Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន​រំពឹង​​ក្លាយ​ជា​សេដ្ឋកិច្ច​ធំ​ទី​៤​របស់​ពិភពលោក​នៅ​ឆ្នាំ​២០៣០

បានផុស

នៅ

អាស៊ានកំពុងស្ថិតនៅលើគន្លងវិជ្ជមាន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោកនៅឆ្នាំ ២០៣០ ពីចំណាត់ថ្នាក់ទី ៥ នាពេលបច្ចុប្បន្ន ដោយ​ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្លុក​កើនឡើង ៥១ ភាគរយដល់ ៣,៨ ទ្រីលាន​ដុល្លារ​ ក្នុងឆ្នាំ ២០២៣ ​ពី​ ២,៥ ទ្រីលាន​ ក្នុង​ឆ្នាំ​ ២០១៥​។ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​អគ្គលេខាធិការរងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) លោក Satvinder Singh កាល​ពី​ថ្ងៃ​អង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងសន្និសីទ «ចក្ខុវិស័យឆ្នាំ ២០២៤៖ យុគសម័យនៃអាស៊ាន» ដែលរៀបចំដោយក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងក្រុមហ៊ុន​ប្រឹក្សា Boston Consulting Group​ កាល​ពី​ថ្ងៃ​អង្គារ​ លោក Singh បានថ្លែង​ថា ការព្យាករពី​គោលដៅក្លាយ​ជា​សេដ្ឋកិច្ច​ធំ​ទី​៤​របស់​ពិភពលោកនេះ​ កើត​ចេញ​ពី​អត្រា​នៃ​កំណើន​ GDP ពីឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០២៣​ ដែល​​​បានជួយបង្កើនប្រាក់ចំណូលសម្រាប់​ពលរដ្ឋ​ម្នាក់ៗយ៉ាងច្រើន។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​កាសែតវៀតណាម​ Viet Nam News។

លោកបានអះអាងថា វា​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់អាស៊ាន ក្នុងការក្លាយជាតំបន់សេដ្ឋកិច្ចបើកចំហសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគសកល។ លោក​ថា​ ​អាស៊ានគឺជាតំបន់មួយ​របស់ពិភពលោក ដែលពាណិជ្ជកម្មរបស់ប្លុក​​ធំ​ស្ទើរ​នឹង​ GDP ​ហើយ​​ការ​រួម​ចំណែក​ដ៏ធំបំផុតនៃពាណិជ្ជកម្ម ​មិន​មែន​តែ​ជាមួយ​ចិន ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែជាពាណិជ្ជកម្មក្នុងតំបន់អាស៊ីទាំងមូល​ ដែលមានទំហំជិត ៨០០ ទ្រីលាន​ដុល្លារ​។ ​

​មន្រ្តី​ដដែល​ក៏បានកត់សម្គាល់ផងដែរថា ពាណិជ្ជកម្មរបស់អាស៊ានជាមួយពិភពលោកក៏មានការរីកចម្រើនផងដែរ ដែលជាលក្ខណៈពិសេសនៃសេដ្ឋកិច្ចក្នុងប្លុកអាស៊ាន មិនដូចសហភាពអឺរ៉ុប ឬតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលប្រទេសសមាជិកភាគច្រើនធ្វើពាណិជ្ជកម្មជាមួយគ្នា ​និង​មិន​មែន​ជា​មួយ​ប្រទេស​ទូទាំង​ពិភព​លោក​នោះ​ទេ​។

លោក​ Singh បាន​កត់​សម្គាល់​ថា​ អាស៊ាន​ក៏​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ក្នុង​ទំហំ​ប្រហែល​​ ២៣០ ប៊ីលាន​ដុល្លារ​ នា​ពេល​បច្ចុប្បន្ន​ ​ខណៈ​មាន​កំណើន​ក្នុង​វិស័យមួយចំនួន​ឱ្យកត់សម្គាល់រួមមាន បន្ទះ​ឈីប​ កសិកម្ម ឧបករណ៍ទិន្នន័យ ក៏ដូចជាឧស្សាហកម្មរ៉ែ និងលោហធាតុជាដើម​។

ទោះបីជាមានភាពវិជ្ជមានខាងសេដ្ឋកិច្ចក៏ដោយ លោក Singh បានសម្តែងការព្រួយបារម្ភថា កម្មករវ័យក្មេងក្នុងតំបន់រំពឹង​ថា​នឹង​ថយ​ចុះ​ ​ខណៈ​កម្មករវ័យចំណាស់​រំពឹង​ថា​នឹងកើនឡើងតិចតួច ដែលបង្កហានិភ័យនៃភាពមិនស៊ីគ្នានៃជំនាញ។ ហើយ​នៅទូទាំងប្រទេសសមាជិក ស្វ័យប្រវត្តិកម្មក៏នឹងប៉ះពាល់ដល់ប្រភេទមុខរបរផ្សេងៗផងដែរ ដែល​ទាមទារ​ការ​បណ្ដុះ​ធន​ធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ និង​ការ​បង្កើត​ថ្មី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម