កើនឡើង ២ ភាគរយ។
នៅឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានជាង ១,៧៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,២ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ